​(ភ្នំពេញ)៖ លោក អ៊ឹម វណ្ណៈ ចៅក្រមជំនុំ​ជម្រះសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៧ បានប្រកាសសាលក្រមផ្តន្ទាទោសជនជាប់ចោទឈ្មោះ ស អឿន ដាក់ពន្ធនាគារចំនួន៣ឆ្នាំ គិតពីថ្ងៃចាប់ខ្លួន តាមមាត្រា២២៤ នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធករណីសម្លាប់ប្រពន្ធរបស់ខ្លួន។

ពិរុទ្ធជនឈ្មោះ ស អឿន អាយុ​៣៨ឆ្នាំ មានមុខរបរ​រត់ម៉ូតូឌុប ​ស្នាក់នៅបន្ទប់​ជួល ​សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានតំណាងអយ្យការសម្រេចចោទប្រកាន់ពីបទ «ហិង្សាមានស្ថានទម្ងន់ទោស ដោយមរណៈភាព ​នៃ​ជនរងគ្រោះ» តាម​មាត្រា​២២៤ នៃ​ក្រមព្រហ្មទណ្ឌ។

គួររំលឹកថា កាលពីថ្ងៃទី២៣ ខែ​មិថុនា ឆ្នាំ២០១៧ ពិរុទ្ធជនរូបនេះ ត្រូវបានក្រុម​ប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការជំនុំជម្រះ​ជាប់ពាក់ព័ន្ធ​ ការប្រើអំពើហិង្សាវាយប្រពន្ធឈ្មោះ យេន ស្រីខួច អាយុ៣៥ឆ្នាំ បណ្តាលឲ្យស្លាប់ ក្នុងរឿងជំទាស់​ពាក្យសម្តីគ្នា​ កើតហេតុនៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីអំឡុង​ដើមឆ្នាំ​២០១៧៕