(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្តែងការអបអរសាទរ ចំពោះការបើកសម្ពោធប្រើប្រាស់ជាផ្លូវការ សារមន្ទីរសន្តិភាពសកម្មភាពកំចាត់មីន នៅកម្ពុជា នាថ្ងៃស្អែកនេះ ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៧ នៅខេត្តសៀមរាប។ សារមន្ទីរនេះមានទីតាំងស្ថិតនៅក្នុងទីបញ្ជារការស៊ីម៉ាក់ CMAC ភូមិភាគ២ ក្នុងខេត្តសៀមរាប។
នេះបើយោងតាម Facebook ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន បង្ហោះឲ្យដឹងនៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៧នេះ។
ក្រៅពីការសាទរនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មានប្រសាសន៍ឲ្យដឹងថា សារមន្ទីរសន្តិភាពសកម្មភាពមីន គឺមានដាក់តាំងពិព័រណ៍ដូចជា រថយន្តដោះមីន គ្រឿងចក្រកម្ទេចមីន អាវក្រោះ ឧបករណ៍រាវមីន និងគ្រឿងបន្លាស់នានា ដែលសរុបជាទឹកប្រាក់ប្រមាណ១២លានដុល្លារ អាមេរិក ដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុន។
ជាមួយគ្នានោះ សម្តេចតេជោ ហ៊ុន សែន បានរំលឹកឲ្យដឹងពីប្រវត្ថិប្រទេសកម្ពុជាត្រួសៗ ដែលនិយាយពីការកើតឡើង នៃសង្រ្គាមនៅក្នុងប្រទេសកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កម្ពុជាដែលបានឆ្លងកាត់សង្រ្គាម និងការផ្លាស់ប្តូរពីរបបមួយទៅមួយ គឺបានដឹង និងយល់ច្បាស់នូវលទ្ឋ ផលសង្រ្គាម។ ពិតណាស់ គឺកម្ពុជាឆ្អែតនឹងសង្រ្គាម។ ប្រសិនបើគ្មានសង្រ្គាម និងរបបប្រល័យពូជសាសន៍ គឺកម្ពុជាពិតជារីកលូតលាស់យ៉ាងខ្លាំង។
ដោយសារសង្គ្រាមជាច្រើនទសវត្សកន្លងមកនេះ គឺបានបន្សល់ទុកនូវគ្រាប់មីនជាច្រើនកប់ក្រោមដី ដែលធ្វើឲ្យប្រជាពលរដ្ឋបានស្លាប់ និងរបួសពិការ។ ទន្ទឹមនឹងនេះ គ្រាប់មីនគឺបានរារាំងដល់ការដាំ ដុះដំណាំកសិកម្មរបស់ ប្រជាពលរដ្ឋផងដែរ។
កន្លងមកគឺមាន មជ្ឈមណ្ឌលជាតិកម្ចាត់មីនកម្ពុជា Cambodian Mines Action Center -CMAC បានធ្វើការបោសសំអាតគ្រប់មីន និងគ្រាប់មិនទាន់ផ្ទុះទាំងនោះអោយអស់ ដើម្បីប្រជាពលរដ្ឋរស់នៅ និងប្រកបរបរកសិកម្មដោយគ្មានការភ័យខ្លាច។ មជ្ឈមណ្ឌលជាតិកម្ចាត់មីនកម្ពុជា មិនត្រឹមតែបោសសំអាត មីននៅកម្ពុជាទេ ប៉ុន្តែពេលនេះកំពុងជួយបោសសំអាតមីននៅប្រទេសនានា ក្រោមបេសកកម្មអង្គការសហប្រជាជាតិផងដែរ។
យោងតាម Facebook សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សារមន្ទីរសន្តិភាពសកម្មភាពកំចាត់មីននេះ មានការរៀបចំដាក់បង្ហាញអំពី ប្រវត្តិសង្គ្រាម សកម្មភាព ក្នុងសង្គ្រាម ការដោះស្រាយបញ្ហាសំណល់ជាតិផ្ទុះក្រោយសង្គ្រាម និងការអភិវឌ្ឍ ក្រោយពេលបោស សំអាតសំណល់ជាតិផ្ទុះរួច។ សារមន្ទីរនេះ គឺមានប្រយោជន៍ខ្លាំងណាស់ សម្រាប់យុវជន យុវតីជំនាន់ ដែលកើតមិនទាន់សង្រ្គាម ដើម្បីសិក្សាស្វែងយល់អំពីសង្រ្គាម និងផលប៉ះពាល់នានា ដែលបានកើតមានឡើងនៅក្នុងប្រទេសយើង។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានស្នើឲ្យប្រជាពលរដ្ឋ រួមគ្នាខិតខំថែរក្សាការពារ សន្តិភាព ឲ្យបានគង់វង្ស ដើម្បី យើងមានឱកាសកសាងប្រទេសឲ្យរីកចម្រើន។ អ្វីដែលបានកើតឡើងនៅកម្ពុជា គឺយើងមិនចង់ឲ្យកើតមានឡើងនៅក្នុងប្រទេសនានាឡើយ។ ទាំងកម្ពុជា និងប្រទេសក្នុងពិភពលោក គឺយើងត្រូវការសន្តិភាព៕