(កំពង់ធំ)៖ ចាហួយដូង ទឹកដោះគោខាប់ ទឹកក្រូច មីម៉ាម៉ាកំប៉ុង ខូចគុណភាព នាំចេញពីប្រទេសថៃ ដែលក្រុមអាជីវករ​យកដាក់លក់ នៅផ្សារកំពង់ឈើទាល ធ្វើឲ្យប៉ះពាល់សុខភាពយ៉ាងខ្លាំងនោះ ត្រូវបានមន្រ្តីសាខាកាំកុងត្រូលខេត្តកំពង់ធំ បានរកឃើញ និងប្រមូលយកទៅដុតកម្ទេចចោល។

ការរកឃើញទំនិញខូចគុណភាពទាំងនេះ បានធ្វើឡើងនៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៧នេះ ពេលមន្រ្តីកាំកុង​ត្រូល សហការជាមួយមន្ទីរពាណិជ្ជកម្ម អាជ្ញាធរដែនដី បានបន្តចុះពិនិត្យ ផ្សព្វផ្សាយអំពីគុណភាព និងសុវត្ថិភាព ម្ហូបអាហារ នៅក្នុងផ្សារកំពង់ឈើទាល ស្ថិតនៅភូមិកំពង់ឈើទាល ឃុំសំបូរ ស្រុកប្រាសាទសំបូរ ដើម្បីចូលរួម​លើកកម្ពស់សុខភាព និងសុវត្ថិភាពចំណីអាហារ​តាមការណែនាំពីថ្នាក់ដឹកនាំ។

មន្រ្តីកាំកុងត្រូលខេត្តកំពង់ធំ បានឲ្យដឹងថា បន្ទាប់ពីចុះត្រួតពិនិត្យ ក្រុមការងារបានរកឃើញផលិតផលជាច្រើន ដែលខូចគុណភាព​ដូចជា៖ ចាហួយដូងម៉ាក Thanh Binh ចំនួន១១កេះ និង៤កញ្ចប់​, ទឹកដោះគោខាប់ ម៉ាកMali ចំនួន៥កំប៉ុង​, ទឹកត្រចៀកកាំ ម៉ាកYengo ចំនួន១៨កំប៉ុង​, ទឹកក្រូច ម៉ាកCAM ចំនួន១៧កំប៉ុង, ទឹកភេសជ្ជៈ ម៉ាក RanGer ចំនួន៤៨កំប៉ុង, ទឹកក្រូចម៉ាក JubJub ចំនួន​១៨ដប និងមីម៉ាម៉ា​កំប៉ុងចំនួន៦កំប៉ុង​ ក្រោយមកជំនាញបានធ្វើកំណត់ហេតុដកហូត ដើម្បីបំផ្លាញចោល។

ក្រុមការងារ​ក៏បានចែកផ្សាយ នូវរូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ និងអ្នកប្រើប្រាស់​ឲ្យបាន​យល់ដឹង ពីផលវិបាកដែលបណ្តាលមកពីការបរិភោគអាហារហួសកាលបរិច្ឆេទ ប្រើប្រាស់ និងការដាក់លាយ បន្ថែមសារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ។

ទន្ទឹមនឹងនេះក្រុមការងារបានណែនាំដល់អាជីវករ ឲ្យចៀសវៀង​ការប្រើប្រាស់សារធាតុគីមីបន្ថែម ទៅលើផលិត​ផលម្ហូបអាហារ ឬការកែច្នៃម្ហូបអាហារ ដែលធ្វើឲ្យមានគ្រោះថ្នាក់ដល់សុខភាព និង​ណែនាំអាជីវករ​ឲ្យយល់ដឹងពីអនាម័យ ការរៀបចំទំនិញលក់ដូរ ឲ្យមានសណ្តាប់ធ្នាប់ទៅ តាមប្រភេទទំនិញហូបចុក និងទំនិញប្រើប្រាស់ផ្សេងៗ ដាក់ដាច់ដោយឡែកៗពីគ្នា ចៀសវៀងនូវការដាក់តាំងលក់ទំនិញ ហួសកាលបរិច្ឆេទ ប្រើប្រាស់ កំប៉ុងកំពិត ប៉ោង ច្រេះស៊ីស និងទំនិញដែលមានសារធាតុគីមីហាមឃាត់។

មន្រ្តីកាំកុងត្រូល​បានបញ្ជាក់ថា ប្រជាពលរដ្ឋគ្រប់រូប ពេលដែលទិញបន្លែមកពីផ្សារ គួរលាងទឹកឲ្យបានច្រើនសារ ឬត្រាំទឹកអំបិល ការធ្វើរបៀបនេះ ត្រូវបានមន្រ្តីកាំកុងត្រូលឲ្យដឹងថា ដើម្បីឲ្យអស់នូវកាកសំណល់ថ្នាំជាតិ កសិកម្ម​។

​សូមជម្រាបថា យុទ្ធនាការនេះធ្វើឡើង ក្រោមការណែនាំពីសំណាក់ លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម សាខាកាំក្រុងត្រូលនៅទូទាំងប្រទេស បាននិងកំពុង​បន្តយុទ្ធនាការ​ចុះត្រួតពិនិត្យមើលទំនិញ ដែលដាក់តាំងលក់តាមផ្ទះ តាមទីផ្សារ ពិសេសទំនិញនាំចូល តាមមាត់ច្រកទ្វារព្រំដែន ដើម្បីចូលរួមចំណែកលើការការពារសុវត្ថិភាព ចំណីអាហារដល់ប្រជាពលរដ្ឋ៕