(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧នេះ បានអញ្ជើញចូលរួមជាអធិបតីក្នុង ពិធីប្រកាសសុពលភាព ចូលកាន់តំណែងរបស់សមាជិកក្រុមប្រឹក្សាឃុំស្វាយរំពារ ស្រុកបរសេដ្ឋ អាណត្តិទី៤ ជាមួយនឹងវត្តមានរបស់មន្រ្តីពាក់ព័ន្ធ និងប្រជាពលរដ្ឋសរុបចំនួន១៥០នាក់ផងដែរ។
នៅក្នុងពិធីនោះលោក វ៉ី សំណាង បានផ្តាំផ្ញើដល់ក្រុមប្រឹក្សាថ្មី ត្រូវប្រញាប់រៀបចំបទបញ្ជាផ្ទៃក្នុង របស់ក្រុមប្រឹក្សាសង្កាត់ បន្តអនុវត្តលិខិតបទដ្ឋានគតិយុត្តនានា ដែលនៅជាធរមាន និងបន្តការងារដែលនៅសេសសល់ពីអាណត្តិមុន។
ម្យ៉ាងទៀតក្រុមប្រឹក្សាឃុំថ្មីត្រូវបន្ត និងរក្សាឲ្យបាននូវវប្បធម៌សាមគ្គីភាព សម្របសម្រួល កុំបែងចែកនិន្នាការនយោបាយ បំរើពលរដ្ឋឲ្យបានប្រសើរ បង្កភាពទំនាក់ទំនងរវាងមន្ត្រីឃុំ-សង្កាត់ ឲ្យល្អប្រសើរ ធ្វើឲ្យស្ថានភាពដឹកនាំរបស់មន្ត្រីក្រោមឱវាទ ស្គាល់សុខទុក្ខពលរដ្ឋ ខិតខំលើកកម្ពស់ការចូលរួមបំពេញការងារ ជាក្រុមរបស់ក្រុមប្រឹក្សាទាំងអស់ ដោយត្រូវរៀនសូត្រពីគ្នា តាមរយៈការសួរនាំការឆ្លុះបញ្ចាំង និងការដកពិសោធន៍ទៅវិញទៅមក ទាំងសមាជិកថ្មី និងចាស់ ដោយឈរលើទស្សនមតិភាគច្រើន ស្តាប់យោបល់របស់មតិភាគតិច ហើយមតិភាគតិចត្រូវគោរពតាមការសម្រេចរបស់មតិភាគច្រើន ហើយប្រធាន និងសមាជិកក្រុមប្រឹក្សាទាំងអស់ ត្រូវរួមរួបរួមគ្នាបម្រើប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។
លោកអភិបាលខេត្តក៏បានជម្រុញឲ្យក្រុមប្រឹក្សាឃុំ ត្រូវខិតខំស្វែងយល់ និងដោះស្រាយពីតម្រូវការរបស់ប្រជាពលរដ្ឋ រួមមាន៖ ស្ពាន ផ្លូវ លូ ជាពិសេសតាមផ្សារ និងទីប្រជុំជនផ្សេងៗ ខិតខំលុបបំបាត់ល្បែងស៊ីសង និងបទល្មើសនានាដែលកើតមានក្នុងមូលដ្ឋានរបស់ខ្លួន៕