Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ថ្ងៃស្អែក លោក ទៀ បាញ់ នឹងតំណាងសម្តេចតេជោ អញ្ជើញក្នុងពិធីផ្ទេរ-ប្រគល់​ជំនួយសម្ភារៈបោស​សម្អាតមីនជាជំនួយ​របស់ជប៉ុន និងសម្ពោធដាក់ឲ្យ​ប្រើប្រាស់​សារមន្ទីរសន្តិភាព

05-07-2017 09:34

(សៀមរាប)៖ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៧ស្អែកនេះ ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាតំណាងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីផ្ទេរ-ប្រគល់សម្ភារៈ បច្ចេកទេសសម្អាតមីន ដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុន និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ សារមន្ទីរសន្តិភាព សកម្មភាពកំំចាត់មីនស៉ីម៉ាក់ ដែលមានទីតាំងនៅភូមិអន្លង់២ ឃុំត្រពាំងធំំ ស្រុកបាសាទបាគង ខេត្តសៀមរាប។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការពារជាតិ ដែលអង្គភាព Fresh News ទើបទទួលបាននៅព្រឹកថ្ងៃទី០៥ ខែកក្កដានេះ។

បើតាមក្រសួងការពារជាតិ សម្ភារៈបច្ចេកទេសបោសសម្អាតមីន ដេលគ្រោងនឹងទទួលនៅថ្ងៃស្អែកនេះ គឺជាអំណោយសប្បុរសធម៌ និងថ្លៃថ្លារបស់ប្រជាជន និងរដ្ឋាភិបាលជប៉ុន ផ្តល់ជូនរាជរដ្ឋាភិបាលកម្ពុជា សម្រាប់គាំទ្រដល់កិច្ចប្រតិបត្តិការបោសម្អាតមីន ជូនមជ្ឈមណ្ឌលសកម្មភាព កំចាត់មីនកម្ពុជា ដែលមានទឹកប្រាក់ជាង១១ លានដុល្លារអាមេរិក។

សម្ភារៈបច្ចេកទេសទាំងអស់នោះ រួមមាន គ្រឿងចក្រកម្ទេចមីនធុនធ្ងន់០៩គ្រឿង រថយន្តគ្រប់ប្រភេទ៨៨គ្រឿង ម៉ាស៉ីនរាវមីន៧៨៨គ្រឿង អាវពាក់ការពារសុវត្ថិភាពចំនួន៤៥០អាវ ព្រមទាំងគ្រឿងបន្លាស់ជាច្រើនមុខមួយចំនួនទៀត។

លោក ហេង រតនា អគ្គនាយកស៉ីម៉ាក បានឲ្យដឹងថា សារមន្ទីរសន្តិភាពសកម្មភាពកំចាត់មីនតែមួយគត់នៅកម្ពុជា បានរៀបចំ និងអភិវឌ្ឍន៍លើផ្ទៃដីប្រមាណ១២ហិចតា​ នៅខេត្តសៀមរាប​ ដើម្បីទុកជាកំរងប្រវត្តិសំណល់ជាតិផ្ទុះពីសង្គ្រាម និងសមិទ្ធិផលប្រតិបតិ្តការ ជួយសង្គ្រោះការពារអាយុជីវិតប្រជាជន និងផ្តល់សេចក្តីសុខសុវតិ្ថភាពសំរាប់ប្រជាជន និងសង្គមជាតិ តាមរយៈការរំដោះផ្ទៃដី និងកំទេចចោលគ្រាប់មីនទាំងនោះ៕