(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញលិខិតជាផ្លូវការមួយ ជំរុញឲ្យស្ថានទូត និងស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំនៅបរទេស ត្រូវយកចិត្តទុកដាក់ពលករខ្មែរនៅទីនោះ ពោលត្រូវខិតខំអនុវត្តន៍តាមការណែនាំរបស់ក្រសួង ដោយសហការជាមួយបណ្តាស្ថាប័នពាក់ព័ន្ធ របស់ប្រទេសជាម្ចាស់ផ្ទះ ចំពោះការស្នាក់ បញ្ហាសុខភាព និងលក្ខខណ្ឌការងាររបស់ពលករខ្មែរនៅតាមប្រទេសទាំងនោះ។ នេះបើតាមយោងតាមលិខិតរបស់អ្នកនាំពាក្យក្រសួងការបរទេស នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧នេះ។
យោងតាមលិខិតដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ បានបញ្ជាក់ថា ក្រសួងការបរទេស ក៏បានទទួលរបាយការណ៍ពីស្ថានទូត និងស្ថានអគ្គកុងស៊ុលកម្ពុជា អំពីមូលហេតុ នៃការបាត់បង់ជីវិតរបស់ពលករ និងការចាត់វិធានការណ៍នានារបស់ស្ថាប័នមានសមត្ថកិច្ចកម្ពុជា របស់ស្ថានទូត និងស្ថានអគ្គកុងស៊ុល ហើយនឹងរបស់អាជ្ញាធរនៃប្រទេសម្ចាស់ផ្ទះដូចខាងក្រោម៖
ទី១៖ អំពីមូលហេតុនៃការបាត់បង់ជីវិត៖ មូលហេតុចំបងរួមមាន៖ បញ្ហាសុខភាព, គ្រោះថ្នាក់ការងារ និងគ្រោះថ្នាក់ចរាចរណ៍។ល។ ក្នុងនោះមានកត្តាមួយចំនួនដូចជា៖ បញ្ហាសុខភាព៖ របបអាហារមិនគ្រប់គ្រាន់ និងមិនទៀងទាត់ (មិនសូវហ៊ានចំណាយលើម្ហូបអាហារ ដោយសារខំប្រឹងសន្សំប្រាក់), សំរាកមិនបានគ្រប់គ្រាន់ (ធ្វើការបន្ថែមម៉ោង), កត្តាអាកាសធាតុត្រជាក់ខ្លាំង (ករណីនៅសាធារណរដ្ឋកូរ៉េ), មានជំងឺប្រចាំកាយ និងមិនបានប្រើប្រាស់ ថ្នាំតាមការណែនាំរបស់វេជ្ជបណ្ឌិត។ល។ គ្រោះថ្នាក់ការងារ៖ ការធ្វេសប្រហែស និងការភ្លាំងភ្លាត់ ក្នុងពេលបំពេញការងារ, មិនបានគោរពត្រឹមត្រូវតាមលក្ខខ័ណ្ឌការងារ និងការធ្វេសប្រហែសរបស់រោងចក្រចំពោះសុវត្ថិភាពការងារ។ល។
ទី២៖ អំពីវិធានការណ៍សំដៅកាត់បន្ថយការបាត់បង់ជីវិតរួមមាន៖ វិធានការរបស់ស្ថាប័នមានសមត្ថកិច្ចកម្ពុជា ក្នុងការពិនិត្យសុខភាព និងការអប់រំស្តីពីការថែរក្សាសុខភាព មុនពេលពលករ ត្រូវបានបញ្ជូនទៅក្រៅប្រទេស, ការសហការរបស់ស្ថានទូត និងស្ថានអគ្គកុងស៊ុល ជាមួយអាជ្ញាធររបស់ប្រទេសម្ចាស់ផ្ទះ ក្នុងការអប់រំផ្សព្វផ្សាយ ពីសុវត្ថភាពការងារ និងសារសំខាន់នៃសុខភាព និងជំរុញការកែលំអរលក្ខខ័ណ្ឌការងារ នៅតាមទីកន្លែងបំពេញការងាររបស់ពលករ។ល។
សូមអានខ្លឹមសារលម្អិត នៅក្នុងលិខិតរបស់អ្នកនាំពាក្យក្រសួងការបរទេស ខាងក្រោមនេះ៖