(ពោធិ៍សាត់)៖ លោកស្រី ជុក សុផានី អភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានថ្លែងថា ចៅសង្កាត់ ចៅសង្កាត់រងក្នុងអាណត្តិទី៤នេះ ដែលកើតចេញពីឆន្ទះ តាមរយៈការបោះឆ្នោតដោយផ្ទាល់ ពីសំណាក់ប្រជាពលរដ្ឋ ត្រូវតែបន្តនិរន្តរ៍ភាព នៃការគ្រប់គ្រង ដឹកនាំអភិវឌ្ឍមូលដ្ឋាន និងបម្រើសេវាសង្គម ឲ្យកាន់តែមានទំនុកចិត្ត ពីម្ចាស់សន្លឹកឆ្នោត បន្ថែមទៀតនៅក្នុងអាណត្តិទី៤នេះ។
លោកស្រីជុក សុផានី ថ្លែងបែបនេះ នៅក្នុងពិធីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សា ប្រកាសឈ្មោះប្រធានក្រុមប្រឹក្សា ចៅសង្កាត់ និងចៅសង្កាត់រង នៃសង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧ នៅសាលាសង្កាត់ ដោយមានក្រុមការងារថ្នាក់ខេត្ត ក្រុង មេភូមិ អនុភូមិបានចូលរួមយ៉ាង ច្រើនកុះករផងដែរ។
លោកស្រី ជុក សុផានី បានបញ្ជាក់ថា និងចូលរួមអបអរសាទរ នៃលទ្ធផលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៤ កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧កន្លងទៅថ្មីៗនេះ បានប្រព្រឹត្តទៅប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ និងមានតម្លាភាពទូទាំង សង្កាត់ចំរើនផល ក៏ដូចទូទាំងប្រទេស។
ចាប់តាំងពីឆ្នាំ២០០២ រហូតមកដល់ពេលនេះ មានរយៈពេលប្រមាណ១៥ឆ្នាំ ក្នុងការធ្វើកំណែទម្រង់ វិមជ្ឈការ វិសហមជ្ឈការ និងបានរួមគ្នាបំពេញការងាររៀបចំអភិបាលកិច្ច រចនាសម្ព័ន្ធគ្រប់គ្រង ឃុំ សង្កាត់ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ក្នុងគោលដៅលើកកម្ពស់គុណភាព ជីវភាពរស់នៅរបស់ប្រជាជន តាមរយៈនៃការផ្តល់សេវាសង្គម អភិវឌ្ឍមូលដ្ឋានប្រកបដោយសមធម៌ សច្ចធម៌ និងសមភាព ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅក្នុមូលដ្ឋាន។
លោកស្រីបានលើកឡើងទៀតថា ក្នុងអាណត្តិ៥ឆ្នាំបន្តទៀត ដែលបានប្រកាសទទួលស្គាល់នាពេលនេះថ្មីក៏ពិតមែន ប៉ុន្តែការគ្រប់គ្រងសង្កាត់អាណត្តិចាស់មិនបញ្ចប់នោះទេ ត្រូវតែអនុវត្តន៍ការងារគ្រប់គ្រង ជាពិសេសលើកិច្ចការងាររដ្ឋបាល និងការផ្តល់សេវាសាធារណៈ អភិវឌ្ឍន៍មូលដ្ឋាន ឱ្យកាន់តែមានប្រសិទ្ធិភាព និងកាន់តែមានទំនុកចិត្តពីម្ចាស់សន្លឹកឆ្នោត។ ដើម្បីជាមូលដ្ឋាន នៃការចាប់ផ្តើមអនុវត្តការងារ របស់ក្រុមប្រឹក្សាសង្កាត់ចំរើនផល នាអាណត្តិទី៤នេះ។ លោកស្រីបានសំណូមពរ ឱ្យបន្តការខិតខំគោរពទៅតាមរដ្ឋធម្មនុញ្ញ ច្បាប់លិខិតបទដ្ឋាននានា ស្តីពីការគ្រប់គ្រងរដ្ឋបាលសង្កាត់ឱ្យបានត្រឹមត្រូវ ដោយផ្តោតសំខាន់គ្រួសារក្រីក្រ ជនងាយរងគ្រោះ យោធិនពលីពិការ កុមារកំព្រារ និងស្ត្រីម៉េម៉ាយ។
លោកស្រី ជុក សុផានី សង្កត់ធ្ងន់ៗថា ជាមួយគ្នានេះសូមមន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់ អំពីសុខុមាលភាព សុខភាព អប់រំ កសិកម្ម កែលម្អបរិស្ថាន សេវាសង្គម អនាម័យសាធារណៈ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវលំជនបទ និងប្រព័ន្ធធារាសាស្ត្រជាដើមទាំងអស់នេះ គឺជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋដោយមិនអាចខ្វះបានឡើយ។
លោកស្រី ម៉ែន ផល្លី អភិបាលរងនៃគណៈអភិបាលក្រុងពោធិ៍សាត់ បានអានប្រកាសលេខ២០៥៣ ប្រ.កចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ របស់ក្រសួងមហាផ្ទៃ ស្តីពីទទួលស្គាល់សមាសភាពចំនួន៥រូប ដែលមានលោក ឈុន សៀង ជាប្រធានក្រុមប្រឹក្សា លោក កែម សំអុន លោក ប្រាក់ ម៉ុន្ថា លោក ហ៊ន ថាន និងលោកស្រី ផាន់ ស៊ីផាន សមាជិកក្រុមប្រឹក្សាសង្កាត់ចំរើនផល និងសមាសភាពចៅសង្កាត់ចំនួន៣រូប ដែលមានលោក ឈុន សៀង ជាចៅសង្កាត់ លោក កែម សំអុន ចៅសង្កាត់រងទី១ និងលោក ប្រាក់ ម៉ុន្ថា ចៅសង្កាត់រងទី២ នៃរដ្ឋបាលសង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
លោក ឈុន សៀង ប្រធានក្រុមប្រឹក្សា និងជាចៅសង្កាត់ចម្រើនផលដែលបានជាប់ឆ្នោតថ្មី បានថ្លែងថា ផ្តើមចេញពីលទ្ធផលនៃការបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៤ កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧កន្លងទៅ និងឆ្លើយតបទៅនឹងការគាំទ្រភាពជឿទុកចិត្ត ពីសំណាក់ម្ចាស សន្លឹកឆ្នោតនោះសូមប្តេជ្ញាគោរពឲ្យ បានខ្ជាប់ខ្ជួននូវគោលនយោបាយ ច្បាប់ លិខិតបទដ្ឋានគតិយុទ្ធនានា របស់រាជរដ្ឋាភិបាល។ អនុវត្តយ៉ាងម៉ឺងម៉ាត់ លើការងារគ្រប់គ្រងរដ្ឋបាលបទបញ្ជាផ្ទៃក្នុង ពង្រឹងការសាមគ្គីយកអស់នូវកម្លាំងកាយចិត្ត បម្រើផលប្រយោជន៍ ជូនប្រជាពលរដ្ឋ និងលើកកម្ពស់អភិបាលកិច្ចល្អនៅថ្នាក់មូលដ្ឋាន ឱ្យកាន់តែល្អប្រសើរឡើង៕