(កំពង់ធំ)៖ លោកស្រី ខៀវ ស៊ីណា ជា ចាន់តូ អនុប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ និងសហការីបានប្រកាសជួយឧបត្ថម្ភក្បឿង សម្រាប់បង្ហើយដំបូលសាលាឆាន់វត្តរស្មីជ័យមង្គល ស្ថិតនៅឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ តបតាមការបិណ្ឌបាត្ររបស់ព្រះសង្ឃ និងប្រជាពុទ្ធបរិសទ័ចំណុះជើងវត្ត ក្នុងនោះដែរ លោកស្រីក៏បាននាំគ្រឿងឧបភោគបរិភោគ ទៀនព្រះវស្សា និងបច្ច័យទៅប្រគេនដល់ព្រះសង្ឃចំនួន១៧ វត្តក្នុងស្រុសសន្ទុក ខេត្តកំពង់ធំ។
បច្ចុប្បន្ននេះ សាលាឆាន់វត្តរស្មីជ័យមង្គល សម្រេចការសាងសង់ បានប្រមាណ៥០%ហើយ ដែលសងពីថ្មប្រកក្បឿង មានបណ្ដោយ២៦ម៉ែត្រ ទទឹង២៣ម៉ែត្រ ផ្ដួចផ្ដើមកសាងដោយព្រះសង្ឃ ប្រជាពុទ្ធបរិស័ទ និង ការជួយឧបត្ថម្ភពីលោក ជា ចាន់តូ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកសន្ទុក និងលោកស្រី។
លោស្រីបន្ដទៀតថា ដើម្បីធ្វើឲ្យសង្គមជាតិ ទទួលបានការអភិវឌ្ឍន៍ថ្មីៗបន្ថែមទៀត ត្រូវរក្សាឲ្យបានូវសុខសន្តិភាព ពិសេសការសាមគ្គីភាព និងការស្រុះស្រួលជាតិជាធ្លុងមួយ រីឯវិស័យព្រះពុទ្ធសាសនាវិញ ក៏ដូចគ្នាដែរប្រសិទ្ធិប្រទេសជាតិ ជួបវិបត្តិការបែកបាក់នោះគឺមិនមានសេចក្ដីសុខ និងការរីកចម្រើនដូចពេលនេះដែរ។ ដូចនេះដើម្បីភាពរីកចម្រើន និងការរស់នៅដោយសេចក្ដីសុខស្ងប់ទៅបាននោះ ត្រូវតែមានការយោគយល់គ្នាខុសត្រូវអ្វីមួយ ឬមានការខ្វះខាតក្នុងប្រការណាមួយត្រូវ យកបញ្ហានោះមកជជែកដោះស្រាយ ទើបជាការប្រសើរ។
ក្នុងនាមជាប្រជាពុទ្ធបរិស័ទខ្មែរ ដែលប្រកាន់ខ្ជាប់ ចំពោះព្រះពុទ្ធសាសនានោះ លោកស្រី ខៀវ ស៊ីណា និងលោក ជា ចាន់តូ នៅឆ្នាំនេះក៏មិនខុសពីបណ្ដាឆ្នាំមុនៗដែរ លោកស្រី និងក្រុមការងារនារី ក៏បាននាំយកទៀនព្រះវស្សា និងគ្រឿងឧបភោគបរិភោគ ទៅប្រគេនដល់ព្រះសង្ឃទូទាំង ស្រុកសន្ទុកទាំង៤៤វត្ត តាមទំនៀមទំលាប់ព្រះពុទ្ធសាសនាដែលក្នុង១វត្តៗ ទទួលបានព្រះវស្សា១គូ, អង្ករ, ទឹកសុទ្ធ ទឹកក្រូច, មី, ស្កសរ, ទឹកដោះគោ, កាហ្វេ, ត្រីខ, តែ, ទឹកស៊ីអ៊ីវ, ទឹកត្រី, ប៊ីចេង,អំបិល និង បច្ច័យ២៨ម៉ឺនរៀល និងបានចែកក្រណាត់ស និងថវិកាជូនដល់លោកយាយ លោកតា គណៈកម្មការវត្ត និងលោកអាចារ្យដែល បានចូលរួមផងដែរ៕