(កំពង់ធំ)៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ធំ និងលោក សុខ លូ អភិបាលខេត្តកំពង់ធំ និងជាអនុប្រធាន អចិន្ត្រៃយ៍ បានឯកភាពដាក់អនុសាសន៍ចំនួន១២ចំណុច បញ្ជាឲ្យអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញតាមមន្ទីរ-អង្គភាពពាក់ព័ន្ធបន្តធ្វើការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ មូលដ្ឋានឲ្យបានដិតដល់ និងមានប្រសិទ្ធភាពខ្ពស់។
អនុសាសន៍ទាំង១២ចំណុចខាងលើ ត្រូវបានថ្នាក់ដឹកនាំទាំងពីរ ដាក់ចេញក្នុងប្រជុំប្រចាំខែរបស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ធំ នៅសាលាខេត្តកំពង់ធំនាព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៧នេះ ដែលមានការចូលរួមពីលោក លោកស្រីជាសមាជិកក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ធំ សរុប១០០នាក់។
កិច្ចប្រជុំបានពិនិត្យ ពិភាក្សា និងឯកភាពគ្នាទៅលើការងារសំខាន់ៗមួយចំនួន ដែលត្រូវអនុវត្តនៅមូលដ្ឋានក្រុង-ស្រុកទាំង៨ នៃខេត្តកំពង់ធំ ឲ្យមានប្រសិទ្ធភាព ក្នុងនោះរួមមាន៖
១៖ ការងារឆ្វៀលដីនៅតំបន់៣ សម្រាប់ប្រជាពលរដ្ឋអាស្រ័យផល ដោយជំរុញការចេញសលាកបត្រព័ត៌មាន ឲ្យដល់ដៃប្រជាពលរដ្ឋតាមស្ថានភាពជាក់ស្តែងនៃតំបន់នីមួយៗ
២៖ ជំរុញការងាររៀបចំបែបបទ លិខិតស្នាម កាត់ឆ្វៀលដីពីតំបន់២ មកតំបន់១ ដោយត្រូវអនុវត្តជាជំហានៗតាមស្ថានភាពជាក់ស្តែង
៣៖ កំណត់ទំហំដីស្នើសុំរបស់ប្រជាពលរដ្ឋ ក្នុងតំបន់អភិរក្សសត្វខ្សឹប ដោយត្រូវពិនិត្យ និងដោះស្រាយជាក់ស្តែងឲ្យបានរួចរាល់នៅខែវិច្ឆិកា ឆ្នាំ២០១៧ ខាងមុខនេះ
៤៖ ជំរុញការកាត់ដីជូនប្រជាពលរដ្ឋចេញពីបញ្ជីសារពើភណ្ឌរបស់មន្ទីរ អង្គភាពមួយចំនួនក្នុងខេត្ត
៥៖ ជំរុញការសម្របសម្រួលដោះស្រាយបញ្ហាដីធ្លី ជាក់ស្តែងជូនប្រជាពលរដ្ឋនៅក្នុងតំបន់អភិរក្សប្រាសាទសំបូរព្រៃគុក
៦៖ ពង្រឹងយន្តការគ្រប់គ្រង និងដឹកនាំរបស់សហគមន៍ព្រៃឈើ និងសហគមន៍កសិកម្មឡើងវិញ
៧៖ ពង្រឹងសហគមន៍ប្រើប្រាស់ទឹក ដើម្បីធ្វើការបែងចែកទឹកឲ្យបានច្បាស់លាស់ជូនប្រជាពលរដ្ឋបង្កបង្កើនផល
៨៖ ជំរុញការរៀបចំបង្កើតសហគមន៍សិប្បកម្មកែច្នៃឈើ នៅឃុំចុងដូង ស្រុកបារាយណ៍
៩៖ ជំរុញការធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋ ពិសេសយុវជនទើបគ្រប់អាយុ
១០៖ ពង្រឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានលឿនរហ័ស និងមានតម្លាភាព
១១៖ ជំរុញពិនិត្យ និងដោះស្រាយនូវសេវាសំណូមពររបស់ប្រជាពលរដ្ឋ ដែលទាក់ទងនឹងសាលារៀន ផ្លូវលំជនបទ ប្រព័ន្ធធារាសាស្រ្តជាដើម
១២៖ ជំរុញការដោះស្រាយបញ្ហាសណ្តាប់ធ្នាប់ និងអនាម័យសាធារណៈ ពិសេសការដោះស្រាយគំនរសំរាមតាមទីផ្សារ ដែលនាំឲ្យប៉ះពាល់ដល់សុខភាពរស់នៅរបស់ប្រជាពលរដ្ឋ។
លោកប្រធាន ថោង ខុន ក៏បានណែនាំឲ្យក្រុមការងារថ្នាក់ជាតិ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បន្តយកចិត្តទុកដាក់គិតគូពិនិត្យ និងដោះស្រាយរាល់បញ្ហាប្រឈម និងសំណូមពរចាំបាច់នានា ដែលកើតមានឡើងនៅមូលដ្ឋានក្រុង-ស្រុកទាំង៨ ឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព សំដៅធ្វើឲ្យប្រជាពលរដ្ឋមូលដ្ឋានកាន់តែមានភាពកក់ក្ដៅ ជឿជាក់ និងទុកចិត្តមកលើរាជរដ្ឋាភិបាល និងរដ្ឋបាលមូលដ្ឋាន៕