(ភ្នំពេញ)៖ ប្រលោមលោកដ៏ល្បីរបស់លោក តារាចម្រៀង ម៉ុង ម៉ានិត បានក្រុងពាលីចេញថតជាខ្សែភាពយន្តភាគ ទូរទស្សន៍ចំនួន​៣៥ភាគ ក្រោមកិច្ចសហការផលិត ដោយក្រុមហ៊ុន ស្ទូឌីយោហ្វ័រ (Studio4 Production) និងស្ថានីយទូរទស្សន៍ MyTV ដែលពិធីនេះ បានប្រព្រឹត្តិទៅ​កាលពីព្រឹកថ្ងៃអង្គារ៍ ទី០៤ ខែកក្កដា ឆ្នាំ២០១៧នេះ។

អ្នកនិពន្ធប្រលោមលោក «បេសកកម្មមួយ» និងជាអ្នកចម្រៀងដ៏ល្បី លោក ម៉ុង មានិត បានសម្ដែងការសប្បាយរីករាយ ដែលស្នាដៃប្រលោមលោកទី១របស់លោក បានត្រូវយកមកផលិត​ ជាខ្សែភាពយន្តភាគ។

​ម្ចាស់បទ «មាននាងក៏ធុញអត់នាងក៏ធុញ» រូបនេះ​និយាយថា លោកទុកចិត្តក្រុមការងារផលិត ហើយជឿជាក់ថា រឿងរបស់លោកនឹងផលិតបាន​ គុណភាពខ្ពស់។
«ខ្ញុំមានអារម្មណ៍ភ័យផង អរផងដោយនេះ ជាស្នាដៃទី១ដែលខ្ញុំសរសេរ ហើយត្រូវយកមកផលិត​ជាខ្មែរភាពយន្ត។ ខ្ញុំបានពន្យល់​តួទាំងអស់​ពីខ្លឹមសាររួម​របស់សាច់រឿងរបស់ខ្ញុំ ហើយពួកគាត់យល់ពីតួអង្គខ្លួនឯងច្បាស់ ដែលងាយស្រួលពេលសម្ដែង​»។

លោក ម៉ានិត បន្តថា «ខ្ញុំជឿជាក់ទៅលើស្នាដៃច្នៃប្រឌិត និងភាពហ្មត់ចត់របស់ក្រុមការងារ​ក្រុមហ៊ុន ស្ទុឌីយោហ្វ័រ។ ពួកយើងនឹងប្រឹងប្រែង មិនឲ្យទស្សនិកជនអស់សង្ឃឹមទេ​»។

សូមរំឭកថា ប្រលោមលោក «បេសកកម្មមួយ» ដែលត្រូវបានយកមកផលិតនេះ ជាប្រភេទប្រលោមលោក​យុវវ័យបែបស៊ើបអង្កេត វាយប្រហារ ស្នេហា ហើយបានលក់ដាច់ជាងគេ កាលពីឆ្នាំ២០១៦។

អ្នកស្រី ប៉ែន បូរណ៍វឌ្ឍនា ផលិតករភាពយន្តនេះបានមានឲ្យដឹងថា រឿងនេះបានចំណាយពេលជាងបួនខែ ក្នុងការសម្រិតសម្រាំងជ្រើសរើស តួដែលត្រូវនឹងសាច់រឿង និង ផ្តល់ការបង្វឹកហាត់តួទាំងអស់ ក្នុងការហាត់សមឈុតឆាកវាយតប់ ក៏ដូចជាការរៀនលេងភ្លេង និង ការរៀនសម្តែងបន្ថែម។

«បេសកកម្មមួយ​ ជាប្រលោមលោកដែលល្បី ក្នុងឆ្នាំ២០១៦ ដូចនេះរឿងភាគទូរទស្សន៍នេះ យើងបានខិតខំប្រឹងប្រែង ផលិតឲ្យកាន់តែល្អប្រសើរ និងមានអ្វីថ្មីសម្រាប់ទស្សនិកជន។ ក្រៅពីចំណាយពេលវេលាច្រើន ក្នុងការរើសតួ យើងបានបង្ហាត់ពួកគាត់​បន្ថែមពីក្បាច់គុន និង រៀនលេងភ្លេង មុនចុះថតទៀតផង​»

ភាពយន្តភាគ «បេសកកម្មមួយ»នេះ ជាស្នាដៃបន្ទាប់ពីរឿង «ស្រទន់មន្តស្នេហ៍» ដែលនឹងចាក់បញ្ចាំងនៅស្ថានីយទូរទស្សន៍ CTN នាពេលឆាប់ៗនេះ ដែលផលិត​ដោយក្រុមហ៊ុន ស្ទុឌីយោហ្វ័រ និងក្រុមហ៊ុនសប្បាយ​ឌីជីថល។ ចំណែក​ភាពយន្តភាគ «បេសកកម្មមួយ» ដែលចាប់ផ្តើមថតនេះ នឹងចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ MyTV នៅដើមឆ្នាំ២០១៨នេះ ដោយ​មាន​លោក ហ៊ត់ រ៉ាវី និងលោក ជ័យ សម្បត្តិ ជាអ្នកដឹកនាំរឿង។

លោក ហ៊ត់ រ៉ាវី អ្នកដឹកនាំរឿង «បេសកកម្មមួយ» បានបង្ហាញថា រឿងនេះបានចំណាយពេលប្រាំខែ ដើម្បីកែសម្រូលរឿងពីប្រលោមលោក មកជាអត្ថបទរឿង​ភាគទូរទស្សន៍ និងត្រូវចំណាយពេល៥ខែផ្សេងទៀត ដើម្បីចុះថត។

«នេះជាប្រភេទរឿង ស៊ើបអង្កេត បែបយុវវ័យ ដែលមានលាយឡំ ដោយឈុតវាយប្រហារ។ ចំណុចសំខាន់ក្នុងការផលិតរឿងនេះ គឺយើងបានឲ្យតួទាំងអស់ រៀនសមប្រឈុតដោយមានគ្រូក្បាច់គុន បង្រៀនជាក់ស្តែង។ ខ្ញុំសប្បាយចិត្ត ដែលក្រុមហ៊ុនទុកចិត្តខ្ញុំ និងក្រុមការងារក្នុងផលិតរឿងនេះ​»។ លោក ហ៊ត់ រ៉ាវី បញ្ជាក់បន្ថែម៕