(បន្ទាយមានជ័យ)៖ មន្ត្រីស្នាក់ការនគរបាលប្រឆាំងការជួញដួរមនុស្ស ក្រុងប៉ោយប៉ែត បានបញ្ជាក់ប្រាប់ភ្នាក់ងារ Fresh News នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧ ថា រយៈពេល១១ថ្ងៃមកនេះ ពលករខ្មែរប្រុសស្រីចាស់ក្មេងជិត៤០០០នាក់ហើយ ត្រូវបានសមត្ថកិច្ចថៃចាប់ខ្លួន និងបានបញ្ជូនត្រឡប់មកប្រទេសកម្ពុជាវិញ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត។
ជាមួយគ្នានេះមន្ត្រីជំនាញខាងលើ ក៏បានច្រានចោលនូវព័ត៌មានមួយចំនួនថា ពលករខ្មែរដែលថៃចាប់បញ្ជូនមកកាន់ប្រទេសកម្ពុជាវិញ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតក្នុងថ្ងៃៗ ប្រមាណ២០០០នាក់ ទៅ៣០០០នាក់។
ពេលឆ្លងដែនមកដល់ដីកំណើតរបស់ខ្លួនវិញ នាថ្ងៃនេះ ពលករម្នាក់បានរៀបរាប់ថា «ខ្ញុំពេលនេះ បានសម្រេចចិត្តមកកម្ពុជាវិញ គឺដោយតែបានថៅកែថៃ ទទួលព័ត៌មានថា រដ្ឋាភិបាលរបស់គេ បានប្រកាសមិនអនុញ្ញាតឲ្យពលករបរទេសរស់នៅខុសច្បាប់ ធ្វើការខុសច្បាប់បន្តទៀតឡើយ ប្រសិនជាសមត្ថកិច្ចថៃរកឃើញ ឬប្រទះឃើញ និងធ្វើការ ផាកពិន័យថវិកាថៅកែ រហូតជាប់ពន្ធនាគារផងដែរ។ ឃើញបែបនេះពួកខ្ញុំ សម្រេចចិត្តមកកាន់កម្ពុជាវិញ ដើម្បីធ្វើលិខិតច្បាប់ការរស់នៅ ច្បាប់ការងារ ក្នុងប្រទេសថៃ ហើយនឹងមកកាន់ប្រទេសថៃវិញធ្វើការងារបន្តទៀត នៅថ្ងៃក្រោយ»។
ពលករខ្មែរទាំងនេះ ក៏បានសំណូមពរដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ជួយគិតគូរដល់ច្បាប់ការងារ និងច្បាប់រស់នៅដោយស្របច្បាប់ ជាបន្ទាន់ផង ព្រោះតែការស្នើសុំទៅកាន់សមត្ថកិច្ចជំនាញកម្ពុជា គឺយកលុយថ្លៃណាស់ និងការផ្តល់សេវាមានការយឺតយ៉ាវផងដែរ។
លោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត បានថ្លែងថា «ក្នុងនាមយើងជាអាជ្ញាធរ បានសហការជាមួយ សប្បុរសជននានាក្នុងភូមិសាស្ត្រ គឺតែងតែគិតគូរបញ្ហាសុខទុក្ខពលករ ហើយយើងបាននាំយកអាហារបរិភោគ ទឹកសុទ្ធ ចែកជូនពួកគាត់។ អ្វីដែលពិសេសនោះ យើងបានរៀបចំជាស្រេចនៅកន្លែងជ្រកបណ្តោះអាសន្នពេលភាគីថៃបញ្ជូនមកតាមច្រកទ្វារ ក្នុងនោះយើងបានរៀបចំរថយន្ត តាក់ស៊ី រថយន្តក្រុង មិនឲ្យយកតម្លៃថ្លៃជាដាច់ខាត»។
លោកអភិបាលក្រុង ក៏បានអំពាវនាដល់ម្ចាស់រថយន្តតាក់ស៊ី រថយន្តក្រុង និងតាមមធ្យោបាយនានាមិនអនុញ្ញាយកថ្លៃ ជាដាច់ខាត បើសិនជាប្រទះឃើញ ឬតាមព័ត៌មាននានាពីករណីនេះ អាជ្ញាធរ និងសមត្ថកិច្ចជំនាញ នឹងចាត់វិធានការជាធរមាន៕