(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧នេះ សាលាខណ្ឌឫស្សីកែវ បានរៀបចំបើកវេទិកាផ្សព្វផ្សាយមួយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី២ ដែលបានប្រព្រឹត្តទៅនៅក្នុងសណ្ឋាគារម៉ូដែន៥ ស្ថិតក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ដោយមានការអញ្ជើញចូលរួមជាអធិបតីពីលោក វ៉ាន់ សាលី ប្រធានក្រុមប្រឹក្សាខណ្ឌ លោក ជា ពិសី អភិបាលខណ្ឌ លោក លីន ញ៉ាក់ អភិបាលរងខណ្ឌ លោក ស៊ូ សោគន្ធ អភិបាលរងខណ្ឌ រួមនិងមន្ត្រីក្រុមប្រឹក្សាខណ្ឌ អធិការរងខណ្ឌ មេបញ្ជាការរងអាវុធហត្ថខណ្ឌ មេប៉ុស្ដិ៍ ចៅសង្កាត់ ចៅសង្កាត់រង មន្ត្រីក្រុមប្រឹក្សាសង្កាត់ មេភូមិ អនុភូមិ រួមជាមួយវត្តមានប្រជាពលរដ្ឋ ដែលមកពីតាមបណ្ដារភូមិនានា ក្នុងសង្កាត់ទាំង៧ នៃខណ្ឌឫស្សីកែវ ប្រមាណជា៥៥៩នាក់ផងដែរ។
ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខណ្ឌឫស្សីកែវ អាណត្តិទី២ ខាងលើនេះដែរ អភិបាលខណ្ឌឫស្សីកែវ លោក ជា ពិសី បានថ្លែងថា សម្រាប់ក្រុមប្រឹក្សាខណ្ឌឫស្សីកែវ អាណត្តិទី២នេះ បានរៀបចំចងក្រងសៀវភៅកម្មវិធីវិនិយោគ៣ឆ្នាំរំកិលរបស់ខ្លួន ស្របទៅតាមសៀវភៅផែនការអភិវឌ្ឍន៍រយះពេល៥ឆ្នាំ «២០១៥-២០១៩» និងស្របទៅតាមក្របខណ្ឌអភិវឌ្ឍន៍ខណ្ឌ ដោយក្នុងឆ្នាំ២០១៦កន្លងទៅ ក្រុមប្រឹក្សាខណ្ឌអាណត្តិទី២ មានក្រុមការងារកសាងផែនការ និងគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសជាសេនាធិការ បានរៀបចំសៀវភៅកម្មវិធីវិនិយោគ៣ឆ្នាំរំកិល «២០១៦-២០១៨» ទៅតាមលក្ខណៈបច្ចេកទេស នៃសេចក្ដីណែនាំនីតិវិធីរបស់ថ្នាក់ជាតិ ស្របតាមប្រកាសអន្តរក្រសួងលេខ២៤១៧.ប្រកចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១០ និងដោយមានការចូលរួមផ្ទាល់ ពីការិយាល័យជុំនាញនានាជុំវិញខណ្ឌ និងការិយាល័យ ចំណុះរចនាសម្ព័ន្ធសាលាខណ្ឌ ក្រុមប្រឹក្សាសង្កាត់ អង្គការសង្គមស៉ីវិល វិស័យឯកជន ប្រជាពលរដ្ឋ ក្រុមតំណាងអ្នកទទួលផល ពិសេសស្ត្រីនិងកុម៉ារ ជាជនងាយរងគ្រោះ និងអ្នកពាក់ព័ន្ធនានា នៅក្នុងខណ្ឌ បានដំណើរការក្នុងកិច្ចសហការល្អពីគ្រប់ភាគីពាក់ព័ន្ធ បានធ្វើឲ្យការកសាងកម្មវិធីវិនិយោគ៣ឆ្នាំរំកិលទទួលបានជោគជ័យ។
បន្ថែមពីនេះ លោក វ៉ាន់ សាលី ប្រធានក្រុមប្រឹក្សាខណ្ឌ បានថ្លែងថា ចំពោះសមទ្ធិផលការងាររដ្ឋបាលខណ្ឌសម្រេចបាន លើវិស័យការពារសន្តិសុខ របៀបរៀបរយសាធារណៈ ការងារអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន ការងារបរិស្ថាន និងការងារហិរញ្ញវត្ថុ ឃើញថាមានភាពល្អប្រសើរ និងដំណើរការភារកិច្ចថ្មី ដែលក្រុមប្រឹក្សាខណ្ឌ បានអនុវត្ត និងសង្ឃឹមជឿជាក់យ៉ាងមុតមាំថា ឆ្លងកាត់វេទិកាខាងលើនេះ និងទទួលបានបទពិសោធន៍ការងារថ្មី ដែលចាំបាច់ត្រូវយកចិត្តទុកដាក់រៀនសូត្រ និងដោះស្រាយបន្តទៀត។
ជាមួយគ្នានោះ ប្រជាពលរដ្ឋ ដែលមកពីតាមបណ្ដារភូមិនានារួមមាន៖ភូមិសាមគ្គី ភូមិបឹងរាំ ភូមិទួលពពែ ភូមិខ១ ភូមិបឹងសាឡាង ភូមិឡកំបោរ ភូមិឃ្លាំងសាំង ក្នុងសង្កាត់ទាំង៧ នៃខណ្ឌឫស្សីកែវ ក៍បានលើកឡើងជាសំណួរ ក៍ដូចជាបញ្ហាប្រឈមនានាមួយចំនួនដូចជា៖បញ្ហាគ្រឿងញៀន បញ្ហាក្មេងទំនើង បញ្ហាចោរកម្មទាក់ឆ្កែនៅពេលរាត្រី បញ្ហាល្បែងហ្គេមបាញ់ត្រី បញ្ហាសាងសង់រំលោភបំពាន់លើដីផ្លូវសាធារណៈ បញ្ហាបរិស្ថាន បញ្ហាបង្គោលភ្លើងចាស់ជរា បញ្ហាសៀវភៅស្នាក់នៅ បញ្ហាសៀវភៅគ្រួសារ និងបញ្ហាអត្តសញ្ញាណប័ណ្ណជាដើម ដើម្បីស្នើរឲ្យអាជ្ញាធរមានវិធានការដោះស្រាយជូនផងដែរ។
ជាមួយគ្នានោះទៀត អភិបាលរងខណ្ឌ លោក លីន ញ៉ក់ បានធ្វើការឆ្លើយតបភ្លាមៗ និងលើកឡើងថា ចំពោះតម្រូវការនានាដែលប្រជាពលរដ្ឋបានលើកឡើង ហើយចាត់ទុកថា ជាបញ្ហាប្រឈមខាងលើនេះ លោកសូមទទួលយក និងជម្រុញឲ្យមន្ត្រីជុំនាញពាក់ព័ន្ធទាំងអស់ ធ្វើយ៉ាងណា ត្រូវពន្លឿនជាបន្ទាន់ ដើម្បីចាត់វិធានការ ក្នុងការដោះស្រាយជូនប្រជាពលរដ្ឋ។
លោក លីន ញ៉ក់ បានឆ្លើយតបទៀតថា ចំពោះបញ្ហាប្រឈមដែលជាអទិភាពមានចំនួន៣ចំណុចសំខាន់ៗ ទី១-បញ្ហាការកកស្ទះប្រព័ន្ធលូ ដោយរងសំពាធពីជំនន់ទឹកភ្លៀង ទី២-បញ្ហាការកកស្ទះមកពីកាកសំណល់សម្រាម ទី៣-ការកកស្ទះចរាចរ ដែលអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បាននិងកំពុងតែមានវិធានបន្តដោះស្រាយនាពេលបច្ចុប្បន្ននេះ៕