(កំពង់ធំ)៖ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៧ លោក គង់ វិមាន អភិបាលរងខេត្តកំពង់ធំ បានអញ្ជើញប្រកាសសមាសភាពក្រុមប្រឹក្សាឃុំចំនួនពីរគឺ ឃុំបន្ទាយស្ទោង និងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ។
លោក គង់ វិមាន បានថ្លែងថា ក្រោយការបោះឆ្នោតកាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ និងប្រកាសលទ្ធផលជាផ្លូវការ នៃការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សា ឃុំសង្កាត់អណាត្តិទី៤ ប្រកបដោយភាពសុក្រឹត សេរី និងយុត្តិធម៌ ក្រោមការរៀបចំដោយ គ.ជ.ប រួចមក ទើបថ្ងៃនេះយើងបានដឹងពីបេក្ខជនដែលត្រូវតែងតាំងជាមេឃុំ សមស្របតាមការចង់បានរបស់ប្រជាពលរដ្ឋ។ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ដែលត្រូវបន្តការដឹកនាំភូមិឃុំ របស់ខ្លួនឲ្យមានភាពរីកចម្រើន សក្តិសមនឹងទទួលនូវសិទ្ធិ ស្វ័យភាពអំណាច ជាម្ចាស់រាល់សមិទ្ធិផលដែលបាន និងកុំពុងអភិវឌ្ឍន៍ ក្នុងគោលបំណងជួយជ្រោមជ្រែងរាល់ភាពខ្វះខាត និងតម្រូវការរបស់ប្រជាជនពិតប្រាកដរាល់បញ្ហាផ្សេងៗ ដែលកើតឡើងនៅក្នុងសហគមន៍របស់ខ្លួន ត្រូវមានទំនួលត្រូវ និងមានភាពសការណ៍គ្នា យ៉ាងស្អិតរមួត មិនមើលបំណាំគ្នា រាល់ការដោះស្រាយទំនាស់ត្រូវ ផ្តោតសំខាន់ទៅលើច្បាប់ ដោយឈរលើការសម្របសម្រួល ក្នុងគោលបំណងជួយទ្ររទ្រង់ការរីកចម្រើន នៃកម្រិតជីវភាពរបស់សហគមន៍ខ្លួន ដើម្បីបន្តការរីកចម្រើនសេដ្ឋកិច្ចជាតិឈានទៅរកភាពល្បីល្បាញ ក្នុងឆាកអន្តរជាតិ ត្រូវចុះធ្វើការងា ដោយផ្ទាល់ជាមួយប្រជាពលរដ្ឋ ស្គាល់ពីសុខទុក្ខ ភាពងាយស្រួល និងលំបាករនៃក្រុមគ្រួសារក្នុងមូលដ្ឋាន របស់ខ្លួន បញ្ហាដែលត្រូវគិតគូរមុនគេនោះគឺ ការថែរក្សាសុខសន្តិភាព ស្របតាមគោលការណ៍ភូមិឃុំមានសុវត្ថិភាពទាំងប្រាំបួនចំណុចនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល។
លោកបានផ្តាំថា ជាមេឃុំឬចៅសង្កាត់ ត្រូវតែមានភាពម្ចាស់ការ មានទំនុកចិត្តលើខ្លួនឯង ចំពោះគុណភាព នៃសមិទ្ធិផលដែលកុំពុងសាងសង់ មិនត្រូវមានភាពអត្តនោម័តតែម្នាក់ឯងនោះឡើយ គឺត្រូវទទួលយកនូវរាល់យោបល់របស់សមាជិក នៃក្រុមប្រឹក្សាឃុំផងដែរ លើសពីនេះទៅទៀត ត្រូវមានភាពយុត្តិធម៌មិនលំអៀង ឈរជាអ្នកអាជ្ញារកណ្តាល ក្នុងការដោះស្រាយរាល់ទំនាស់ដែលកើត មានដោយមិនលំអៀង រីឯការគ្រប់គ្រង និងដឹកនាំវិញដាច់ខាតត្រូវធ្វើការពិភាក្សាដោយមិនរើសអ៊ើងបក្ស នយោបាយ ពោលគឺឈរលើផលប្រយោជន៍រួមជាធំ ក្នុងគោលដៅបម្រើរនូវសេចក្តីត្រូវការរបស់ ប្រជាពលរដ្ឋជាដាច់ខាត។ ចំពោះការបម្រើរសេវារដ្ឋបាលសាធារណៈវិញ ត្រូវមានភាពឆាប់រហ័ស មិនព្រងើញកន្តើយ នាំឲ្យមានភាពថ្នាំងថ្នាក់ពីសំណាក់ប្រជាជនគ្រប់រូប។
លោកក៏បានជំរុញឲ្យក្រុមប្រឹក្សាគ្រប់រូប ត្រូវសហការរួមសាមគ្គីយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋ ដោយស្មោះអស់ពីចិត្តក្នុងការថែរក្សាសុខសន្តិភាព ជូនក្រុមគ្រួសារក្នុងភូមិឃុំរបស់ខ្លួន ឲ្យមានសេចក្តីសុខសន្តិភាពទាំងផ្លូវកាយ និងផ្លូវចិត្តឈរលើការគោរពច្បាប់ដែលជាត្រីវិស័យ ឈានទៅរកភាពជាពលរដ្ឋល្អក្នុងសង្គមខិតខំ សហការជាមួយអង្គការដៃគូ និងស្វែងរកនូវសប្បុរសជនដែលអាចជួយភូមិឃុំរបស់យើង បានលុបបំបាត់នូវភាពអសកម្មរបស់មន្ត្រីឃុំ និងព្យាយាមបម្រើរផលប្រយោជន៍របស់ប្រជាពលរដ្ឋឲ្យ អស់លទ្ធភាព៕