(ព្រះវិហារ)៖ អភិបាលខេត្តព្រះវិហារ លោក អ៊ុន ចាន់ដា បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងខេត្ត ចូលរួមសហការជាមួយអាជ្ញាធរ ក៏ដូចជាសមត្ថកិច្ចទប់ស្កាត់ ការបំផ្លាញធនធានធម្មជាតិឲ្យខាងតែបាន។ ដោយឡែកកងកម្លាំងសមត្ថកិច្ច ត្រូវសហការជាមួយមន្ត្រីជំនាញ ទប់ស្កាត់ការជួញដូរឈើខុសច្បាប់ ឲ្យមានប្រសិទ្ធិភាពផងដែរ។
ការថ្លែងអំពាវនាវរបស់អភិបាលខេត្តព្រះវិហារបែបនេះ ក្នុងឱកាសដែលលោកអញ្ជើញចូលរួមអបអរសារទរពិធី បុណ្យរុក្ខទិវា៩កក្កដា នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧នេះ នៅភូមិភ្នំដែក ឃុំរម្មណី ស្រុករវៀង ដោយមានការចូលរួមពីលោកឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី ព្រះសង្ឃ ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស យុវជន កាយរឹទ្ធ និងកាកបាទក្រហមកម្ពុជាផងដែរ ដោយបានយកកូនឈើប្រណិតប្រមាណ២ពាន់ដើម ទៅដាំនៅទីនោះលើផ្ទៃដី២ហិកតា។
លោក អ៊ុន ចាន់ដា បានសង្កត់ធ្ងន់ថា «កាលពីលើកមុន ការជួញដូរឈើខុសច្បាប់ គឺមានឈ្មួញធំៗ ចេញមុខធ្វើសកម្មភាពដោយមិនញញើតច្បាប់ឡើយ។ ប៉ុន្តក្រោយការអនុវត្តន៍ បទបញ្ជាលេខ01 និងបទបញ្ជាលេខ02របស់ប្រមុខរាជរដ្ឋាភិបាល សមត្ថកិច្ចបានបង្រ្កាបករណីជួញដូរឈើខុសច្បាប់នេះ បានជាបន្តបន្ទាប់ និងធ្វើការអនុវត្តន៍តាមនិតិវិធីច្បាប់ ផ្តន្ទាទោសដាក់ពន្ធនាគារ ក្រុមឈ្មួញទាំនោះថែមទៀតផង។ ប៉ុន្តែពេលនេះ ក្រុមឈ្មួញទាំងនោះ បានផ្លាស់ប្តូររូបភាពវិញ ដោយឈរនៅពីក្រោយខ្នង ប្រជាពលរដ្ឋ ផ្តល់ថវិកា សម្ភារឲ្យប្រជាពលរដ្ឋចូលកាប់បំផ្លាញធនធានធម្មជាតិ ហើយខ្លួនជាអ្នកប្រមូលលើកដាក់រថយន្ត រួចធ្វើការនាំចេញតែម្តង ដែលករណីនេះធ្វើឲ្យមានការលំបាក ក្នុងការអនុវត្តន៍ ច្បាប់របស់សមត្ថកិច្ច ក៏ដូចអជ្ញាធរផងដែរ។ យើងឃើញគាត់ដឹកឈើតាមគោយន្ត ឫតាមម៉ូតូ ពេលសមត្ថកិច្ចឃាត់ គាត់ឆ្លើយថា យកធ្វើនេះ ឫយកធ្វើនោះ តែធាតុពិតជាក់ស្តែង គាត់ដឹកយកគរទុកឲ្យឈ្មួញ សំរាប់លើកដាក់រថយន្តនាំចេញតែប៉ុណ្ណោះ។ បើយើងអនុវត្តន៍តាមច្បាប់ គាត់ថា យើងមិនយោគយល់ដល់ប្រជាពលរដ្ឋ ដូច្នេះអជ្ញាធរក៏ដូចជា សមត្ថកិច្ចបានត្រឹមអនុវត្តន៍វិធានការអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់តែប៉ុណ្ណោះ»។
ជាមួយគ្នានេះ លោកអភិបាលខេត្ត បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ សហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចដោយផ្តល់ព័ត៌មាន ប្រាប់ឈ្មោះឈ្មួញឈើខុសច្បាប់ទាំងនោះ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ក្នុងគោលបំណងថែរក្សាធនធានធម្មជាតិរបស់យើង ឲ្យនៅគង់វង់។ បន្ថែមលើសពីនេះ លោកក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ បញ្ឈប់ការកាប់ព្រៃវាទយកដីសង់សំនៅដ្ឋាន ក៏ដូចជាប្រកបរបផ្សេងៗ ដែលទាំងនេះសុទ្ធតែជាអំពើខុសច្បាប់ ហើយអាជ្ញាធរមិនលើកទឹកចិត្ត ក្នុងការប្រព្រឹត្តខុសច្បាប់របស់បងប្អូនឡើយ។
លោកថា «ផ្ទុយទៅវិញ បើបងប្អូនខ្វះខាតដីសំរាប់សង់លំនៅដ្ឋានពិតប្រាកដ ត្រូវធ្វើពាក្យស្នើសុំតាមរយៈភូមិឃុំ ស្រុក ហើយខេត្តនឹងបែងចែកដីសម្បទានសង្គមកិច្ច ជូនបងប្អូនដោយស្របច្បាប់។ ទាក់ទង និងបុណ្យរុក្ខទិវា៩កក្កដានេះ លោក អ៊ុន ចាន់ដា បានលើកឡើងថា គោលបំណងមានពីរ៖ ទី១-ការចលនាបង្កើតនូវស្មារតី ភ្ញាក់រលឹកពីប្រជាពលរដ្ឋ លោកយាយលោកតា ពូមីងបងប្អូនទាំងអស់ដែលបានចូលរួមក្នុងថ្ងៃនេះ ពិសេស គឺយុវជនទាំងអស់ បង្កើតនូវស្មារតីភ្ញាក់រលឹក ក្នុងការចូលរួមការពារបរិស្ថាន និងការពារធនធានធម្មជាតិ ហើយសំខាន់ គឺការដាំដើមឈើ ហើយការដាំនៅទីនេះ គឺដាំជានិម្មិតរូបទេ ប៉ុន្តែបានបំផុសឲ្យ យុវជនយើង អាចដាំនៅកន្លែងផ្សេងទៀតបាន តាមទីសាធារណៈដូចជា តាមសាលារៀន វត្តអារ៉ាម តាមផ្លវមាត់អូរ ព្រែកឫកន្លែងផ្សេងៗទៀត ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកទស្សនាទេសភាពស្រស់បំព្រង ដោយមានដើមឈើ។ ទី២-បង្កើតនូវសុខដុមរមនីយកម្ម រវាងមនុស្ស និងធម្មជាតិ យើងឃើញថា បរិយាកាសបច្ចុប្បន្ននេះ មានការបំរែបំរួលអាកាសធាតុ ដែលមានកត្តាជាច្រើន ក្នុងនោះក៏មានកត្តាបំផ្លាញធនធានធម្មជាតិដូចជាព្រៃឈើនេះ ដែលបានធ្វើឲ្យមានបាតុភូតទឹកជំនន់ ខ្យល់កន្ត្រាក់ ជាដើម ដូច្នេះបើយើងការពារធនធានធម្មជាតិបានយើង និងមិនជួបប្រទះនូវបាតុភូតទាំងនេះទេ ដូច្នេះយើងត្រូវចូលរួមថែរក្សាទាំងអស់គ្នា និងរួមគ្នាដាំដើមឈើឡើងវិញ។
លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តព្រះវិហារ បានឲ្យដឹងថា ការដាំដើមឈើនៅថ្ងៃនេះគឺមាន២០០០ដើម លើផ្ទៃដី២ហិកតា ដោយយើងដាំដើមឈើប្រណិតរួមមាន៖គ្រញូង បេង ធ្នង់ នាងនួន សុក្រំ ហើយនិងចែកដើមឈើហូបផ្លែ ដល់ប្រជាពលរដ្ឋយើងចំនួន៨០០ដើមផងដែរ។
លោកប្រធានមន្ទីរបានបន្តថា «ចាប់តាំងពីឆ្នាំ២០១១ រហូតមកដល់បច្ចុប្បន្ន យើងដាំដើមឈើឡើងវិញបាន៦២៣៩៤ដើម លើផ្ទៃដី២១ហិកតា និងចែកកូនឈើហូបផ្លែជូនប្រជាពលរដ្ឋបាន៥៥៦៧៩៨ដើមផងដែរ»៕