(ភ្នំពេញ)៖ លោក សោម សុគន្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បះ តំណាងអ្នកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវិប្បធម៌ និងវិចិត្រសិល្បះ ព្រមានថា «បើមន្ត្រីណារូបណា មិនមានសមត្ថភាពធ្វើការងារបម្រើកិច្ចការ សាធារណៈផ្នែកភាពយន្ត ជូនប្រជាពលរដ្ឋ និងប្រតិបត្តិករ ទេមិនបាច់មកអង្គុយកន្លែងធ្វើការទេ គឺទុកឲ្យអ្នកមានសមត្ថភាពគេមកអង្គុយជំនួស»។
នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបើកសិក្ខាសិលាស្តីពីការពង្រឹងសមត្ថភាពមន្ត្រីផ្តល់សេវា សាធារណៈរបស់ នាយកដ្ឋានសិល្បភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ ដោយមានការចូលរួមពីសំណាក់លោកស្រី នាង លីណា អគ្គលេខាធិការង ក្រសួងមុខងារសាធារណៈ ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ផងដែរ។
លោក សោម សុគន្ធ បានសង្កត់ធ្ងន់ៗថា «បើខ្លួនឯងជាមន្ត្រីបម្រើការងារ ក្នុងវិស័យសិល្បះភាពយន្តបែរជាធ្វើខ្លួនដូចជា ចៅហ្វាយនាយ ចំពោះអតិថិជន និងផលិតករ ហើយថា ខ្លួនធ្វើមិនទាន់បើអ្នកទទួលខុសត្រូវ គ្មានស្មារតីគ្រប់គ្រាន់ចឹងមិនអាចអង្គុយកន្លែងហ្នឹងបានទេ»។
លោក សោម សុគន្ធ បានបន្តថា ការផ្តល់សេវាសាធារណៈភាពយន្តនេះ ជាក្រឹត្យក្រមជាវិន័យមួយសម្រាប់ការក្នុងវិស័យភាពយន្ត របស់យើង ហើយខ្ញុំយល់ថាតុល្យភាពការងាររបស់មន្ត្រីយើងនៅមានកម្រិត រវាងតុល្យភាពចំនួនអ្នកបម្រើការងារ។ «ប៉ុន្តែទោះជា យ៉ាងណា ក្នុងពេលប្រតិបត្តិការ មិនអាចនិយាយថា ខ្ញុំធ្វើមិនទាន់នោះទេនេះ ពាក្យមួយមិនអាចប្រើបាននៅក្នុង ពេលបច្ចុប្បន្ននេះទៀតទេ បើកំណត់ថ្ងៃណាត្រូវតែធ្វើ ឲ្យទាន់ដល់ អតិថិជន និងប្រតិបត្តិករភាពយន្ត បើអ្នកណាឆ្លើយមិនទទួលខុសត្រូវចំពោះទង្វើររបស់ខ្លួន ទេសូមដើរចេញទៅ»។
លោកបានសង្កត់ធ្ងន់ថា «ខ្ញុំយល់ថា តុល្យភាពបំពេញការងារមន្ត្រីរបស់យើង នៅមានកម្រិត ប៉ុន្តែទោះយ៉ាងណាក៏ដោយក្នុងពេល អន្តរកាល មិនអាចនិយាយថា ខ្ញុំធ្វើមិនទាន់ នេះជាពាក្យមួយ ដែលមិនអាចប្រើបាននៅក្នុងទីនេះ រឿងយ៉ាងម៉េចទៀតយើងដោះស្រាយ ផ្ទៃក្នុង តែជាមួយអតិថិជន មិនអាចនិយាយយ៉ាងនេះ ។ អ្នកណាដែលពុំមានសមត្ថភាព ក្នុងការទទួលខុសត្រូវ ទៅលើរយៈពេលវេលា មិនអាចធ្វើការនៅកន្លែងហ្នឹងបានទេ»។
លោករដ្ឋលេខាធិការ បានបញ្ជាក់ដដែលថា បើមន្ត្រីរបស់យើងទន់ជ្រាយចំពោះការងារវាមិនអាចជួយអ្វីបាននោះទេដូច្នេះមន្ត្រី របស់យើងត្រូវ តែពង្រឹងសមត្ថភាពឲ្យកាន់តែមានប្រសិទ្ធភាពជាងមុនបន្តទៅទៀតដើម្បីបម្រើសេវាសាធរណៈជូន អតិថិជន និងប្រតិបត្តិករនៅក្នុងប្រទេសកម្ពុជា ឲ្យកាន់តែមានភាពរីកចមន្រើនថែមទៀត។
លោក ប៉ុក បូរក្ស អនុប្រធាននាយកដ្ឋានសិល្បភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ បានលើកឡើងថា សិក្ខាសាលានេះធ្វើឡើងក្នុង គោលបំណង ឲ្យមន្ត្រីបម្រើការក្នុងនាយកដ្ឋានមួយនេះ ផ្ដល់សេវាជូនប្រជាពលរដ្ឋ ឲ្យបានចំគោលដៅរហ័ស និងមានប្រសិទ្ធិភាព ប្រកបដោយគុណភាព។
លោកបន្តថា «បញ្ហាសំខាន់មួយទៀត ទម្លាប់ពីមុនយើងនៃការផ្ដល់សេវា គឺយើងចង់ផ្លាស់ប្តូរអត្តចរិក និងអាកប្បកិរិយារបស់មន្ត្រីផ្ដល់សេវា ដែលជាទូទៅគាត់តែងតែគិតថា គាត់ជាអ្នកគ្រប់គ្រងប្រជាពលរដ្ឋ ប៉ុន្តែពេលនេះ ឲ្យគាត់ផ្លាស់ប្តូរផ្នត់គំនិត អាកប្បកិរិយារបស់គាត់ ជូនប្រជាពលរដ្ឋប្រកបដោយ ប្រសិទ្ធិភាព»៕