(ភ្នំពេញ)៖ លោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា កញ្ចប់ថវិកាដែលរាជរដ្ឋាភិបាល ចំណាយសម្រាប់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទមានប្រមាណ ១០៨លានដុល្លារ ក្នុងឆ្នាំ២០១៧ ខណៈទំហំថវិកាសរុបរបស់វិស័យកសិកម្មទាំងមូល (គិតទាំងក្រសួងកសិកម្ម និងក្រសួងធនធានទឹក) មានប្រមាណ ១.៦៣% នៃ GDP ក្នុងឆ្នាំ២០១៧។
លោករដ្ឋលេខាធិការថ្លែងបែបនេះ នាឱកាសអញ្ជើញជាសហអធិបតីជាមួយលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម ក្នុងសិក្ខាសាលាពិគ្រោះយោបល់ក្រោមប្រធានបទ «គន្លងថ្មីនៃកំណើនវិស័យកសិកម្មនៅប្រទេសកម្ពុជា» នាថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧នេះ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច ដែលមានការចូលពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍សំខាន់ៗ តំណាងស្ថានទូតចិន និងអូស្រ្តាលី វិស័យឯកជន សង្គមស៊ីវិល ស្ថាប័នស្រាវជ្រាវ តំណាងសហគមន៍ដំណាំស្រូវ ដំណាំដំឡូងមី ដំណាំស្វាយ សហគមន៍ចិញ្ចឹមត្រី និងចិញ្ចឹមជ្រូក និងតំណាងកសិករគំរូ ព្រមទាំងគ្រឹះស្ថានឧត្តមសិក្សារបស់រដ្ឋ ដែលកំពុងផ្តល់ការបណ្តុះបណ្តាលលើជំនាញកសិកម្មផងដែរ។
លោក វង្សី វិស្សុត ថ្លែងយ៉ាងដូច្នេះថា «រាជរដ្ឋាភិបាល បានបង្កើនការចំណាយយ៉ាងច្រើនដល់វិស័យកសិកម្ម ពោលគឺមិនដូចនឹងការលើកឡើងក្នុងសារពត៌មាន ក្នុងពេលកន្លងមកថា រាជរដ្ឋាភិបាលបានចាយតិចតួចក្នុងវិស័យនេះនោះទេ។ ជាក់ស្តែង ទំហំថវិកាសរុបរបស់វិស័យកសិកម្មទាំងមូល (គិតទាំងថវិការបស់ក្រសួងកសិកម្ម និងក្រសួងធនធានទឹក) មានប្រមាណរហូតទៅដល់ ១.៦៣% នៃ GDP ក្នុងឆ្នាំ២០១៧ ហើយបើនិយាយពីកញ្ចប់ថវិកាដោយឡែករបស់ក្រសួងកសិកម្មវិញ គឺបានកើនឡើងពីប្រមាណ ៣៨លានដុល្លារ ក្នុងឆ្នាំ២០១៣ ដល់ប្រមាណ ១០៨លានដុល្លារ ក្នុងឆ្នាំ២០១៧ ឬស្មើនឹង ០.៤៩% នៃ GDP ដែលតួលេខនេះ គឺប្រហាក់ប្រហែលគ្នានឹងប្រទេសក្នុងតំបន់ហើយ (វៀតណាម ០.២៤ នៃ GDP និងចិន ០.៦១ នៃ GDP)»។
អង្គប្រជុំបានធ្វើការបូកសរុបលទ្ធផល នៃការពិភាក្សាពិគ្រោះយោបល់នេះ ដោយបានកំណត់នូវយុទ្ធសាស្រ្តចំនួន ៣ចំណុច ដែលអាចធ្វើជាធាតុចូលសម្រាប់ការពិភាក្សា និងការរៀបចំគោលនយោបាយរយៈពេលវែង ដោយក្នុងនោះ៖
ទី១៖ វិស័យកសិកម្មនឹងនៅតែដើរតួនាទីសំខាន់ជាជន្ទល់ទ្រទ្រង់កំណើន និងការកាត់បន្ថយភាពក្រីក្រ ហើយជាវិស័យគន្លឹះក្នុងការធានាសន្តិសុខស្បៀង ព្រមទាំងការគ្រប់គ្រងបញ្ហាបរិស្ថាន ដូចជាការប្រើប្រាស់ជី និងធនធានទឹកជាដើម។
ទី២៖ យុទ្ធសាស្រ្តក្នុងការអភិវឌ្ឍវិស័យកសិកម្មនឹងនៅតែបន្តផ្តោតលើការលើកកម្ពស់ផលិតភាព, ការធ្វើពិពិធភាវូបនីយកម្ម និងការធ្វើពាណិជ្ជូបនីយកម្មកសិកម្ម រួមទាំងការធ្វើទំនើបកម្ម និងកែច្នៃកសិ-ឧស្សាហកម្ម។ តាមរយៈយុទ្ធសាស្រ្តនេះ យើងត្រូវធ្វើការកំណត់ទិសដៅជាពីរមុខព្រួញផ្សេងគ្នា គឺការធ្វើកសិកម្មសម្រាប់គោលដៅធានាសន្តិសុខស្បៀង និងការធ្វើកសិកម្មសម្រាប់លក់ ហើយធ្វើយ៉ាងណាឱ្យតម្លៃថោក ដើម្បីមានភាពប្រកួតប្រជែង ហើយមានច្រើនមុខ មានគុណភាព និងមានតម្រូវការទីផ្សារខ្ពស់។
ទី៣៖ ការកសាងសមត្ថភាព ដោយផ្តោតលើការបណ្តុះបណ្តាលលើការស្រាវជ្រាវវិស្វកម្ម រួមទាំងសហគ្រិនភាពក្នុងវិស័យកសិកម្មផងដែរ។ ជាមួយគ្នានេះ ក៏ត្រូវកសាងបរិស្ថានអនុគ្រោះសម្រាប់ទាក់ទាញការវិនិយោគ ក្នុងវិស័យកសិកម្មឱ្យបានច្រើន។
ជាមួយគ្នានេះ អង្គប្រជុំបានក៏បានកំណត់ផងដែរ នូវវិធានការជាក់ស្តែងមួយចំនួន សម្រាប់ជាធាតុចូលសម្រាប់ការរៀបចំថវិកាវិស័យកសិកម្ម នៅឆ្នាំ២០១៨ ដូចជា៖ ការអន្តរាគមន៍របស់រដ្ឋ ចំពោះពូជ ជី ចំណីសត្វ និងធាតុចូលផលិតកម្មផ្សេងទៀត, ការគិតគូរឡើងវិញអំពីរបៀបនៃការផ្សព្វផ្សាយកសិកម្ម ដោយផ្សារភ្ជាប់ជាមួយនឹងការ ផ្តល់ព័ត៌មានទីផ្សារដល់កសិករ, ការកែសម្រួលការងារនិយ័តកម្មដើម្បីដោះស្រោយបញ្ហាការឡើងនៃថ្លៃម្ហូបអាហារនៅក្នុងស្រុក និងក៏ដូចជាធាតុចូលកសិកម្ម, ការដាក់ចេញនូវគោលយោបាយថ្មីៗ និងជំរុញការអនុវត្តគោលនយោបាយដែលមានស្រាប់, ការបង្កើតប្រភពហិរញ្ញវត្ថុថ្មីៗ ដើម្បីផ្តល់ហិរញ្ញប្បទានបន្ថែមដល់វិស័យកសិកម្ម ជាពិសេសកសិករ, បញ្ហាការដឹកជញ្ជូន, បញ្ហាការប្រើប្រាស់ទឹក និងអគ្គិសនីសម្រាប់ការបូមទឹក ព្រមទាំងការប្រើប្រាស់សេវាបច្ចេកវិទ្យាព័ត៌សម្រាប់វិស័យកសិកម្ម និងការសម្របសម្រួលផ្ទៃក្នុងរវាងក្រសួងស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល និងការសម្របសម្រួលជាមួយដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន រួមទាំងតួអង្គពាក់ព័ន្ធផ្សេងៗទៀត៕