(ភ្នំពេញ)៖ កងពលតូចថ្មើរជើងលេខ៧០ រកឃើញក្រុមដែលទទួលបានជ័យជម្នះហើយ ក្នុងការប្រកួតកីឡាកងទ័ពប្រចាំអង្គភាព ដើម្បីឈានទៅការប្រកួតកីឡាកងទ័ពប្រចាំឆ្នាំ ហើយក្រុមដែលទទួលបានចំណាត់ថ្នាក់លេខ១នោះគឺ កងអនុសេនាធំទ័ពពិសេសប្រឆាំងភេរវកម្មទី១។
ការប្រកួតនេះត្រូវបានធ្វើឡើង នៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៧០ ដោយការចូលរួមពី លោក លោកស្រី មេបញ្ជាការរង និងនាយទាហាន ពលទាហាន ជាច្រើនរូបទៀតផងដែរ។
កីឡាកងទ័ពដែលបានប្រកួតនៅក្នុងឱកាសនោះរួមមាន ទី១៖ការរត់ចម្ងាយ៤គីឡូម៉ែត្រ ដោយពាក់មួកដែក ស្ពាយបាឡូដាក់ខ្សាច់៥គីឡូក្រាម, ទី២៖សែងហ្វ្រង់ការចំនួន២ ដែលមានទម្ងន់៥០គីឡូក្រាម និងទី៣៖រត់ឆ្លងឧបសគ្គ ដែលមាន៩ប្រភេទ។ ក្នុងនោះក្រុមដែលចូលរួមប្រកួតមាន៣ក្រុមគឺ កងអនុសេនាធំទ័ពពិសេសប្រឆាំងភេរវកម្មទី១, កងអនុសេនាធំទ័ពពិសេសប្រឆាំងភេរវកម្មទី២ និងកងអនុសេនាធំទ័ពពិសេសប្រឆាំងភេរវកម្មទី៣។
លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានថ្លែងថា ការប្រកួតនេះដើម្បីជ្រើសរើសក្រុមណាដែលខ្លាំង សម្រាប់បំប៉នឈានទៅការប្រកួតកីឡាទូទាំងកងទ័ពនៅឆ្នាំ២០១៨ខាងមុខនេះ ឲ្យទទួលបានជ័យជម្នះជូនអង្គភាពផងដែរ។
បន្ថែមពីនេះ លោកមេបញ្ជាការកងពលតូចលេខ៧០ បានសង្កត់ធ្ងន់ថា ការប្រកួតនេះដែរសម្ដៅឲ្យកងទ័ពចេះសាមគ្គីគ្នា ឯកភាពគ្នា កាយសម្បទាមាំមួន កម្លាំងខ្លាំងក្លា និងគោរពវិន័យឲ្យបានល្អ ហើយដើម្បីត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់ក្នុងការស្ដាប់បញ្ជារបស់មេបញ្ជាការ។
សូមជម្រាបថា បញ្ចប់ការប្រកួត ក្រុមដែលទទួលបានជ័យជម្នះលេខ១នោះបានទៅលើ កងអនុសេនាធំទ័ពពិសេសប្រឆាំងភេរវកម្មទី១ ដែលទទួលបានពានមួយ និងថវិកាមួយចំនួន ដោយឡែកក្រុមផ្សេងទៀត ក៏ទទួលបានថវិកាមួយចំនួនផងដែរ៕