(សៀមរាប)៖ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប នៅរសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧នេះ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសសុពលភាព សមាជិកក្រុមប្រឹក្សាឃុំ និងប្រកាសឈ្មោះប្រធានក្រុមប្រឹក្សាឃុំ ជំទប់ទី១ និងជំទប់ទី២ ក្នុងអាណត្តិទី៤ នៃរដ្ឋបាលឃុំកំពង់ឃ្លាំង និងឃុំកៀនសង្កែ ស្រុកសូទ្រនិគម។
លោកអភិបាលខេត្តសៀមរាប បានគូសបញ្ជាក់នូវចំណុចគន្លឹះមួយចំនួន គឺបន្ទាប់ពីកិច្ចប្រជុំប្រកាសសុពលភាពនាថ្ងៃនេះទៅ កិច្ចការជាចម្បងរបស់ក្រុមប្រឹក្សាឃុំ អាណត្ដិថ្មី គឺត្រូវរៀបចំ និងអនុម័តបទបញ្ជាផ្ទៃក្នុង ដើម្បីកំណត់នូវវិធានចាំបាច់នានា សម្រាប់កិច្ចប្រជុំ និងរបៀបរបបធ្វើការងាររបស់ខ្លួន ស្របតាមសេចក្ដីណែនាំលេខ ០១៤ សណន ចុះថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧ របស់ក្រសួងមហាផ្ទៃ ស្ដីពីការរៀបចំបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាឃុំ-សង្កាត់។
លើសពីនេះទៀត លោក ឃឹម ប៊ុនសុង បានសង្កត់ធ្ងន់ថា ក្រុមប្រឹក្សាឃុំ ត្រូវយកចិត្ដទុកដាក់ និងលើកកម្ពស់គណនេយ្យភាព និងតម្លាភាពនៅក្នុងការអនុវត្ដការងាររបស់ខ្លួនជាប្រចាំ។ គណនេយ្យភាព និងតម្លាភាព គឺជាកត្ដាដ៏គនឹ្លះនៅក្នុងអភិបាលកិច្ចល្អ ដើម្បីឆ្លុះបញ្ចាំងនូវភាពសុច្ចរិត និងភាពត្រឹមត្រូវប្រាកដប្រជា នៅក្នុងការអនុវត្ដគម្រោងអភិវឌ្ឍការអនុវត្ដថវិកា និងការចាត់ចែងការងារនានា ដែលធ្វើឡើងដោយក្រុមប្រឹក្សាឃុំ ។
បើតាម លោក ឃឹម ប៊ុនសុង ក្រុមប្រឹក្សាឃុំ ត្រូវបន្ដនិងរក្សាឲ្យបាននូវវប្បធម៌សាមគ្គីភាពសម្របសម្រួល មិនបែងចែកនិន្នាការនយោបាយ និងស្ថានភាពក្នុងសង្គម ដោយខិតខំលើកកម្ពស់ ការចូលរួមបំពេញការងារជាក្រុមក្នុងចំណោមសមាជិកក្រុមប្រឹក្សាឃុំទាំងអស់ ដើម្បីធ្វើជាតំណាងឲ្យសាមគ្គីភាព ក្នុងចំណោមប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋានក្នុងឃុំ-សង្កាត់ និងជំរុញការអភិវឌ្ឍមូលដ្ឋានឲ្យកាន់តែប្រសើរឡើងថែមទៀត។
អភិបាលខេត្តសៀមរាប បានស្នើឱ្យសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ថ្មី យកចិត្ដទុកដាក់អនុវត្ដឲ្យបានត្រឹមត្រូវតាមគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ដិនានារបស់រាជរដ្ឋាភិបាល និងត្រូវបំពេញការងារចំពោះមុខឲ្យបានម៉ត់ចត់ រួមទាំងការធានាបាននូវសាមគ្គីភាព និងការយោគយល់គ្នា នៅក្នុងកិច្ចការរបស់ខ្លួន៕