(រតនគិរី)៖ កូនឈើប្រណីតចំនួន ៣៥០០ដើម នៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៧នេះ ត្រូវបានលោក មួង ប៉យ ប្រធានក្រុមប្រឹក្សា ខេត្តរតនគិរី និង លោក ថង សាវុន អភិបាលខេត្តរតនគិរី យកចែកជូនប្រជាពលរដ្ឋដាំនៅតាមមន្ទីរស្ថាប័ន ព្រមទាំងសាលារៀន ដើម្បីបង្កើនគម្របព្រៃឈើនៅក្នុងខេត្តរតនគិរី។ ការចែកកូនឈើប្រណីតយកទៅដាំនេះ បានធ្វើឡើងក្នុងពេលដែលខេត្តរតនគិរីប្រារព្ធពិធីបុណ្យរុក្ខទិវា ៩កក្កដា ឆ្នាំ២១០៧ នៅទំនប់វារីអគ្គិសនីអូរជុំ ស្ថិតក្នុងភូមិត្រងជង ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី និងមានការចូលរួមពីសិស្សានុសិស្ស មន្ត្រីរាជការ កងកម្លាំងប្រដាប់ អាវុធទាំង ៣ប្រភេទ សរុបជាង៣០០នាក់។
លោក សយ សូណា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា រុក្ខទិវា ៩ កក្កដា ត្រូវបានប្រារព្ធធ្វើឡើងរៀងរាល់ឆ្នាំ ក្នុងគោលបំណងបំផុសគំនិតដល់ ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ព្រមទាំងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ឲ្យបានយល់កាន់តែស៊ីជម្រៅមួយកម្រិតថែមទៀត អំពីអត្ថប្រយោជន៍ នៃព្រៃឈើ ការពារព្រៃឈើ ខ្យល់ព្យុះ ព្រៃឈើរការពារការហូរច្រោះដី ព្រៃឈើរជួយបង្ករ ឲ្យមានទឹកភ្លៀង ព្រៃឈើរជួយការពារប្រភពទឹក និងព្រៃឈើរជួយទ្រទ្រង់ការពារមនុស្សសត្វ។
លោក សយ សូណា បានបញ្ជាក់ថា «ថ្ងៃនេះមន្ទីរបាននាំយក កូនឈើរបេង នាងនួន ធ្នង់ ជាង៣៥០០ដើម សម្រាប់ធ្វើការដាំលើផ្ទៃដីទំនប់ ចែកជូនមន្ទីរ អង្គភាពនានាក្នុងថ្ងៃនេះ»។
ថ្លែងទៅកាន់អ្នកចូលរួមនាឱកាសនេះ លោក ថង សាវុន អភិបាលខេត្តរតនគិរី បានឲ្យដឹងថា ទិវាពលកម្មដាំកូនឈើជាប្រពៃណីជាតិ គឺជាការអនុវត្តន៍នូវចក្ខុវិស័យរយៈពេលវែងរបស់ រាជរដ្ឋភិបាល ក្នុងកិច្ចការ ការពារធនធានធម្មជាតិ ជាពិសេសក្នុងគោលដៅគាំទ្រដល់ សកម្មភាពថែរក្សាការពារព្រៃឈើ សត្វព្រៃ និងដាំដើមឈើគ្រប់ប្រភេទឡើងវិញ ពីព្រោះថាព្រៃឈើ មានតម្លៃយ៉ាងធំធេង សម្រាប់មនុស្សជាតិ ជាសរសៃឈាមក្នុងវិស័យកសិកម្ម ទេសចរណ៍ ជាអាយុជីវិត របស់ប្រជាកសិករ និងជាប្រភពនៃកំណើរសេដ្ឋកិច្ច ដូច្នេះយើងត្រូវរួម គ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និងដាំដើមឈើឲ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង។
លោកអភិបាលខេត្ត បានបន្តថា ព្រៃឈើជាប្រភពនៃជីវិត ជាប្រភពនាំមកនូវទឹកភ្លៀង ជាជម្រកដល់ ប្រជាពលរដ្ឋនៅមូលដ្ឋាន និងសត្វព្រៃគ្រប់ប្រភេទ ផ្តល់ជាវត្ថុធាតុសម្រាប់ជាឱសថបុរាណ ផលិតជាប្រភេទសេវាកម្មសង្គមដ៏មានតម្លៃ ទន្ទឹមនេះ ព្រៃឈើជាប្រភពមួយដ៏សំខាន់ក្នុង ការផ្តល់ស្បៀងអាហារ ក្នុងកាលៈទេសៈ ស្រុកមានគ្រោះទុរភិក្សរាំងស្ងួត ដោយផ្តល់ជា ផ្លែឈើ និងសាច់សត្វជាដើម។
លោក បានអំពារនាវដល់ព្រះសង្ឃ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ សូមយកចិត្តទុកដាក់ដាំដើម ឈើគ្រប់ប្រភេទឲ្យបានច្រើន នៅតាមវត្តអារាម តាមភូមិដ្ឋាន តាមទីសាធារណៈ តាមប្រព័ន្ធទំនប់ប្រឡាយ តាមដងផ្លូវនានា ហើយខិតខំថែរក្សារុក្ខជាតិទាំងនេះ ឲ្យដុះលូតលាស់ឡើងជាផលប្រយោជន៍ដល់ខ្លួនឯងផ្ទាល់ ក៏ដូចជាសម្រាប់មនុស្សជាតិ លើពិភពលោកសម្រាប់ មនុស្សជំនាន់ក្រោយ៕