(ព្រះវិហារ)៖ ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ លោក ពឹង ទ្រីដា រួមជាមួយមន្ត្រីជំនាញ ការិយាល័យផ្សព្វផ្សាយកសិកម្មស្រុក នៅថ្ងៃទី០៤ ខែកក្តដា ឆ្នាំ២០១៧នេះ បានចុះផ្សព្វផ្សាយដល់មេឃុំ មេភូមិ និងប្រជាពលរដ្ឋឲ្យយល់ដឹង និងយកចិត្តទុកដាក់ធ្វើការត្រួតពិនិត្យមើល សត្វខ្យងមាស ដែលបានកាត់បំផ្លាញស្រូវក្នុងស្រែរបស់ពលរដ្ឋ។
លោកប្រធានមន្ទីរកសិកម្ម បានឲ្យដឹងថា រយៈពេលប៉ុន្មានថ្ងៃនេះ នៅតាមស្រែរបស់បងប្អូនប្រជាពលរដ្ឋ នៅឃុំកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ មានករណីខ្យងមាសកាត់បំផ្លាញស្រូវនៅក្នុងស្រែ ជាហេតុធ្វើឲ្យស្រូវរងការខូចខាត ដូច្នេះដើម្បីចូលរួមទប់ស្កាត់កុំឲ្យខ្យងមាស បំផ្លាញស្រូវបងប្អូនតទៅទៀត ក្នុងនាមមន្ទីរកសិកម្មរូបលោក បានដឹកនាំក្រុមការងារចូលរួមផ្សព្វផ្សាយ ដល់លោកមេឃុំ មេភូមិ និងប្រជាពលរដ្ឋឲ្យមានការយល់ដឹង និងទប់ស្កាត់កុំឲ្យខ្យងមាស បំផ្លាញស្រូវតទៅទៀត។
ដើម្បីលើកទឹកចិត្តដល់ប្រជាកសិករ មន្ទីរកសិកម្មខេត្តព្រះវិហារ បានប្រកាសទិញខ្យង ដែលប្រជាពលរដ្ឋប្រមូលបានពីក្នុងស្រែ១គីឡូក្រាម តំលៃ៣០០រៀល ចំណែកពងរបស់វា១គីឡូក្រាមតំលៃ២០០០រៀល។
លោក ពឹង ទ្រីដា បានបញ្ជាក់ថា «យើងធ្វើដូច្នេះ គឺចង់លើកទឹកចិត្តគាត់ និងការពារផលប្រយោជន៍របស់គាត់ ទីមួយកាត់បន្ថយកុំឲ្យខ្យងកាត់ស្រូវរបស់គាត់ ទី២គាត់បានថវិកាថែមទៀតផង»។
ជាមួយគ្នានោះ លោកអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋដែលបានមកចូលរួមថ្ងៃនេះ ត្រូវធ្វើការផ្សព្វផ្សាយបន្តឲ្យបងប្អូនដ៏ទៃទៀត ដែលមិនបានចូលរួមឲ្យគាត់បានយល់ផងដែរ៕