(ភ្នំពេញ)៖ ថ្ងៃទី០៥ ខែកក្កដា កាលពី២០ឆ្នាំមុន (៥ កក្កដា ១៩៩៧-៥ កក្កដា ២០១៧) គឺជាការព្រឹត្តិការណ៍ផ្ទុះអាវុធបង្ហូរឈាមមួយរវាងកងទ័ពស្ម័គ្រស្មោះរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីទី២ ជាមួយកងទ័ពស្ម័គ្រស្មោះរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នាយករដ្ឋមន្រ្តីទី១ ដោយមានការគាំទ្រពី កងទ័ពខ្មែរក្រហម។ មានការលើកឡើងថា ពេលនោះបើគ្មានការចាត់វិធានការរារាំង និងទប់ស្កាត់ទាន់ពេលវេលាពីសម្តេចតេជោ ហ៊ុន សែន នោះទេ ភ្លើងសង្រ្គាមអាចនឹងឆេះរោលរាលលើដែនដីកម្ពុជាជាថ្មីកាន់តែខ្លាំង។
អ្នកព័ត៌មានព្រមទាំងប្រជាពលរដ្ឋខ្មែរក្នុងរាជធានីភ្នំពេញប្រាកដជានៅចាំយ៉ាងច្បាស់អំពីព្រឹត្តិការណ៍ផ្ទុះអាវុធបង្ហូរឈាមកណ្តាលរាជធានីភ្នំពេញ។ ២០ឆ្នាំមុន អតីតកម្លាំងហ៊្វុនស៊ិនប៉ិច កម្លាំងខ្មែរក្រហម និងកម្លាំងតស៊ូពីជាយដែន ប្រមាណ ១ម៉ឺននាក់ ត្រូវបានដាក់ពង្រាយដើម្បីបិទច្រកចេញចូលរាជធានីភ្នំពេញ និងគ្រោងរារាំងការចល័តណាមួយ។ កម្លាំងទាហានប្រដាប់អាវុធរបស់ខ្មែរក្រហមជាច្រើនរយនាក់ ដែលជ្រកក្រោមស្លាកទាហានតស៊ូរបស់ហ៊្វុនស៊ិនប៉ិច ត្រូវបានដឹកចូលស្ងាត់ៗមកដល់រាជធានីភ្នំពេញ និងបានដាក់ពង្រាយច្រើនរយនាក់ផងដែរ ក្នុងរាជធានីភ្នំពេញ នៅតាមការិយាល័យនានា របស់ហ៊្វុនស៊ិនប៉ិច និងនៅអតីតព្រះរាជដំណាក់ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ និងកន្លែងអង្គភាពនានា ដែលស្ថិតនៅការពារព្រះរាជដំណាក់នាពេលនោះ។
អតីតទាហានខ្មែរក្រហម ផុន ភាព ដែលត្រូវអតីតកម្លាំងហ៊្វុនស៊ិនប៉ិច បញ្ជូនពីទល់ដែន បាននិយាយបើកកកាយរឿងរ៉ាវ និងផែនការរបស់ សម្តេចក្រុមព្រះ ប្រាប់អ្នកកាសែតក្រោយទំនាស់ផ្ទៃក្នុងបានកើតឡើងមុនពេលផ្ទុះសង្រ្គាមបង្ហូរឈាមកណ្តាលរាជធានីភ្នំពេញថ្ងៃទី៥ និង៦ កក្កដា ១៩៩៧ ថា កងកម្លាំងរបស់ពួកគេ ត្រូវបានចាត់ចែងយកមកដាក់ទីតាំងសំខាន់ៗក្នុងរាជធានីភ្នំពេញ ព្រមទាំងព្រះរាជដំណាក់ សម្តេចក្រុមព្រះផងដែរ ដើម្បីធ្វើសង្រ្គាមកណ្តាលរាជធានីភ្នំពេញ ដែលមិនផុតពីឆ្នាំ១៩៩៧នោះ។
លោក ផុន ភាព បានថ្លែងថា «កម្លាំងខ្ញុំជាកងពិសេសរបស់ ប៉ុលពត។ ខ្ញុំមកនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៩៧ មកនៅភ្នំពេញ សំណង់១២ ផ្លូវ២៥៧ ទេពផន។ ដូច្នេះក្រោយមកទិដ្ឋភាព ខ្ញុំមកនៅផ្ទះចាស់របស់ ញឹក ប៊ុនឆៃ អាផ្ទះសេនាធិការរងទី១ ដូច្នេះការផ្ទុះអាវុធមិនផុតពីចុងឆ្នាំ៩៧ ដែលគេឲ្យត្រៀម រកកម្លាំងឲ្យបាន ១ម៉ឺនជាង ដាក់កំពង់ចាម ច្រកតាមតំបន់នានា ចូលមករាជធានីភ្នំពេញ»។
អតីតទាហានខ្មែរក្រហមរូបនេះបានបន្តថា «ផ្ទះសំណាក់ដែលជួលឲ្យនៅកម្លាំងខ្ញុំនៅកន្លែងព្រះរាជដំណាក់សម្តេចក្រុមព្រះ គឺ ៤៥នាក់ និងកន្លែងគណបក្ស ១៨នាក់ នៅផ្ទះចាស់របស់ ញឹក ប៊ុនឆៃ ២៤នាក់ និងបន្ទាយតាំងក្រសាំងជាង ៥០០នាក់។ ដូច្នេះកម្លាំងយកមកបន្តបន្ទាប់ និងដឹកអាវុធខុសច្បាប់ពីរដ្ឋធម្មនុញ្ញចែង យកមកចូលទីតាំងតាំងក្រសាំង មានអាវុធទំនើបៗ ដេកា៨២ និងកាំភ្លើងអាំម៉ារ៉ាស់ រាប់រយដើម និងដេកា៧៥ ព្រមទាំងកម្លាំងថែមទៀត។ កម្លាំងនេះជាកម្លាំងរបស់ ប៉ុលពត ពិសេសៗ សម្រាប់ទិសដៅតែមួយខ្ញុំនិយាយប្រាប់អស់លោក ប៉ុលពត និងហ៊្វុនស៊ិនប៉ិច តែមួយ»។
ថ្ងៃទី២៦ ខែឧសភា ឆ្នាំ១៩៩៧ មុនពេលត្រៀមធ្វើព្រឹត្តិការណ៍បង្ហូរឈាមកណ្តាលប្រទេស សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានរត់ពន្ធអាវុធជិត ៣តោន ពីក្រៅប្រទេសចូលមកកម្ពុជា ដោយការក្លែងបន្លំឯកសារថា ជាវត្ថុបំលាស់។ អាវុធទំនើបទាំងនោះរួមមានអាវុធបាញ់រថក្រោះផងដែរ។
នៅយប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ១៩៩៧ កម្លាំងខ្មែរក្រហម ដែលបានពង្រាយនៅតាមព្រែកតាទែន ក្នុងខេត្តកណ្តាល ក៏បានផ្ទុះអាវុធ ដែលធ្វើឲ្យចរាចរណ៍លើ កំណាត់ផ្លូវជាតិលេខ៥ នៅពេលនោះបានផ្អាកមួយរយៈ។ នៅមុនព្រឹត្តិការណ៍បង្ហូរឈាមបានកើតឡើង គឺនៅខែមិថុនា ឆ្នាំ១៩៩៧ ដដែល លោកឧត្តមសេនីយ៍ សេរី កុសល ដែលជាមន្រ្តីជាន់ខ្ពស់របស់គណបក្សហ៊្វុនស៊ិនប៉ិច នាពេលនោះបានថ្លែថា លោក ញឹក ប៊ុនឆៃ បានធ្វើដំណើរយ៉ាងតាមឧទ្ធម្ភាគចក្រចំនួនពីរដង ទៅជួបជាមួយលោក ខៀវ សំផន ដើម្បីទាញយកកម្លាំងខ្មែរក្រហមពីជាយដែន ក្នុងការចូលរួមធ្វើកិច្ចសហប្រតិបត្តិការជាមួយគណបក្សហ៊្វុនស៊ិនប៉ិច ក្រោមការដឹកនាំរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ។
នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ១៩៩៧ កម្លាំងខ្មែរក្រហមប្រចាំនៅព្រះរាជដំណាក់ក្រោមបញ្ជារបស់លោក ហូរ សុខ ដែលជាមេបញ្ជាការអង្គរក្សរបស់សម្តេចក្រុមព្រះ បានសាកល្បងប្រើកម្លាំងនៅរាជធានីភ្នំពេញ ដោយធ្វើការវាយប្រហារទៅលើគេហដ្ឋានលោកឧត្តមសេនីយ៍ ហុក ឡង់ឌី ដែលកាលនោះលោកឧត្តមសេនីយ៍ ជាមេនគរបាលជាតិនៅទូទាំងប្រទេស។ មុនការវាយប្រហារនោះ សង្រ្គាមពាក្យសម្តីបង្ហាញការប៉ុន ប៉ង វាយប្រហារគ្នាបានកើតឡើង។
លោកឧត្តមសេនីយ៍ សេរី កុសល ដែលកាលនោះជាមេបញ្ជាការមួយរូបរបស់កម្លាំង ហ៊្វុនស៊ិនប៉ិច បានថ្លែងគំរាមចង់កម្ទេចផ្ទះលោកឧត្តមសេនីយ៍ ហុក ឡង់ឌី។ «ប្រសិនបើព្រះអង្គមិនទប់ព្រះទ័យរបៀបនោះ កុំថាឡើយ ក្រុម ហុក ឡង់ឌី នៅទីនេះ ជីតារបស់លោក ហុក ឡង់ឌី ក៏ទ្រាំមិនបានដែរ ព្រោះយើងខ្ញុំមានអាវុធទំនើប គ្រប់ធុននឹងកម្ទេចផ្ទះលោកឲ្យទៅជាផេះក្នុងរយៈពេលមួយប៉ព្រិចភ្នែក»។
ក្រោយការគំរាមវាយប្រហារមកលើផ្ទះរបស់លោកឧត្តមសេនីយ៍ ហុក ឡង់ឌី នៅពេលនោះ ព្រឹត្តិការណ៍ ក៏បានកើតឡើងមែន។ ប៉ុន្តែការវាយប្រហារប្រមាណ ១៥នាទីសំដៅទៅគេហដ្ឋានរបស់លោក ហុក ឡង់ឌី ដែលស្ថិតនៅលើវិថីព្រះនរោត្តម ក្បែរព្រះរាជដំណាក់នៅពេលនោះ មិនបានធ្វើឲ្យប៉ះពាល់ដល់ជីវិតលោកឧត្តមសេនីយ៍ ហុក ឡង់ឌី នោះទេ។
លោកឧត្តមសេនីយ៍ ហុក ឡង់ឌី បានថ្លែងប្រាប់អ្នកកាសែតក្រោយហេតុការណ៍វាយប្រហារនោះថា «ជាក់ស្តែងអស់លោកបានថតវត្ថុតាងឃើញហើយ មានបេការ៉ងមួយដើម និងគ្រាប់ប៉ុន្មានគ្រាប់នេះនៅពីមុខផ្ទះខ្ញុំនេះ ដែលជាភស្តុតាងស្រាប់។ ព្រោះពេលមកនេះបងប្អូនសួរមកធ្វើអី អ្នកឯងយាមនៅដំណាក់ក្រុមព្រះ ម៉េចក៏មកដល់នេះ គ្រាន់តែមានការចាប់ផ្តើមសួរ ក៏មានការបាញ់រះរបៀបគំរាមមកលើកងកម្លាំងរបស់យើងខ្ញុំ។ ប៉ុន្តែពេលបាញ់នេះ ធ្វើឲ្យកងកម្លាំងរបស់យើងខ្ញុំមិនអាចអត់ធ្មត់បានទៀតទេ ត្រូវតែបាញ់តបត។ អ៊ីចឹងការបាញ់តបត គឺមានការបាញ់ប្រទូស្តរ៉ាយគ្នាជាង ១៥នាទី។ នេះជាបញ្ហាធ្វើឲ្យមានការផ្ទះអាវុធនេះ យើងខ្ញុំសូមសន្និដ្ឋានថា ការធ្វើទាំងនេះ គឺដោយចេតនារបស់សម្តេចក្រុមព្រះ និងដៃជើងរបស់សម្តេចក្រុមព្រះ ដែលមានបំណងមកលើយើងខ្ញុំជាមេប៉ូលីសជាតិ ដែលតែងតែមានការក្តាប់អំពីព័ត៌មានចារកម្មថា គោលបំណងខាងគណបក្ស ហ៊្វុន ស៊ិនប៉ិច ដែលដឹកនាំដោយព្រះអង្គម្ចាស់ រណឫទ្ធិ នេះ គឺមានបំណងធ្វើយ៉ាងណាឲ្យមន្រ្តីរបស់គណបក្សប្រជាជន ៣នាក់ ដែលត្រូវកម្ទេច ៣នាក់ ធ្វើម៉េចឲ្យគណបក្សប្រជាជនចុះថយទី១. សម្តេច ហ៊ុន សែន ទី២. ឯកឧត្តម ស ខេង ទី៣. មុខសញ្ញាខ្ញុំ»។
លោកឧត្តមសេនីយ៍ ហុក ឡង់ឌី បានបន្តថា «អ៊ីចឹងសកម្មភាពធ្វើពីរយប់នេះ យប់ថ្ងៃទី១៦ ១៧ បង្ហាញឲ្យឃើញទិដ្ឋភាពជាក់ស្តែង ភស្តុតាងជាក់ស្តែងដែលគេហ៊ានពង្រាយកងកម្លាំងរហូត ដែលគិតពីព្រះរាជដំណាក់ក្រុមព្រះមក មកដល់ទីនេះយើងគិតមើប្រមាណជា ៤០០ ទៅ៥០០ម៉ែត្រ គឺមានចេតនាមកធ្វើផ្ទាល់ ដោយគេយល់ថា ខ្ញុំនៅផ្ទះនេះ គេអាចបាញ់បេការ៉ង់តែមួយគ្រាប់ ពីរគ្រាប់ចូល គឺអាចខ្ញុំ គ្រួសារខ្ញុំ កូនរបស់ខ្ញុំអាចគ្រោះថ្នាក់ដល់អាយុជីវិត។ នេះជាបញ្ហាចេតនា ដែលគេចង់ធ្វើ ផែនការរបស់គេធ្វើដោយចេតនាតែម្តង មិនមែនជារឿងអចេតនាទេ»។
ក្រោយព្រឹត្តិការណ៍នោះ ហេតុការណ៍បង្ហូរឈាមនៅកណ្តាលរាជធានីភ្នំពេញ បានកើតឡើងនៅថ្ងៃទី៥ និងទី៦ កក្កដា ឆ្នាំ១៩៩៧ ដោយកម្លាំងខ្មែរក្រហម និងកម្លាំងអតីតមេបញ្ជាការ ហ៊្វុនស៊ិនប៉ិច លោក ឡាយ វីរៈ ខ្លះផង គឺប្រមាណ ១ពាន់នាក់ បានផ្ទុះឡើងកណ្តាលរាជធានីភ្នំពេញ។ នៅមុនការផ្ទុះអាវុធព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ បានយាងចាកចេញទៅក្រៅប្រទេសនៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ១៩៩៧ គ្រាដែលសម្តេចតេជោ ហ៊ុន សែន ត្រូវគេរាយការណ៍ថា សម្តេចបានស្ថិតក្នុងវិសមកាលផងដែរ រវាងពីថ្ងៃទី០១ ដល់ ០៦ កក្កដា។
គ្រាប់កាំភ្លើងបានលាន់ឮកណ្តាលរាជធានីភ្នំពេញ តាំងពីល្ងាចថ្ងៃទី០៥ កក្កដា ឆ្នាំ១៩៩៧។ គណបក្ស ហ៊្វុនស៊ិនប៉ិច បានប្រើព្រះរាជដំណាក់របស់ព្រះអង្គម្ចាស់ធ្វើជាទីបញ្ជាការដ្ឋានប្រយុទ្ធ ដែលនៅទីនោះក៏មានដាក់កាំភ្លើងយន្ត កាំភ្លើងផ្លោង និងរថពាសដែកផងដែរ នៅល្ងាចថ្ងៃទី០៥ ខែកក្កដា ឆ្នាំ១៩៩៧ មានការបំផ្លោងពាក្យចចាមអារ៉ាមពីគណបក្ស ហ៊្វុនស៊ិនប៉ិច ថា សម្តេចតេជោ ហ៊ុន សែន ត្រូវគេលួចធ្វើឃាត ដែលជាការបំផ្លោងពាក្យ ដើម្បីបំបាក់ស្មារតីប្រយុទ្ធ។
សម្តេចតេជោ ហ៊ុន សែន បានប្រញាប់បង្ហាញមុខនៅតាមកញ្ចក់ទូរទស្សន៍ ដើម្បីបង្ហាញថា សម្តេចមិនមានសត្រូវណាមួយបៀតបៀនសម្តេចនោះទេ។ «ថ្ងៃនេះខ្ញុំព្រះករុណាខ្ញុំ មានការចាំបាច់ដើម្បីថ្លែងទៅកាន់សម្តេច ព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គ និងជនរួមជាតិសារជាថ្មីទៀត អំពីព្រឹត្តិការណ៍ថ្មីៗ ដែលបាននិងកំពុងវិវឌ្ឍន៍ ហើយនិងការវិវឌ្ឍន៍នាប៉ុន្មានថ្ងៃខាងមុខនេះ។ ដំបូងខ្ញុំព្រះករុណាខ្ញុំ ខ្ញុំសូមទូលប្រគេនចំពោះសម្តេច ព្រះសង្ឃគ្រប់ព្រះអង្គ និងជនរួមជាតិថា ខ្ញុំព្រះករុណាខ្ញុំមិនទាន់ស្លាប់ដូចដែលលោក ហូរ សុខ បានប្រាប់ទៅស្ថានទូតបរទេសមួយចំនួន និងទៅសារព័ត៌មានបរទេសមួយចំនួន ហើយក៏ដូចជាទីស្នាក់ការគណបក្សនិយមរណឫទ្ធិ បានស្រែកប្រាប់ទៅប្រជាពលរដ្ឋ និងកម្លាំងប្រដាប់អាវុធ ថា ហ៊ុន សែន បានស្លាប់ហើយ។ ឥឡូវនេះខ្ញុំព្រះករុណាខ្ញុំ កំពុងស្ថិតនៅទីនេះ ដើម្បីដោះស្រាយបញ្ហាមិនទាន់ស្លាប់ ហើយក៏មិនរត់ចោលស្រុកដូចដែលរណឫទ្ធិ កំពុងតែធ្វើដោយគ្មានការទទួលខុសត្រូវនោះទេ»។
ការវាយប្រហារគ្នានៅកណ្តាលរាជធានីភ្នំពេញ និងនៅតាមតំបន់មួយចំនួន ដែលមានការដាក់ពង្រាយកម្លាំងខ្មែរក្រហម និងកម្លាំងអតីតគណបក្ស ហ៊្វុនស៊ិនប៉ិច បានធ្វើឲ្យប្រជាពលរដ្ឋភិតភ័យជាខ្លាំង និងបាននាំគ្នាវេចបង្វិចរត់ចោលគេហដ្ឋាន ដែលនៅក្បែរៗនោះ។ ការប៉ះទង្គិចគ្នាជាងមួយថ្ងៃនៅកណ្តាលរាជធានីភ្នំពេញ បានធ្វើឲ្យកម្លាំង ហ៊្វុនស៊ិនប៉ិច ដែលយកខ្មែរក្រហមមកជួយប្រយុទ្ធនោះ មិនអាចតស៊ូតទល់បាននោះឡើយ ហើយបានភៀសខ្លួនចេញពីបន្ទាយតាំងក្រសាំង និងចេញពីកន្លែងដាក់ពង្រាយនានា ក្នុងរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី០៦ ខែកក្កដា ឆ្នាំ១៩៩៧។ កម្លាំងដែលធ្វើដំណើរមកតាមជាមួយលោកឧត្តមសេនីយ៍ ញឹក ប៊ុនឆៃ ពេលនោះ មានចំនួន ៥៨៣នាក់ ហើយកម្លាំងទាំងនោះ ត្រូវកម្លាំងទាហានរដ្ឋាភិបាលបានស្ទាក់វាយបំបែក តាំងពីត្រឡោកបែក ភ្នំបាសិត ខាងលិចភ្នំឧដុង្គ និងក្នុងការប៉ះទង្គិចច្រើនដង បានធ្វើឲ្យមានការស្លាប់ និងចាប់ជាឈ្លើយសឹកជាច្រើននាក់។
លោកឧត្តមសេនីយ៍ ញឹក ប៊ុនឆៃ បានរត់រួចទៅដល់ព្រំដែនភាគខាងលិច ក្រោយរត់ភៀសខ្លួនអស់រយៈពេលប្រមាណ ២៥ថ្ងៃ និង២៥យប់។ នៅតាមខេត្តភាគពាយ័ព្យ និងភាគខាងលិចប្រទេសកម្ពុជាវិញ ក្រោយព្រឹត្តិការណ៍បង្ហូរឈាម គ្រាដែលកម្លាំងរបស់លោក ញឹក ប៊ុនឆៃ រត់ភៀសខ្លួននោះ នាយទាហានដទៃទៀតរបស់ ហ៊្វុនស៊ិនប៉ិច ក៏បានរត់ចេញទៅកាន់តំបន់ព្រំដែនផងដែរ។ លោកឧត្តមសេនីយ៍ ខាន់ សាវឿន លោកឧត្តមសេនីយ៍ ឡាយ វីរៈ បានភៀសខ្លួនទៅរកអតីតកន្លែងតស៊ូចាស់តាមព្រំដែន។
លោកឧត្តមសេនីយ៍ ខាន់ សាវឿន និងលោក ឃិន យាន និងលោក ឡុង សារិន បានទាក់ទងជាមួយកម្លាំងតាម៉ុកនៅអន្លង់វែង ដើម្បីជួយសហការប្រឆាំងនឹងកម្លាំងរាជរដ្ឋាភិបាល។ កម្លាំងខ្មែរក្រហមនៅអន្លង់វែង បានបញ្ជូនទាហាន ២០០នាក់ ឲ្យទៅជួយប្រយុទ្ធ ហ៊្វុន ស៊ិន ប៉ិច នៅអូស្មាច់។ កម្លាំងប្រមូលផ្តុំរបស់ ហ៊ុន ស៊ិនប៉ិច និងសម្ព័ន្ធមិត្តខ្មែរក្រហម បានស្ថិតនៅតំបន់សំឡូត តំបន់អូស្មាច់ និងតំបន់អន្លង់វែង ក្នុងការត្រៀមវាយបកមកលើកងកម្លាំងដែលស្មោះត្រង់នឹងសម្តេចតេជោ ហ៊ុន សែន។ ប៉ុន្តែភាពវិវឌ្ឍន៍នៃស្ថានការណ៍នយោបាយក្នុងស្រុក បានតម្រូវឲ្យមានការចរចាគ្នាឡើងវិញ ភាពវិវឌ្ឍន៍នយោបាយនាពេលនោះ គឺដោយសារតែភាគីមានជម្លោះទាំងអស់ បានព្រមទទួលយកគម្រោងរបស់ប្រទេសជប៉ុន ដែលស្នើឲ្យបញ្ឈប់ការបាញ់គ្នា និងបញ្ជូនកងទ័ពឲ្យចូលក្នុងក្របខណ្ឌដើមនោះវិញ។
នៅពេលនោះក្រុមអ្នកនយោបាយ ដែលភៀសខ្លួនចេញទៅក្រៅប្រទេស បានបង្កើតចង្កោមនយោបាយមួយមានឈ្មោះថា សហភាពអ្នកប្រជាធិបតេយ្យខ្មែរ ដែលមានទីតាំងនៅទីក្រុងបាងកក ប្រទេសថៃ។ សហភាពអ្នកប្រជាធិបតេយ្យ ដែលចងជាចង្កោម រួមមានព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ នៃភាគីហ៊្វុនស៊ិនប៉ិច លោក ប៊ូ ហែល គណបក្សខ្មែរអព្យាក្រឹត លោក សម រង្ស៊ី គណបក្សជាតិខ្មែរ និងលោក សឺន សាន្ត នៃគណបក្សប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធសាសនា។
សហភាពប្រជាធិបតេយ្យខ្មែរ បានកើតឡើងនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ១៩៩៧។ ក្រោយមកភាគីនយោបាយទាំងអស់ បានយល់ព្រមចូលរួមក្នុងការបោះឆ្នោតសកលឆ្នាំ១៩៩៨ ដែលមានការធានាពីសហគមន៍អន្តរជាតិ។ នៅចុងឆ្នាំ១៩៩៨ កម្លាំងទាហានខ្មែរក្រហមនៅអន្លង់វែង បានបញ្ឈប់ការប៉ះបោរ និងយល់ព្រមទម្លាក់អាវុធចុះចុងក្រោយបង្អស់នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ១៩៩៨ ក្រោយការដាក់ចេញនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដោយសម្តេចខ្លួនឯងផ្ទាល់បានចូលខ្លួនទៅកាន់ជំរុំតស៊ូរបស់ខ្មែរក្រហមមិនខ្លាចប៉ះពាល់ដល់អាយុជីវិតនោះឡើយ។ សន្តិភាពពិតប្រាកដ ដែលគ្មានជម្លោះអាវុធផ្ទៃក្នុង គឺបានបញ្ចប់តាំងពីពេលនោះមក រហូតមកដល់ពេលបច្ចុប្បន្ននេះ៕