(ភ្នំពេញ)៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧ បានបញ្ជូន បុគ្គលិកទីផ្សារក្រុមហ៊ុន ប្រេងឥន្ធនៈតេលាម្នាក់ មកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរករណីស៊ីដាច់ប្រាក់ក្រុមហ៊ុនចំនួន៤៦ម៉ឺនដុល្លារ។
មន្ត្រីតុលាការបានប្រាប់ភ្នាក់ងារ Fresh News នៅរសៀលថ្ងៃនេះថា ក្រោយការសាកសួរ លោកស្រី ស៊ឺ វណ្ណនី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់បុគ្គលិករូបនេះ ពីបទរំលោភលើទំនុកចិត្ត រួចបញ្ជូនសំណុំរឿងនេះទៅឲ្យចៅក្រមស៊ើបសួរចាត់ការបន្តតាមនីតិវិធី។
មន្រ្តីនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានបញ្ជាក់ថា បុគ្គលិកក្រុមហ៊ុនរូបនោះឈ្មោះ គន្ធ ប៊ុនធឿន អាយុ៣៥ឆ្នាំ ចូលបម្រើការងារឲ្យក្រុមហ៊ុនតាំងពីឆ្នាំ២០១៥ មានតួនាទីផ្នែកទីផ្សារប្រចាំក្រុមហ៊ុនប្រេងឥន្ធនៈតេលាទូទាំងប្រទេស។
ឈ្មោះ គន្ធ ប៊ុនធឿន ត្រូវបានក្រុមហ៊ុនទុកចិត្តប្រគល់តួនាទីឲ្យប្រមូលប្រាក់ថ្លៃប្រេង ទូទាំងប្រទេស។ ប៉ុន្តែរយៈពេលចុងក្រោយនេះ ក្រុមហ៊ុនបានបាត់ប្រាក់ចំណូល ទើបក្រុមហ៊ុនបានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់បញ្ជីប្រមូលប្រាក់ឃើញថា មានការបាត់ប្រាក់រហូតដល់៤៦ម៉ឺនល្លារ។ នៅពេលដឹងថា ប្រាក់ត្រូវបាត់បង់ទើបខាងក្រុមហ៊ុនឲ្យឈ្មោះ គន្ធ ប៊ុនធឿន ប្រមែប្រមូលប្រាក់ មកសងក្រុមហ៊ុនវិញ ដោយបានទុកពេលជាច្រើនថ្ងៃខែទៀតផង។
ផ្ទុយទៅវិញឈ្មោះ គន្ធ ប៊ុនធឿន មិនព្រមចូលខ្លួនដោះស្រាយជាមួយក្រុមហ៊ុនទេ បែរជាគេចវេសពីបំណុលនោះ។ ដោយសារតែមិនចូលខ្លួនដោះស្រាយជាមួយក្រុមហ៊ុននេះ ទើបក្រុមហ៊ុនប្តឹងទៅសមត្ថកិច្ចរហូតឃាត់ខ្លួន ចាត់ការតាមច្បាប់។
នៅចំពោះមុខសមត្ថកិច្ចឈ្មោះ គន្ធ ប៊ុនធឿន បានសារភាពទាំងអស់ដោយមិនលាក់លៀមទេ។ ប៉ុន្តែប្រាក់នោះខ្លួនយកទៅចំណាយជួលដីសង់ស្ថានីយ៍សម្រាប់លក់ប្រេងឥន្ធនៈតេលា៣កន្លែងគឺនៅ ខេត្តកំពង់ធំ រាជធានីភ្នំពេញ និងខេត្តតាកែវអស់ហើយ៕