(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៧នេះ បានច្រានចោល នូវការចោទប្រកាន់ថា កងទ័ពសម្តេចតេជោ ហ៊ុន សែន បានធ្វើរដ្ឋប្រហារទម្លាក់ សម្តេចក្រុមព្រះ ក្នុងព្រឹត្តិការណ៍ថ្ងៃ៥-៦ កក្កដា ឆ្នាំ១៩៩៧ ប៉ុន្តែលោកថា ព្រឹត្តិការណ៍នោះ គឺជាការបង្រ្កាបចលនាបះបោរ ដែលសម្តេចក្រុមព្រះបានទិញអាវុធទំនើប ហើយនាំកងកម្លាំងខ្មែរក្រហមចូលមករាជធានីភ្នំពេញ ដោយខុសច្បាប់ ដើម្បីបង្កសង្រ្គាមជាថ្មី នៅក្នុងប្រទេសកម្ពុជា។
ការចេញមុខច្រានចោលនូវការចោទប្រកាន់នេះ បានធ្វើឡើងចំនឹងខួបទី២០ឆ្នាំ នៃព្រឹត្តិការណ៍បង្ហូរឈាមថ្ងៃទី៥-៦ កក្កដា ឆ្នាំ១៩៩៧ ដែលជាការប៉ះទង្គិចគ្នារវាងកងទ័ពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីទី២ និង កងទ័ពរបស់គណបក្សហ៊្វុនស៊ិនប៉ិចរបស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធ នាយករដ្ឋមន្រ្តីទី១ សម័យនោះ ហើយដែលធ្វើឡើងក្រោយពីមានការចុះផ្សាយដកស្រង់សម្តី មន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិច ដែលថ្លែងទាមទារឲ្យអាជ្ញាធរ ស្វែងរកយុត្តិធម៌សម្រាប់មន្ត្រីជាន់ខ្ពស់ និង កងកម្លាំងរបស់បក្សរាជានិយម ដែលត្រូវបានសម្លាប់ ក្ក្នុងព្រឹត្តិការណ៍ថ្ងៃទី ៥-៦ ខែកក្កដា ឆ្នាំ១៩៩៧។
លោក ឈុំ សុជាតិ បានអះអាងថា ព្រឹត្តិការណ៍ថ្ងៃទី៥-៦ ខែកក្កដា ឆ្នាំ១៩៩៧ បើសិនជាកងទ័ពដ៏ស្មោះត្រង់របស់សម្តេចតេជោ ហ៊ុន សែន ទប់ស្កាត់មិនទាន់វេលាទេនោះ កម្ពុជាក៏មិនមានសុខសន្តិភាព និងការអភិវឌ្ឍដល់ពេលបច្ចុប្បននេះដែរ ហើយក៏ប្រហែលជាធ្លាក់ទៅក្នុងសង្រ្គាម ដ៏រ៉ាំរ៉ៃថែមទៀតផង។
លោក ឈុំ សុជាតិ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ព្រឹត្តិការណ៍ថ្ងៃទី៥-៦ ខែកក្កដា ឆ្នាំ១៩៩៧នោះ គឺមិនមែនជារដ្ឋប្រហារនោះទេ ប៉ុន្តែជាការបង្រ្កាបពួកអនាធិបតេយ្យ ជ្រុលនិយមខុសច្បាប់ ធ្វើឲ្យប្រទេសកម្ពុជា មានសន្តិសុខ សន្តិភាព និងការអភិវឌ្ឍដល់សព្វថ្ងៃនេះ។ បើគ្មានការបង្រ្កាបទាន់ពេលវេលាទេ យើងមិនអាចមានថ្ងៃនេះទេ ព្រោះពួកនេះ បាននាំទាហានខ្មែរក្រហម ដែលជាក្រុមប្រល័យពូជន៍សាសន៍ចូលមករាជធានីភ្នំពេញ ហើយនាំអាវុធខុសច្បាប់ មកបង្កលក្ខណៈលំបាក»។
លោក ឈុំ សុជាតិ បានចាត់ទុក ការនាំទាហានខ្មែរក្រហមចូលទីក្រុងភ្នំពេញ និងការនាំចូលអាវុធខុសច្បាប់យ៉ាងច្រើនមកកម្ពុជារបស់គណបក្សហ៊្វុនស៊ិនប៉ិច សម័យនោះ គឺជាទង្វើមួយដែលមិនអាចអត់ឳនឲ្យបានឡើយ ហើយកម្លាំងទ័ពដែលស្មោះត្រង់ជាមួយសម្តេចតេជោ ហ៊ុន សែន ត្រូវតែចេញអន្តរគមន៍ ដោះស្រាយឲ្យទាន់ពេលវេលា។
សូមបញ្ជាក់ថា ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧នេះ គឺជាខួប ២០ឆ្នាំ (៥ កក្កដា ១៩៩៧-៥ កក្កដា ២០១៧) ដែលកម្លាំងទ័ពគ្រប់គ្រងដោយនាយករដ្ឋមន្រ្តីទី១ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងកម្លាំងទ័ពគ្រប់គ្រងដោយនាយករដ្ឋមន្រ្តីទី២ សម្តេចតេជោ ហ៊ុន សែន បានប៉ះទង្គិចគ្នានៅកណ្តាលរាជធានីភ្នំពេញ។
ការសាកកម្លាំងមួយប្រាវធ្វើឲ្យកងទ័ពរបស់សម្តេចក្រុមព្រះ ដែលមានការចូលរួមពីកងទ័ពខ្មែរក្រហមតាមជាញដែនផងនោះ បានចាញ់យ៉ាងដំណំនិងមន្រ្តីជាន់ខ្ពស់ របស់សម្តេចក្រុមព្រះមួយចំនួនត្រូវបានស្លាប់ផងដែរ។ ការផ្ទុះសង្រ្គាមមួយដង្ហើមចង្រិតនេះ ធ្វើឲ្យប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ដែលអារម្មណ៍នៅដិតដាម ជាមួយភ្លើងសង្រ្គាមនៅឡើយនោះ ត្រូវព្រលឹងចុងសក់ ព្រួយបារម្ភខ្លាចទុក្ខវេទនាដោយសារភ្លើងសង្រ្គាមវិលត្រឡប់មកជាថ្មី។
ប្រជាពលរដ្ឋលើកឡើងថា សំណាងដែរ ដែលចម្បាំងពេលនោះ(១៩៩៧) មិនអូសបន្លាយពេលយូរ បើមិនដូច្នោះទេ រាជធានីភ្នំពេញ និងប្រជាពលរដ្ឋដែលទើបងើបពីសង្រ្គាម ប្រហែលជាត្រូវជួបទុក្ខវេទនាធ្ងន់ធ្ងរទៀតហើយ៕