(តាកែវ)៖ អតីតមេបញ្ជាការកងរាជអាវុធហត្ថស្រុកអង្គបូរី ខេត្តតាកែវ លោក សុខ ឡេះ ត្រូវបានព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ ធ្វើការកោះហៅឲ្យចូលខ្លួន ទៅកាន់សាលាដំបូងខេត្តនៅថ្ងៃទី១៤ ខែកក្ដដា ឆ្នាំ២០១៧ខាងមុខ ដើម្បីសាកសួរពាក់ព័ន្ធទៅនិងការ ធ្វើអន្តរាគមន៍ជួយដល់អាជីវកម្មព្រៃឈើ (ចាប់ជំរិតទារប្រាក់ពីរថយន្តដឹកឈើចំនួន១៥០០ដុល្លារ)។
យោងតាមដីការកោះដែលអង្គភាព Fresh News បានទទួលនៅថ្ងៃទី៤ ខែកក្ដដា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា «លោក ផាន់ សុភ័ក្រ តំណាងអាយ្យការអមសាលាដំបូង ខេត្តតាកែវ បានកោះអញ្ជើញលោក សុខ ឡេះ ភេទប្រុស អាយុ៤៧ឆ្នាំ មានទីលំនៅក្នុងភូមិ១ សង្កាត់រកាក្នុង ក្រុងដូនកែវ ឲ្យចូលខ្លួនមកកាន់អយ្យការអមសាលាដំបូងខេត្តតាកែវ នៅថ្ងៃទី១៤ ខែកក្ដដា ឆ្នាំ២០១៧ វេលាម៉ោង៩ព្រឹក ដើម្បីសាកសួរពីដំណើររឿងធ្វើ អន្តរាគមន៍ជួយដល់អាជីវកម្មព្រៃឈើ។
លោក ផាន់ សុភ័ក្រ អ្នកនាំពាក្យអមសាលាដំបូងខេត្តតាកែវ និងជាអ្នកចេញដីការកោះហៅនោះបានថ្លែងប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ការចេញដីការកោះហៅលោក សុខ ឡេះ ឲ្យចូលខ្លួនមកកាន់អយ្យការអមសាលាដំបូងនេះ គឺបន្ទាប់ពីមានការចុះផ្សាយ ព័ត៌មានថា លោក សុខ ឡេះ បានជំរិតទារលុយពីរថយន្តដឹកឈើកាលពីពេលថ្មីៗនេះ។
លោកបានថ្លែងថា «មិនមានអ្នកប្ដឹងគាត់នោះទេ។ ដើមបណ្ដឹងគឺអយ្យការ ព្រោះឃើញមានសារព័ត៌មានបានចុះផ្សាយថា គាត់បាន ជំរិតទារប្រាក់ពីរថយន្តដឹកឈើ ហេតុដូច្នោះបានជាយើងកោះហៅ គាត់មកសួរថា រឿងនេះជាការពិតឬយ៉ាងណា?»។
គួបញ្ជាក់ថា អតីតមេបញ្ជាការអាវុធហត្ថស្រុកអង្គរបុរី ខេត្តតាកែវ លោក សុខ ឡេះ ដែលបច្ចុប្បន្នបម្រើការងារនៅទីបញ្ជាការដ្ឋាន អាវុធអាហត្ថខេត្ត បានរងការចោទថា បានចាប់ឡានដឹកឈើចំនួន២ឡាន ដោយជំរិតទារប្រាក់ចំនួន១៥០០ដុល្លារ ជាថ្នូរដោះលែងវិញ កាលពីយប់ថ្ងៃទី៨ ខែមិថុនា កន្លងទៅនេះ។ បើតាមប្រភពព័ត៌មានលោក សុខ ឡេះ បានដឹកនាំកម្លាំងអាវុធហត្ថ៤នាក់ ជិះអូរប័រ ចុះទៅចាប់ឈើ២ឡានសាំយ៉ុង ដល់ចំណុចកោះទ្រា ស្រុកអង្គបុរី ដោយជំរិតយកលុយគេ១៥០០ដុល្លារ ដោយប្រាប់ថា ថ្នាក់លើឲ្យយក ជាថ្នូនិងការដោះលែង៕