(សៀមរាប)៖ យោងតាមរបាយការណ៍ របស់ក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា សម្រាប់ឆមាសទី១ ឆ្នាំ២០១៧នេះ ក្រុមការងារបានចុះពិនិត្យ អនុញ្ញាតសាងសង់ និងជួសជុលសំណង់ក្នុងតំបន់អង្គរបានចំនួន៣២៦ករណី។
ក្នុងរបាយការណ៍ដដែល បានបញ្ជាក់ពីចំនួន នៃសាងសង់ និងអនុញ្ញាតក្នុងស្រុកចំនួន៥ក្នុងឧទ្យានអង្គរ ក្នុងនោះរួមមាន៖ ស្រុកប្រាសាទបាគង អនុញ្ញាតចំនួន៥៤ករណី ស្រុកអង្គរធំ បានអនុញ្ញាតចំនួន១ករណី ស្រុកពួក បានអនុញ្ញាតចំនួន៤៦ករណី ក្រុងសៀមរាប អនុញ្ញាតបានចំនួន ១៩១ករណី និងស្រុកបន្ទាយស្រី អនុញ្ញាតបានចំនួន៣៤ករណី។
ក្រៅពីការងារចុះពិនិត្យអនុញ្ញាត និងសាងសង់នេះ ក្រុមការងារសហគមន៍ ក៏បានធ្វើសកម្មភាពមនុស្សធម៌ជាច្រើនផងដែរ ក្នុងរយៈពេលដូចគ្នានេះ ក្នុងនោះក្រុមការងារបានចុះសាកសួរសុខទុក្ខ និងនាំយកកញ្ចប់ទ្រទ្រង់សុខុមាលភាពម្តាយ និងទារកទៅឧបត្ថម្ភស្រ្តីទើបសម្រាលកូនក្នុងឧទ្យានអង្គរ បានចំនួន៦០៥កញ្ចប់ ក្នុងចំណោមកញ្ចប់ទាំងនោះ បានប្រគល់ជូនស្រ្តីកូនខ្ចីនៅស្រុកប្រាសាទបាគងចំនួន៩៦កញ្ចប់ ស្រុកអង្គរធំបានចំនួន ៦៩កញ្ចប់ ស្រុកពួក ចំនួន ២០៩កញ្ចប់ ក្រុងសៀមរាប ៩១កញ្ចប់ និងស្រុកបន្ទាយស្រី បានចំនួន១៤០កញ្ចប់៕