(កំពង់ធំ)៖ មន្ត្រីជំនាញផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម សហការជាមួយកម្លាំងអាវុធហត្ថស្រុកសន្ទុក បានបង្រាបរថយន្តក្រុងដឹកឈើប្រណិតមួយគ្រឿង ដោយរកឃើញឈើប្រណិតប្រភេទធ្នង់៧៧ដុំ និងសុក្រំ៣៩សន្លឹក នៅយប់រំលងអាធ្រាត្រចូលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតនៅចំណុចភូមិព្រៃភ្លូ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។
លោ សុទ្ធ ម៉ារី នាយផ្នែករដ្ឋបាលរដ្ឋព្រៃឈើកំពង់ថ្ម បានថ្លែងប្រាប់អង្គភាព Fresh News ឲ្យដឹងថា រថយន្តក្រុងមួយគ្រឿងដឹកឈើប្រណិតពាក់ ស្លាកលេខភ្នំពេញ 3C-6871 ពណ៌ខៀវឆ្នូតសរ ត្រូវបានជំនាញផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម សហការជាមួយកម្លាំងអាវុធហត្ថស្រុកសន្ទុក ស្ទាក់ចាប់បាននៅវេលាម៉ោង១៖៣០នាទីរំលងអាធ្រាត្រឈានចូល ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៧នេះ តាមបណ្តោយផ្លូវជាតិលេខ៦ ត្រង់ចំណុចភូមិព្រៃភ្លូ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។
លោ សុទ្ធ ម៉ារី បានបន្តថា មុនធ្វើការស្ទាកចាប់រថយន្តក្រុងដឹកឈើប្រភេទធ្នង់ និងសុក្រំនេះ លោកបានទទួលព័ត៌មានពីបណ្តាញរបស់លោកសង្ស័យថា រថយន្តក្រុងនេះ ដឹកឈើប្រណិត ចេញពីខេត្តព្រះវិហារ កម្លាំងក្រោមឱវាទលោកបានធ្វើការឆែកឆេរមើល ក្នុងរថយន្តក៏ឃើញឈើប្រណិត ជាច្រើនសន្លឹកនៅក្នុងរថយន្តមែន ហើយធ្វើការឃាត់រថយន្តទុកដើម្បីយកមកផ្នែករដ្ឋបាលព្រៃកំពង់ថ្ម ដើម្បីធ្វើការវាស់វែង។
វត្ថុតាងដកហូតបានរួមមាន៖ ប្រភេទឈើ សុក្រំចំនួន៣៩សន្លឹកស្មើរ(៣.២៣២) ស្មើរនឹង៣ម៉ែតគីប២ផ្លានជាប្រភេទធ្នង់ចំនួន៧៧ដុំ ស្មើរ០.៣៧០ម៉ែត្រគីប។ តៃកុងរថយន្តឈ្មោះ ប៉ិល វឿន អាយុ៤៤ឆ្នាំ មានទីលំភូមិតាមត្រពាំង ឃុំរវា ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ បើតាមសម្តីតៃកុងរថយន្តគាត់និយាយថា គាត់ស៊ីឈ្នួលដឹកឲ្យគេក្នុងមួយជើងទទួលបានតំលៃ៥០,០០០រៀល ដែលដឹកចេញពីព្រះវិហារ ឆ្ពោះទៅរាជធានីភ្នំពេញ។
បច្ចុប្បន្នវត្ថុតាង និងតៃកុងឡានត្រូវបានមន្រ្តីផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម បញ្ជូនបញ្ជាការដ្ឋានរដ្ឋាបាព្រៃឈើដើម្បីកសាងសុំណុំរឿងបញ្ជូនទៅ សាលាដំបូងខេត្តកំពង់ធំ ចាត់ការទៅតាមផ្លូវច្បាប់៕