(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧នេះ បានបើកសិក្ខាសាលាបណ្តុះបណ្តាលស្តីពី ការពង្រឹងសមត្ថភាពជនបង្គោលយេនឌ័រ រយៈពេល៣ថ្ងៃ ដែលមានសិក្ខាកាមចូលរួមចំនួន២៥០នាក់ ក្នុងគោលបំណងពង្រឹងសមត្ថភាពជនបង្គោលយេនឌ័រ តាមអង្គភាពក្រោមឱវាទក្រសួងការងារ ឱ្យយល់ច្បាស់ពីអនុសាសន៍ទាំង១១ចំណុច របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអនុប្រធានកិតិ្តយស នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បី ស្រ្តីភាពជាអ្នកដឹកនាំ។
សិក្ខាសាលានេះ ធ្វើឡើងក្រោមអធិបតីភាពលោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ ដែលមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធមួយចំនួន។
ក្នុងឱកាសនោះ លោករដ្ឋមន្រ្តីបានថ្លែងថា ការពង្រឹងសមត្ថភាពរបស់ជនបង្គោលយេនឌ័រ ជាការងារមួយចាំបាច់ដែលទាមទារនូវការពង្រឹងសមត្ថភាពជាប្រចាំ ជាក់ស្តែងវគ្គបណ្តុះបណ្តាល រយៈពេល៣ថ្ងៃនេះ (០៤-០៦ ខែកក្កដា ឆ្នាំ២០១៧) រៀបចំឡើងក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពជនបង្គោលយេនឌ័រ តាមអង្គភាពក្រោមឱវាទក្រសួងការងារ ឱ្យយល់ច្បាស់ពីអនុសាសន៍ទាំង១១ចំណុច របស់សម្តេចតេជោ ហ៊ុន សែន ព្រមទាំងយល់ច្បាស់ពីក្របខណ្ឌគោលនយោបាយ លើកកម្ពស់ស្រ្តីភាពជាអ្នកដឹកនាំ នៅតាមក្រសួង-ស្ថាប័ន គោលគំនិតនៃការបញ្រ្ជាបយេនឌ័រ ខ្លឹមសារយោការយល់ដឹងដែលទទួលបាន ឲ្យទៅជាសកម្មភាព ជាក់ស្តែងពិតប្រាកដ។
លោកបន្តថា សម្រាប់ឆ្នាំ២០១៧នេះ ក្នុងការចូលរួមអនុវត្តអនុសាសន៍ ១១ចំណុច របស់សម្តេចតេជោ ហ៊ុន សែន ក្រសួងការងារមានចំណុចពាក់ព័ន្ធចំនួន៤ ក្នុងនោះអនុសាសន៍ទី១ ទី៦ ទី៩ និងទី១១ ដែលតម្រូវឱ្យគ្រប់អង្គភាពក្រោមឱវាទចូលរួមអនុវត្តឲ្យមានប្រសិទ្ធភាព ហើយសិក្ខាសាលានាថ្ងៃនេះ គឺជាសារមួយបង្ហាញពីការចូលរួមក្នុងការអនុវត្តអនុសាសន៍ទាំង១១ចំណុច របស់សម្តេចតេជោ ហ៊ុន សែន ផងដែរ។
លោក អ៊ិត សំហេង ក៏បានអំណរគុណដល់ក្រសួងកិច្ចការនារី និងក្រុមការងារយេនឌ័ររបស់ក្រសួងការងារ ដែលបានខិតខំប្រឹងប្រែងក្នុងការសម្របសម្រួល និងអនុវត្តគោលនយោបាយរាជរដ្ឋាភិបាល តាមរយៈកិច្ចសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងសង្គមស៊ីវិលនានា នៅក្នុងការលើកកម្ពស់ និងផ្តោតការយកចិត្តទុកដាក់ ជាពិសេសទៅលើសារៈសំខាន់របស់ស្រ្តី ដោយចាត់ទុកថា «ស្រ្តីគឺជាឆ្អឹងខ្នងក្នុងការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ»។
សូមជម្រាបថា រាជរដ្ឋាភិបាល បានផ្តោតទៅលើការធ្វើឲ្យមានសមភាពយេនឌ័រ នៅក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម តាមរយៈការកសាងសមត្ថភាពស្ត្រី ការកែប្រែឥរិយាបថសង្គមដែលមានការរើសអើងចំពោះស្ត្រី និងការធានានូវសិទ្ធិ និងឱកាសទទួលបាននូវការថែទាំសុខភាព ការអប់រំ ការបណ្តុះបណ្តាលមុខជំនាញ ការទទួលបានធនធានសេដ្ឋកិច្ច និងឱកាសចូលរួមប្រាស្រ័យដោយស្មើភាពក្នុងកិច្ចការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ក៏ដូចជាការទទួលបានកិច្ចការពារតាមផ្លូវច្បាប់ប្រកបដោយយុត្តិធម៌ ដើម្បីឲ្យស្ត្រីអាចជៀសផុតពីអំពើហិង្សា ការជួញដូរ ការរំលោភសេពសន្ថវៈ និងរាល់ទម្រង់ដ៏ទៃទៀតនៃអំពើហិង្សា។
ចំណែកចំណុចដ៏សំខាន់មួយទៀត ក្នុងកិច្ចការនេះ គឺការយកចិត្តទុកដាក់បង្កើនសមមាត្រនៃការចូលរួមរបស់ស្រ្តីឲ្យបានច្រើនជាអតិបរិមា ក្នុងស្ថាប័នជាតិគ្រប់កម្រិតតាំងពីថ្នាក់កណ្តាលរហូតដល់ថ្នាក់មូលដ្ឋាន៕