(ភ្នំពេញ)៖ អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន នៅថ្ងៃពុធនេះ បានថ្លែងថា ទោះបីជាគ្មាន លោក សម រង្ស៊ី អតីតមេដឹកនាំគណបក្សប្រឆាំង ក៏ប្រជាជនកម្ពុជា និងប្រទេសកម្ពុជា នៅតែមានការរីកចម្រើន និងអភិវឌ្ឍទៅមុខជានិច្ច ដោយសារតែការអភិវឌ្ឍកន្លងមកនេះ មិនមានលោក សម រង្ស៊ី ចូលរួមនោះទេ។
លោក សុខ ឥសាន បានបញ្ជាក់ថា តាំងតែពីដើមមក លោក សម រង្ស៊ី មិនបានជួយធ្វើអ្វីសម្រាប់កម្ពុជានោះទេ មានតែអំពាវនាវ ឬជំរុញឲ្យសហភាពអឺរ៉ុប កាត់ជំនួយ និងឈប់ទិញសំលៀកបំពាក់ពីកម្ពុជា។ ក្រៅពីនោះ អតីតប្រធានគណបក្សនេះ មានតែបង្កភាពវឹកវផ្សេងៗ ដើម្បីទប់ស្កាត់ការអភិវឌ្ឍរបស់កម្ពុជា។
លោក សុខ ឥសាន បានថ្លែងយ៉ាងដូច្នេះថា «ការរីកចម្រេីនរបស់ប្រទេសកម្ពុជា ដោយសារការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គ្មានបាតដៃរបស់ សម រង្សី ណាបន្តិចសោះ។ ពេលមានមុខនៅក្នុងឆាកនយោបាយក្រោយឆ្នាំ១៩៩៣ សម រង្សី តែងតែបង្កអំពេីអនាធិបតេយ្យ ប្រព្រឹត្តអំពេីពុករលួយ ដឹកនាំធ្វេីបាតុកម្មជាបន្តបន្តបន្ទាប់ ឥតឈប់ឈរ តវ៉ានេះតវ៉ានោះ មិនចេះចប់ ធ្វេីឲ្យប្រទេសជាតិជួបប្រទះតែអស្ថិរភាព ជាប់ជាប្រចាំមិនសូវលោះ»។
លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ បាននិរទេសខ្លួនឯងទៅក្រៅប្រទេស កាលពីខែវិច្ឆិកា ឆ្នាំ២០១៥ ដោយគេចពីការទទួលខុសត្រូវចំពោះមុខច្បាប់ បន្ទាប់ពីតុលាការបង្គាប់ចាប់ខ្លួនទៅអនុវត្តទោស ពាក់ព័ន្ធនឹងការចាញ់ក្តីករណីបរិហារកេរ្តិ៍ លើលោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ថាជាមេគុកនៅជំរុំបឹងត្របែក ពេលជំនាន់ខ្មែរក្រហម។
រហូតដល់ពេលនេះ លោក សម រង្ស៉ី កំពុងញ៉ាំញីដោយពាក្យបណ្តឹង ដោយសារតែការនិយាយចោទប្រកាន់ ទៅបុគ្គលមួយចំនួននៅជួររាជរដ្ឋាភិបាល ក្នុងនោះមាន បណ្តឹងបរិហារ្តិ៍ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង កំពុងទាមទារឱ្យអនុវត្តសាលក្រម និងសាលដីកា, បណ្តឹងបរិហារកេរ្តិ៍លើ សម្តេច ហេង សំរិន , បណ្តឹងពាក់ព័ន្ធនឹងការបង្ហោះឯកសារក្លែងបំបែកចេញពីសំណុំរឿង លោក ហុង សុខហួរ និងបណ្តឹងចោទប្រកាន់គ្មានមូលដ្ឋាន ដែលប្តឹងដោយសម្តេចតេជោ ហ៊ុន សែន និង សំណុំរឿងអំពើហិង្សានៅក្បែរទីលានប្រជាធិបតេយ្យផងដែរ។
កាលពីឆ្នាំ២០១៦ ដើម្បីឱ្យមានការសម្ពាធលើរដ្ឋាភិបាលកម្ពុជានេះ លោក សម រង្ស៊ី ក៏ជំរុញឱ្យអឺរ៉ុបផ្តាច់ជំនួយលើប្រទេសកម្ពុជា ហើយអំពាវនាវឱ្យអឺរ៉ុបបញ្ឈប់ការទិញសម្លៀកបំពាក់ពីរោងចក្រនៅកម្ពុជា ដោយពុំបានគិតខ្វល់អំពីភាពអត់ការងារធ្វើរបស់កម្មករផងដែរ៕