(ពោធិ៍សាត់)៖ លោកស្រី ឯម ប៉ុណ្ណា សមាជិការដ្ឋសភា និងលោកស្រី ហ៊ុន ចានធី ម៉ៅ ធនិន ប្រធានកិត្តិយស ព្រមទាំងសមាជិក សមាជិកា សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តពោធិ៍សាត់ នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៧ បាននាំយកទៀនវស្សា និងទេយ្យវត្ថុ ទៅប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា៤វត្ត ដែលសុទ្ធសឹងជាវត្តអារាម នៅចុងកាត់មាត់ញកអត្តខាត់បំផុត ក្នុងក្រុងពោធិ៍សាត់ និងបូជនីយដ្ឋានឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ មួយកន្លែងទៀត នៅថ្ងៃស្អែកនេះ។
លោកស្រី ឈឹម ស៊ីណា បានឲ្យដឹងថា ឆ្នាំនេះក៏ដូចបណ្តាឆ្នាំកន្លងមក លោកស្រី ឯម ប៉ុណ្ណា និងលោកស្រី ហ៊ុន ចាន់ធី ម៉ៅ ធនិន រួមជាមួយសមាជិក សមាជិកា សាខាសមាគមនារីខេត្ត ស្រុក ក្រុង បានរៀបចំក្រុមការងារ ចុះទៅតាមបណ្តាវត្តអារាមនៅចុងកាត់មាត់ញក ដែលអត្តខាត់បំផុតមិនដែលខកខានឡើយ។
លោកស្រីបន្ថែមថា ទៀនវស្សារួមជាមួយនឹងទេយ្យវត្ថុ ដែលបានយកមកប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា តាមបណ្តាវត្តទាំង៤ និងបូជនីយដ្ឋានឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ នាពេលនេះ គឺបានមកពីការចូលរួមគាំទ្រ ពីសំណាក់លោក លោកស្រី ជាសមាជិក សមាជិកា ថ្នាក់សាខាខេត្ត អនុសាខាស្រុក ក្រុង មន្ទីរ អង្គភាព និងបងប្អូនអាជីវករ ជាពិសេសពីសំណាក់ លោកស្រី ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានកិត្តិយសសាខាផ្ទាល់តែងម្តង។
ជាមួយគ្នានោះ លោកស្រី ហ៊ុន ចាន់ធី ម៉ៅ ធនិន បានបញ្ជាក់ថា សមាគមនារី គឺជាស្ថាប័នមួយតែងតែធ្វើសកម្មភាពក្នុងកិច្ចការងារមនុស្សធម៌ ជួយដល់ពលរដ្ឋងាយរងគ្រោះ ពិសេសស្ត្រី និងកុមារី ដោយគ្មានការរើសអើងអ្វីឡើយ ដែលកន្លងមកនេះសមាគមនារី បានអនុវត្តន៍រួចមកហើយ ទាំងវិស័យអាណាចក្រ និងពុទ្ធចក្រ។ លោកស្រីបានចាត់ទុកថា ការចូលរួមជាថវិកា សម្ភារៈ ពីសំណាក់សមាជិក សមាជិកាគ្រប់ៗរូប គឺជាការកសាងនូវផលបុណ្យកុសលមួយដ៏ធំ មិនអាចកាត់ថ្លៃបាន និងចូលរួមចំណែកជួយដល់សង្គមផងដែរ ហើយស្មារតីនៃការចូលរួម ដែលកើតចេញពីមនុស្សធម៌ គុណធម៌របស់យើងទាំងអស់គ្នានៅពេលនេះ បានចូលជ្រួតជ្រាបដល់ក្រអៅបេះដូងជនងាយរងគ្រោះគ្រប់ៗរូប និងសូមឲ្យសកម្មភាពមនុស្សធម៌នេះ បាននៅស្ថិតស្ថេររហូត ដើម្បីឲ្យសកម្មភាព សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តពោធិ៍សាត់ ដំណើរការទៅដោយរលូន ដល់ថ្នាក់មូលដ្នាន ឃុំ សង្កាត់ទូទាំងខេត្ត។
គួរបញ្ជាក់ថា ក្នុងរដូវបុណ្យចូលព្រះវស្សាឆ្នាំនេះ សមាគមនារីខេត្ត បាននាំយកទៀនវស្សា និងទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃចំនួន ៤វត្តរួមមាន វត្តដំរីកូន(ថ្មបីដុំ) ក្នុងសង្កាត់រលាប, វត្តសីលាមុនីមានជ័យ(ហៅវត្តឈើទាលរូង) ក្នុងសង្កាត់រលាប, វត្តសុវណ្ណជលសា(បល្ល័ង្គ) ក្នុងសង្កាត់លលកស, វត្តសុភីមុនីរង្សី(សូភី) ក្នុងសង្កាត់រលាប និងបូជនីយដ្ឋានឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ ដោយក្នុងមួយវត្ត ប្រគេនទៀនវស្សា១គូ, អង្ករ១០០គីឡូក្រាម, មី២កេស, ទឹកសុទ្ធ៤កេស, ទឹកក្រូច១កេស, ទឹកផ្លែឈើ១កេស, ប្រេងឆា៥លីត្រ, ខ្ទឹមស២គីឡូក្រាម, សៀងផ្អែម៥គីឡូក្រាម ក្រៅពីនោះមានទឹកត្រី ទឹកស៊ីអ៊ីវ តែ ស្ករស សាប៊ូម្សៅ ទៀន ធូប និងបច្ច័យ៣០ម៉ឺនរៀល សរុបជាថវិកាជាង១លានរៀល៕