(កោះកុង)៖ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមប្រកាសតែងតាំងចៅសង្កាត់ ដែលទើបជាប់ឆ្នោតអាណត្តិទី៤ ឆ្នាំ២០១៧ ឲ្យចូលកាន់តំណែងជាចៅសង្កាត់ស្មាច់មានជ័យ ចៅសង្កាត់រងទី១ និងទី២ ប្រធានក្រុមប្រឹក្សាឃុំ សង្កាត់នៃរដ្ឋបាលសង្កាត់ ស្ទឹងមានជ័យបន្តទៀត នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៧នេះ។
ក្នុងពិធីប្រកាសសុពលភាពចៅសង្កាត់លោកស្រី មិថុនា ភូថង បានផ្តាំផ្ញើទៅលោកចៅសង្កាត់ទាំងអស់ ដែលជាប់ឆ្នោតត្រូវតែខិតខំប្រឹងប្រែងអភិវឌ្ឍភូមិ សង្កាត់ របស់ខ្លួនឲ្យមានការរីកចម្រើន ហើយរក្សាសុវត្តិភាព និងបម្រើសេវាសាធារណៈជូនម្ចាស់សន្លឹកឆ្នោតដែលផ្តោត ចេញពីការគាំទ្ររបស់ពួកគាត់ ហើយត្រូវយកចិត្តដាក់ទៅលើការរស់នៅ ជាប្រចាំរបស់ពួកគាត់ ឲ្យមានសុវត្តិភាពក្នុងភូមិសង្កាត់ដោយមិនប្រកាន់និន្នា ការនយោបាយបក្សណាឡើយ។
លោក ស្រី អភិបាលខេត្ត បានសង្កត់ធ្ងន់ៗថា «បើមន្រ្តីរូបណាមានធ្វើអសកម្ម ឬមានការប៉ះពាល់ដល់ប្រជាពលរដ្ឋ ត្រូវអញ្ជើញគាត់មកធ្វើការអបរំ ណែនាំឬធ្វើកិច្ចសន្យាមិនឲ្យមានបន្តទៀត ហើយយើងទាំងអស់គ្នាយកប្រជាពលរដ្ឋជាធំ ជាក្រុមគ្រួសារតែ១ មិនត្រូវយកបុគ្គលជាធំទេ ត្រូវបម្រើ ប្រជាពលរដ្ឋឲ្យបានល្អ នឹងត្រូវបង្កើនមតិរួមគ្នាដើម្បីអភិវឌ្ឍភូមិសង្កាត់ឲ្យមានភាពរីកចម្រើនរឹងមាំដើម្បីប្រជាជនបើភូមិ ឃុំ ណាមានសុវត្ថិភាពរីកចម្រើនជីវភាពពលរដ្ឋ ក៏មានការធូរធាដែរ»។
លោក នាម យ៉ុង ចៅសង្កាត់ដែលមានការគាំទ្រ៣អាណត្តិជាប់គ្នា បានការប្តេជ្ញាចិត្តថា ក្នុងនាមលោកជាប្រធានក្រុមប្រឹក្សា និងជាចៅសង្កាត់ស្មាច់មានជ័យ ក្នុងអាណត្តិទី៤ ឆ្នាំ២០១៧ លោកនឹងធ្វើការប្តេជ្ញាចិត្តដើម្បីបន្តការអភិវឌ្ឍ ភូមិសង្កាត់ សម្រាប់អាណត្តិទី៤ ឆ្នាំ២០១៧ ដល់ឆ្នាំ២០២២ ត្រូវកសាងឡើងដោយឈរលើមូលដ្ឋានជាក់ស្តែង ព្រមទាំងមានឆ្លើយតបទៅនឹងសំណូមពររបស់ម្ចាស់សន្លឹកឆ្នោតក្នុងការអភិវឌ្ឍ ភូមិឃុំ សង្កាត់ ហើយត្រូវជួយលើកស្ទួយកម្រិតជីវភាពរស់នៅ របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឲ្យកាន់តែប្រសើរឡើងៗ ឥតឈប់ឈរ។
លោក នាម យ៉ុង បានបន្តថា ពង្រឹងលើកកម្ពស់សមត្ថភាព នឹងកែលំអរឥរិយាថរបស់ក្រុមប្រឹក្សាកាន់តែល្អប្រសើរក្នុងការផ្តល់សេវារដ្ឋបាលនានា ជូនប្រជាពលរដ្ឋ ឲ្យបានឆាប់រហ័សប្រកបដោយគុណភាព ហើយខិតខំរក្សាសុវត្តិភាពសន្តិសុខក្នុងភូមិ ឃុំ សង្កាត់ ឲ្យមានសុវត្តិភាពគ្រប់មូលដ្ឋាន ជូនប្រជាពលរដ្ឋ ដោយមិនគិតពីការហឿយហត់ឡើយ៕