(ភ្នំពេញ)៖ ដោយខ្លាចប៉ះពាល់សុខភាពប្រជាពលរដ្ឋ និងដើម្បីលើកកម្ពស់បញ្ហាបរិស្ថាន កាន់តែប្រសើរឡើងនោះ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានចេញមកជម្រុញបន្ថែមឲ្យក្រុមហ៊ុនស៊ុនទ្រី ដែលជាផ្នែកមួយដ៏សំខាន់ ធ្វើយ៉ាងណាជួយពន្លឿន ក្នុងការប្រមូលកាកសំណល់សម្រាមផ្សេងៗឲ្យអស់ នៅក្នុងភូមិសាស្ត្រខណ្ឌឫស្សីកែវ ក្នុងការជួយសម្អាតបរិស្ថានល្អបរិសុទ្ធ ជុំវិញការរស់របស់ប្រជាពលរដ្ឋ ហើយក៏ដើម្បីលើកកម្ពស់ សោភ័ណ្ឌភាពរាជធានីភ្នំពេញផងដែរ។
ការជម្រុញឲ្យខាងក្រុមហ៊ុនស៊ុនទ្រី ជួយពន្លឿនការប្រមូលកាកសំណល់សម្រាមខាងលើនេះដែរ ត្រូវបានលោក ជា ពិសី លើកឡើងបន្ទាប់ពី បានដឹកនាំក្រុមការងារ ដោយសហការជាមួយក្រុមហ៊ុនស៊ុនទ្រី ដើម្បីចុះទៅរៀបចំសណ្ដាប់ធ្នាប់ ក៏ដូចជាធ្វើការបោសសម្អាតលើសួនច្បារ និងតាមបណ្ដោយផ្លូវសាធារណៈ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ស្ថិតក្នុងក្រុម៦ ភូមិ២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ។
រួមដំណើរពីមន្ត្រីពាក់ព័ន្ធមួយចំនួនរួមមាន៖ ប្រធានការិយាល័យអន្តរវិស័យខណ្ឌ លោក ស្មាស រិទ្ធី ប្រធានការិយាល័យបរិស្ថានខណ្ឌ លោក ហ៊យ ស៊ីណែត មន្ត្រីទទួលបន្ទុកផ្នែកបរិស្ថានខណ្ឌលោក ផាន់ តុលា ចៅសង្កាត់ច្រាំងចំរេះទី២ លោក វ៉ាន់ ផន និងមេភូមិ រួមនិងកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌជាច្រើននាក់ថែមទៀត។
ក្នុងសកម្មភាពសម្អាតបរិស្ថាននេះ លោក ជា ពិសី បានណែនាំឲ្យប្រជាពលរដ្ឋទាំងអស់ មានការយល់ដឹងឲ្យបានខ្ពស់ ក្នុងការវិចខ្ចប់ទុកដាក់ កាកសំណល់សម្រាមផ្សេងៗ ឲ្យបានត្រឹមត្រូវ ដើម្បីការពារបានពីជុំងឺឈឺថ្កាត់ផ្សេងៗ ដែលបង្កចេញពីប្រភព នៃកាកសំណល់សម្រាមនេះឯង ពិសេសគឺដើម្បីចូលរួមចំណែកលើកកម្ពស់បរិស្ថាន ទីក្រុងស្អាត ខ្យល់អាកាសបរិសុទ្ធ និងមានភាពងាយស្រួលសម្រាប់ក្រុមហ៊ុនស៊ុនទ្រី ដែលជាផ្នែកមួយដ៏សំខាន់ ដើម្បីធ្វើការប្រមូលកាកសំណល់សម្រាមទាំងនោះយកទៅចោល៕