(ភ្នំពេញ)៖ លោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹងដោយបញ្ជាក់ថា រោងចក្រ និងសហគ្រានធំៗ ដែលប្រើប្រាស់អគ្គិសនី តាមរយៈតង់ស្យុងមធ្យម ដែលមានកម្លាំងលើសពី 1MW ឡើងទៅ នៅរាជធានីភ្នំពេញ និងបណ្ដាខេត្តនានា ទទួលបានការបញ្ចុះតម្លៃពិសេស។
តាមសេចក្ដីជូនដំណឹងរបស់អគ្គិសនីកម្ពុជា ដែលអង្គភាព Fresh News ទទួលបានឲ្យដឹងថា «អគ្គិសនីកម្ពុជា សូមផ្ដល់ការលើកទឹកចិត្ត ដល់អ្នកប្រើប្រាស់ ជាប្រភេទអតិថិជនតង់ស្យុងមធ្យម ដែលមានកម្លាំងអានុភាព លើសពី 1MW ឡើងទៅ នឹងធ្វើការបញ្ចុះតម្លៃពី ០.១៦៥ USD/kWh មកត្រឹម ០.១៤ USD/kWh សម្រាប់ការប្រើប្រាស់ថាមពល បរិមាណថាមពល ដែលប្រើលើសពីមធ្យមភាគនៃការប្រើប្រាស់៦ខែ ដើមឆ្នាំ២០១៧»។
សេចក្ដីជូនដំណឹង បានបញ្ជាក់ថា ថ្លៃអនុគ្រោះនេះចាប់អនុវត្តគិតពីខែកក្កដា ដល់ខែតុលា ឆ្នាំ២០១៧ ដោយឡែកសម្រាប់បរិមាណថាមពល ដែលប្រើប្រាស់ត្រឹមមធ្យមភាគ ឬក្រោម (៦ខែដើមឆ្នាំ២០១៧) គឺរក្សាតម្លៃនៅដដែល ០.១៦៥ USD/kWh៕