(ភ្នំពេញ)៖ ដោយមានការយកចិត្តទុកដាក់ ទៅលើសុវត្ថិភាពចំណីអាហារ ពីប្រតិភូទទួលបន្ទុកអគ្គនាយកដ្ឋានកាំកុងត្រូល និងលោកប្រធានសាខាផែស្ងួតចុងទីភ្នំពេញ បានឲ្យលោក គង់ វុទ្ធី អនុប្រធានសាខាកាំកុងត្រូល ដឹកនាំមន្រ្តីកាំកុងត្រូលសហការជាមួយមន្ទីរពាណិជ្ជកម្ម គណកម្មការផ្សារ ទួលស្វាយព្រៃ១ ចុះត្រួតពិនិត្យទំនិញម្ហូបអាហារវេចខ្ចប់ស្រេច និងធ្វើតេស្តរកសារធាតុគីមី នៅក្នុងចំណីអាហារនៅក្នុងផ្សារដោយលទ្ធផល បានរកឃើញសារធាតុគីមីហាមឃាត់ បូរ៉ាក់ នៅក្នុងប្រហិតត្រីចៀន និងសាច់ត្រីម៉ត់ដែលលាយគ្រឿងហើយ បានដកហូតសរុបជាង១០គីឡូក្រាមនៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧។
ឆ្លៀតក្នុងឱកាសនោះ លោក គង់ វុទ្ធី បានធ្វើការណែនាំក្រុមអាជីវករ ដាក់តាំងលក់ផលិតផលឲ្យត្រូវតាមលក្ខណៈបច្ចេកទេស ដោយញែកចេញពីគ្នារវាងគ្រឿងប្រើប្រាស់ ដែលមានផ្ទុកសារធាតុពុល និងម្ហូបអាហារហាមការដាក់តាំង ផលិតផលភេសជ្ជះត្រូវកំដៅថ្ងៃ និងការដាក់លក់ផលិតផលហួសកាលបរិច្ឆេទជាដើម។
លោកក៏បានបញ្ជាក់បន្ថែមថា ប្រតិបត្តិការចុះពិនិត្យទំនិញនៅផ្សារទួលស្វាយព្រៃទី១នេះ លទ្ធផលបានរកឃើញសារធាតុគីមីហាមឃាត់បូរ៉ាក់ នៅក្នុងប្រហិតត្រីចៀន និងសាច់ត្រីម៉ត់ដែលលាយគ្រឿង ហើយបានដកហូតសរុបជាង១០kg និងអញ្ជើញអាជីវករៗទៅធ្វើកិច្ចសន្យាបញ្ឈប់ការលាយបន្ថែមនៅសាធាតុគីមីហាមឃាត់ ធ្វើការណែនាំអាជីវករនិងផ្អាកមិនអោយលក់រយៈពេល ចំនួន០៥ថ្ងៃរហូតដល់កែប្រែគុណភាពបានល្អឡើងវិញ។
មន្ត្រីកាំកុងត្រូលក៏បានអំពាវនាវដល់ អាជីវករ អ្នកចែកចាយ លក់ដុំ លក់រាយ អ្នកផលិត នាំចូលចែកចាយ ត្រូវតែមានប្រភពច្បាស់លាស់សិនមុននឹងទទួលលក់ ហើយបញ្ជប់ការលាយបន្ថែមនូវសារធាតុគីមីហាត់ទៅលើផលិតផលម្ហូបអាហារដែលធ្វើអោយប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។
គេសង្កេតឃើញថា ក្នុងប្រតិបត្តិការខាងលើនេះ គឺបងប្អូនប្រជាពលរដ្ឋក៏ដូចជាអាជីវករផ្សារបានសម្តែងនៅ ទឹកចិត្តរីករាយ នឹងគាំទ្រចំពោះសកម្មភាពរបស់មន្ត្រីកាំកុងត្រូល ដែលតែងតែចុះពិនិត្យទំនិញផ្សេងៗតាមបណ្តាផ្សារនឹងហាង នឹងស្តាម៉ាត នានាក្នុងរាជធានីភ្នំពេញ រកសារធាតគីមី ដើម្បីការពារសុវត្ថិភាពម្ហូបអាហារ ក៏ដូចជាការពារសុខភាពរបស់ពួកគាត់ផងដែរ៕