(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចទទួលរ៉ាប់រងទាំងស្រុងទៅលើ ដំណើរការរបស់មជ្ឈមណ្ឌលតំបន់ អាស៊ានសម្រាប់ សកម្មភាពមីន (ARMAC) រយៈពេលពីរឆ្នាំ គឺឆ្នាំ២០១៧ និង២០១៨។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសកម្ពុជា។
ការសម្រេចនេះបានធ្វើឡើងក្នុងកិច្ចប្រជុំលើកទី៣ របស់គណៈកម្មាធិការអចិន្ត្រៃយ៍នៃមជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន (ARMAC) ដែលបានធ្វើឡើងនៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
លោក គ្រីស្តូហ្វឺរ ម៉ុនតេរ៉ូ (Christopher B. MONTERO) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋហ្វីលីពីនប្រចាំ ព្រះរាជាណាចក្រកម្ពុជា ជាប្រធាននៃគណៈកម្មាធិការអចិន្ត្រៃយ៍របស់មជ្ឈមណ្ឌល និងបានដឹកនាំកិច្ចប្រជុំនេះ ដោយមានការចូលរួម ពីតំណាងរបស់ប្រទេសសមាជិកអាស៊ានទាំងអស់ លេខាធិការដ្ឋានអាស៊ាន និងនាយកប្រតិបត្តិបណ្តោះអាសន្នមជ្ឈមណ្ឌល ARMAC។
បើតាមសេចក្តីប្រកាសព័ត៌មានដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧នេះ បានគូស បញ្ជាក់ថា កិច្ចប្រជុំបានពិភាក្សាផ្ដោតសំខាន់លើដំណើរការរបស់មជ្ឈមណ្ឌល រួមមានការពិនិត្យលើសំណើ កែសម្រួលថវិកាដំណើរការ ប្រចាំឆ្នាំ២០១៧ ផែនការការងាររបស់មជ្ឈមណ្ឌលសម្រាប់ឆ្នាំ២០១៧-២០១៨ និងដំណើរការជ្រើសរើសនាយកប្រតិបត្តិ។
សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា ក្នុងនាមម្ចាស់ផ្ទះ រាជរដ្ឋាភិបាលកម្ពុជាបានផ្ដល់ថវិកាទាំងស្រុង សម្រាប់ដំណើរការរបស់ មជ្ឈមណ្ឌលក្នុងរយៈពេល២ឆ្នាំដំបូង (២០១៧-២០១៨)។ តែទោះជាយ៉ាងណា ក្នុងសេចក្តីប្រកាសនេះ មិនមានបង្ហាញពីទំហំទឹកដែលប្រើ សម្រាប់ចំណាយលើការប្រតិបត្តិការនៅក្នុងមជ្ឈមណ្ឌលនេះនៅឡើយនោះទេ។
សូមរំឭកឡើងថា ការបង្កើតឲ្យមានមជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីនគឺជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន អំឡុងពេលកម្ពុជាធ្វើជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ានលើកទី២១ នៅឆ្នាំ២០១២។ ទីស្នាក់ការនៃមជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់ សកម្មភាពមីនត្រូវបានសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦ ក្រោមអធិបតីភាពលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយមានការចូលរួមពីតំណាងបេសកកម្មការទូត និងអង្គការពាក់ព័ន្ធ។
ក្នុងពេលរង់ចាំការជ្រើសរើសនាយកប្រតិបត្តិជាផ្លូវការ នាយកប្រតិបត្តិបណ្ដោះអាសន្នបានចូលបម្រើការងារចាប់តាំងពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧។ មជ្ឈមណ្ឌល ARMAC កំពុងដើរតួនាទីជាមជ្ឈមណ្ឌលឧត្តមភាពសម្រាប់ជួយប្រទេសសមាជិកអាស៊ាន ដែលមានចំណាប់ អារម្មណ៍ ក្នុងការស្រាវជ្រាវ ចែករំលែកចំណេះដឹង និងលើកកម្ពស់ការយល់ដឹងស្តីពីផលប៉ះពាល់នៃសំណល់ជាតិផ្ទុះពីសង្រ្គាម និងលើកទឹកចិត្តឲ្យមានកិច្ចខិតខំប្រឹងប្រែង ដើម្បីដោះស្រាយបញ្ហានេះ៕