(ភ្នំពេញ)៖ លោក ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅថ្ងៃទី៥ កក្កដា ឆ្នាំ២០១៧នេះ បានស្នើឲ្យម្ចាស់រថយន្តដឹកដីចូលក្រុង ត្រូវសុំច្បាប់ជាថ្មី ហើយត្រូវពិនិត្យមើលតម្រាយផ្លូវឡើងវិញ ដើម្បីចៀសវាងការបើកបរខុសផ្លូវ បង្កឲ្យមានការកកស្ទះចរាចរណ៍នៅតាមផ្លូវសាធារណៈ។
ការលើកឡើងរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញថ្មី ដែលទើបចូលកាន់តំណែង បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ជាលើកដំបូង នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៧នេះ ដោយមានការចូលរួមពីលោកអភិបាលរងរាជធានីទាំង៦រូប ស្នងការរាជធានី មេបញ្ជាការរងកងរាជអាវុធហត្ថរាជធានី អភិបាលខណ្ឌទាំង ១២ និងមន្ទីរទាំងអស់ចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញ។
កិច្ចប្រជុំនេះ ផ្តោតសំខាន់ទៅលើបញ្ហាកិច្ចការពារសន្តិសុខ សុវត្ថិភាពបញ្ហាគ្រឿងញៀន បញ្ហាចរាចរណ៍ សណ្តាប់ធ្នាប់ បញ្ហាក្លឹប បៀរហ្គាឌិន ជូនប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ។
ជាមួយគ្នានោះលោក ឃួង ស្រេង បានស្នើលោកស្នងការរាជធានី បន្ថែមកម្លាំងនគរបាលចរាចរ ដាក់ពង្រាយតាមគោលដៅ ដើម្បីដោះការកកស្ទះចរាចរ ទៅតាមលទ្ធភាពជាក់ស្តែង។ លោកអភិបាលរាជធានី ក៏បានស្នើដល់គណៈបញ្ជាការ ឯកភាពគ្រប់ខណ្ឌ បន្តពង្រឹងការរងារត្រួតពិនិត្យអាវុធជាតិផ្ទុះ តាមមូលដ្ឋានឡើងវិញនិងបន្តសកម្មភាព ក្នុងការបង្ក្រាប គ្រឿងញៀនថែមទៀត ដោយក្តាប់ឲ្យបានពីទីតាំង ពីតំបន់ដែលប្រើប្រាស់គ្រឿងញៀនឲ្យបាន ដើម្បីធានា សុវត្ថិភាព ជូនប្រជាជនផងដែរ៕