(បន្ទាយមានជ័យ)៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧នេះ រៀបចំផ្សព្វផ្សាយបំផុសចលនាផ្នែកនិពន្ធអក្សរសិល្ប៍ សិល្បៈ ដូចជារឿងខ្លី ចម្រៀង គំនូរ រូបថត និងភាពយន្តឯកសារ ក្រោមប្រធានបទ «ចំណងយុទ្ធសាមគ្គីភាពប្រទេសទាំងបី កម្ពុជា-វៀតណាម-ឡាវ»។
ពិធីនេះត្រូវបានធ្វើឡើងក្រោមវត្តមាន លោកឧត្ដមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដោយមានការចូលរួមពី លោកមេញ្ជាការរង នាយរងសេនាធិការ ប្រធាន-អនុប្រធានមន្ទីរ នាយ-នាយរងការិយាល័យ មេបញ្ជាការ-មេបញ្ជាការរង មូលដ្ឋានក្រុង-ស្រុក និងស្នាក់ការសន្តិសុខ ព្រមទាំងនាយទាហាន នាយទាហានរង ប្រមាណ១១៥នាក់។
លោកឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ បានលើកឡើងថា យោងតាមពិធីសារកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិ នៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម ប្រចាំឆ្នាំ២០១៧ និងយោងតាមសេចក្ដីសម្រេចលេខ៥១៤/QD.BCD ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ របស់អគ្គស្នងការនយោបាយ នៃកងទ័ពប្រជាជនវៀតណាម ស្ដីពីការដាក់ចេញបែបបទបំផុសចលនាផ្នែកនិពន្ ធអក្សរសិល្ប៍ សិល្បះ ចម្រៀង ក្រោមប្រធានបទ «ចំណងយុទ្ធសាមគ្គីភាពប្រទេសទាំងបី វៀតណាម-ឡាវ-កម្ពុជា» និងយោងតាមលិខិតលេខ ៨២០/២០១៧ សជណ ចុះថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ របស់អគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៥០ ថ្ងៃបង្កើតទំនាក់ទំនងការទូតកម្ពុជា-វៀតណាម ទើបអាវុធហត្ថខេត្តបន្ទាយមានជ័យ រៀបចំពិធីផ្សព្វផ្សាយដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថទាំងអស់ឲ្យយល់ដឹងពីការនិពន្ធអក្សរសិល្ប៍ សិល្បៈ។
លោកមេបញ្ជាការ បន្ថែមថា កិច្ចផ្សព្វផ្សាយនេះមានគោលបំណង ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើទី៥០ ថ្ងៃបង្កើតទំនាក់ទំនង ការទូត(២៤/៦/១៩៦៧-២៤/៦/២០១៧) និងឆ្នាំមិត្តភាព កម្ពុជា-វៀតណាម និងរំលឹកឡើងវិញនូវប្រពៃណីដ៍រុងរឿង និងពង្រឹង ពង្រីក ចំណងយុទ្ធសាមគ្គីភាព ស្មោះត្រង់ បរិសុទ្ធ របស់កងទ័ពប្រទេសទាំងបី កម្ពុជា-វៀតណាម-ឡាវ និងដើម្បីបន្តអភិវឌ្ឍរាល់ ទំនាក់ទំនងនេះក្នុងដំណាក់កាលថ្មីផងដែរ។
ជាចុងក្រោយ លោកឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ សំណូមពរឲ្យនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថទាំងអស់ ត្រូវយកចិត្ត ទុកដាក់ចាត់តាំងបំផុស និងចូលរួមចលនានិពន្ធអក្សរសិល្ប៍ សិល្បៈ ឲ្យបានទូលំទូលាយទៅតាមបែបបទ និងលក្ខខណ្ឌដែលបានកំណត់ ក្នុងផែនការណែនាំនេះផងដែរ៕