(ស្វាយរៀង)៖ សាខាកាំកុងត្រូលខេត្តស្វាយរៀង សហការជាមួយអាជ្ញាធរដែនដី និងគណៈគ្រប់គ្រងសាលា នៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៧នេះ បន្តយុទ្ធនាការ ចុះអប់រំផ្សព្វផ្សាយ ស្តីពីសុវត្ថិភាពម្ហូបអាហារ ជូនសិស្សនៅសាលាបឋមសិក្សា និងអនុវិទ្យាល័យបាទី ស្ថិតក្នុងក្រុងបាវិត សរុបជាង១០០នាក់។
មន្ដ្រីកាំកុងត្រូលបានឲ្យដឹងថា ការផ្សព្វផ្សាយនូវចំណេះដឹងជាមូលដ្ឋានអំពី «សុវត្ថិភាពម្ហូបអាហារ» នៅពេលនេះមានសារសំខាន់ណាស់ក្នុងសង្គម និងជីវភាពប្រចាំថ្ងៃ គឺធ្វើឡើងស្របគ្នានឹងការកំណត់យកបញ្ហានេះជាអាទិភាពទី១ សម្រាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រទេសជាតិរបស់រាជរដ្ឋាភិបាល ក៏ដូចជាយុទ្ធសាស្ត្របញ្ជ្រាបចំណេះដឹងអំពី សុវត្ថិភាពចំណីអាហារ ទូទាំង២៥រាជធានី-ខេត្ត ក្រុង ដែលដាក់ចេញដោយអគ្គនាយកដ្ឋានកាំកុងត្រូល។
មន្ដ្រីដដែលបន្ថែមថា ការទទួលខុសត្រូវលើ «សុវត្ថិភាពម្ហូបអាហារ» គឺជាការទទួលខុសត្រូវរួមគ្នា ទាំងស្ថាប័នជំនាញ ទាំងអ្នកនាំចួល ទាំងអ្នកផលិត ទាំងអ្នកចែកចាយ រួមទាំងយើងទាំងអស់គ្នាជាអ្នកប្រើប្រាស់ផងដែរ ព្រោះសុខភាព គឺជាកត្តាចំបងនៃភាពរស់រាននៃជីវិត។
ចុងបញ្ចប់នៃកម្មវិធី ក៏មានការឆ្លើយនូវសំណួរពាក់ព័ន្ធ ទៅនឹងម្ហូបអាហារ រួមទាំងការចែកជូននូវផ្ទាំងរូបភាពអប់រំផ្សព្វផ្សាយ ចំនួន១២៥ផ្ទាំងផងដែរ៕