(ភ្នំពេញ)៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧នេះ បានសម្រេចចោទប្រកាន់ពីរនាក់ប្តី-ប្រពន្ធ ជាថៅកែហាងម៉ាស្សាបង្កប់សេវាផ្លូវយីហោ «ឡុងឈានគឺ» ពីបទសញ្ចារកម្ម។
ជនសង្ស័យទាំងពីរនាក់ប្ដី-ប្រពន្ធខាងលើនេះឈ្មោះ Peter Tam (ជាប្តី) អាយុ៦២ឆ្នាំ ជនជាតិចិន និងម្នាក់ទៀតឈ្មោះ ង្វៀង ធីគីមធី ហៅសួយ (ជាប្រពន្ធ) អាយុ៣៣ឆ្នាំ ជនជាតិវៀតណាម។ ក្រោយពីតំណាងអយ្យការចោទប្រកាន់ហើយ សំណុំរឿងនេះ បានចាត់ទៅចៅក្រមស៊ើប ដើម្បីសម្រេចចេញដីកាឃុំខ្លួន ជនសង្ស័យពីនាក់ប្តី-ប្រពន្ធនោះ។
គួរបញ្ជាក់ថា ហាងម៉ាស្សាមួយកន្លែង ដែលមានថៅកែជាជនជាតិចិនមានយីហោ «ឡុងឈានគឺ» ស្ថិតនៅផ្ទះលេខ១០អា ក្រុមទី៣០ ផ្លូវ៣១៥ ភូមិ៨ សង្កាត់បឹងកក់១ ខណ្ឌទួលគោក ត្រូវបានកម្លាំងនគរបាល ការិយាល័យជួញដូរមនុស្ស និងការពារអនិតិជនស្នងការរាជធានីភ្នំពេញ ចុះប្រតិបត្តិការបង្ក្រាប និងចាប់ឃាត់ខ្លួនបានស្រី១២នាក់ ដោយជាប់ពាក់ព័ន្ធ ទៅនឹងករណីប្រព្រឹត្តសញ្ចាកម្ម កាលពីវេលាម៉ោង៩យប់ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៧។
ប្រត្តិបត្តិការឆែកឆេរហាងម៉ាស្សាខាងលើ បានឃាត់ខ្លួនថៅកែប្រុសជនជាតិចិនម្នាក់ មេការស្រីជនជាតិវៀតណាមម្នាក់ និងស្ត្រីបំរើសេវាម៉ាស្សា១០នាក់ សរុបទាំងអស់១២នាក់ និងស្រោមអនាម័យដែលប្រើរួច និងមិនទាន់ប្រើមួយចំនួន។
ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា បន្ទាប់ពីកម្លាំងជំនាញស៊ើបអង្កេតឃើញទីតាំងខាងលើ បានប្រព្រឹត្តអំពើសញ្ចាកម្ម បើកបម្រើសេវាផ្លូវភេទ ទើបកម្លាំងនគរបាលការិយាល័យជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីលោក គុជ គីមឡុង ព្រះរាជអាជ្ញារង នៃអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ ចុះប្រតិបត្តិការបង្ក្រាបជាក់ស្តែង៕