Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គួរឲ្យអាណិតណាស់! មេឃុំឆែប២ ក្នុងខេត្តព្រះវិហារ ដែលទើបប្រកាសចូលកាន់តំណែងនៅប៉ុន្មានថ្ងៃមុននេះ បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅខេត្តស្ទឹងត្រែង

05-07-2017 17:21

(ព្រះវិហារ)៖ មេឃុំឆែប២ ស្រុកឆែប ខេត្តព្រះវិហារ អាណត្តិទី៤ មកពីគណបក្សប្រជាជនកម្ពុជា គឺលោក ងួន កន អាយុ៦៦ឆ្នាំ បានទទួលមរណភាពនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧នេះ ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ នៅខេត្តស្ទឹងត្រែង។

លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត បានប្រាប់ភ្នាក់ងារ Fresh News នៅរសៀលថ្ងៃនេះថា លោក ងួន កន មេឃុំឆែប២ បានជួបគ្រោះថ្នាក់ចរាចរណ៍ (ម៉ូតូបុកម៉ូតូ) នៅខេត្តស្ទឹងត្រែងព្រឹកមិញនេះ បណ្តាលឲ្យរងរបួសធ្ងន់។ ក្រោយកើតហេតុ លោកបានបញ្ជាឲ្យបញ្ជូនជនរងគ្រោះ ទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ តែអកុសលជនរងគ្រោះបានស្លាប់តាមផ្លូវ ហើយត្រូវបានដឹកមកធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋានក្នុងឃុំឆែប២។

ក្នុងនាមគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ លោកពិតជាមានការសោកស្តាយ និងចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព ព្រមទាំងបាននាំថវិកាមួយចំនួន ចូលរួមឧបត្ថម្ភដល់គ្រួសារសពផងដែរ។ សូមបញ្ជាក់ថា លោក ងួន កន ទើបប្រកាសឲ្យចូលកាន់តំណែងកាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៧ តែមិនទាន់ចូលកាន់តំណែងបានប៉ុន្មានថ្ងៃផង ក៏ជួបគ្រោះអកុសលស្លាប់តែម្តង។

សូមបញ្ជាក់ថា ឃុំឆែបពីរ ដែលស្ថិតនៅក្នុងស្រុកឆែប ខេត្តព្រះវិហារ គឺជាឃុំមួយដែលគ្រប់គ្រង ដោយគណបក្សប្រឆាំងអស់រយៈពេល ពីរអាណត្តិកន្លងមកហើយ ប៉ុន្តែនៅក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤ ជយ័ជម្នះជាប្រធានក្រុមប្រឹក្សាឃុំ បានមកលើគណបក្សប្រជាជនកម្ពុជា ជាអ្នកគ្រប់គ្រងវិញ៕