(កណ្ដាល)៖ ជនដៃដល់ដែលបានចាក់សម្លាប់យុវជនជាបុគ្គលិកហាង Internet នាក្រុងតាខ្មៅ ដែលបានធ្វើឲ្យកក្រើកពីមជ្ឈដ្ឋាននានា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ នៅរសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៧ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកណ្ដាល បញ្ជូនដល់អយ្យការអមសាលាដំបូងខេត្តកណ្ដាល ហើយ ដើម្បីចាត់ការតាមច្បាប់ ។
លោក សំម ឫទ្ធីវាសនា អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកណ្ដាល ថ្លែងថា ជនសង្ស័យត្រូវបានលោកព្រះរាជអាជ្ញារង ឯក ស៊ុនរស្មី សម្រេចចោទប្រកាន់ពីបទ «ឃាតកម្មគិតទុកជាមុន» តាមមាត្រា២០០ នៃក្រមព្រហ្មទណ្ឌ រួចបញ្ជូនទៅចៅក្រមស៊ើបសួរ ចាត់ការបន្តតាមនីតិវិធី។
បទល្មើសឃាតកម្មគិតទុកជាមុន កំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ប្រសិនបើតុលាការរកឃើញថា ជនសង្ស័យពិតជាបានប្រព្រឹត្តបទល្មើសមែន៕