(ភ្នំពេញ)៖ រយៈពេល៦ខែ ឆ្នាំ២០១៧នេះ ចំណូលប្រមូលបានពីសេវាសាធារណៈ លើវិស័យភាពយន្តមានចំនួន ជាង២៥០លានរៀល ដែលចំនួននេះមានការកើនឡើង ៥០ភាគរយ ប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៦។
ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងអំឡុងចូលរួមសិក្ខាសាលាស្តីពី ការពង្រឹងសមត្ថភាព មន្ត្រីផ្ដល់សេវាសាធារណៈរបស់នាយកដ្ឋាន សិល្បភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧នេះ លោក ប៉ុក បូរក្ស អនុប្រធាននាយកដ្ឋានសិល្បភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ បានលើក ឡើងថា ក្នុងចំណោមភាពយន្ត អន្តរជាតិ ទាំង ៣០ចំណងជើងនោះមានតែ ៣ចំណងជើងប៉ុណ្ណោះ ដែលថតជាភាពយន្តខ្នាតវែង ហើយក្រៅពីនោះ គឺជាឯកសារ ឬកម្មវិធីទូរទស្សន៍ ឬបទយកការណ៍ផ្សេងៗ។
ក្នុងរយៈពេល ៦ខែ ដើមឆ្នាំ២០១៧នេះ មានផលិតកម្មអន្តរជាតិ មកសុំច្បាប់នៅនាយកដ្ឋាន សិល្បភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ ដើម្បីថតភាពយន្តខ្នាតវែង និងឈុតខ្លីៗ នៅក្នុងប្រទេសកម្ពុជា មានចំនួន ជាង៣០ចំណងជើង ខណៈដែលផលិតកម្មក្នុងស្រុកវិញ មានត្រឹមតែ ២០រឿងប៉ុណ្ណោះ។
ដោយឡែកផលិតកម្មក្នុងស្រុកវិញ លោកបានឲ្យដឹងថា «រហូតមកដល់ពេលនេះ មានចំនួន២០រឿង ដែលបានសុំការអនុញ្ញាត និងការផ្ដល់ទិដ្ឋាការ (ថតរឿង) ហើយចំនួននេះគឺប្រហាក់ប្រហែល ៦ខែ ដើមឆ្នាំមុន២០១៦»។
លោក ប៉ុក បូរក្ស បានបញ្ជាក់ថា រហូតមកដល់ពេលនេះ មានផលិតកម្មក្នុងស្រុកចំនួនជាង ៥០បានចុះបញ្ជី ត្រឹមត្រូវនៅក្នុងនាយកដ្ឋាន សិល្បភាពយន្ត ហើយក្នុងចំណោមនេះ មានតែប្រហែលជាង ២០ផលិតកម្ម កំពុងដំណើរការថតភាពយន្ត៕