(ភ្នំពេញ)៖ និសិ្សតប្រមាណ៥០០នាក់ នៃសាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល បានសហការជាមួយមជ្ឈ មណ្ឌលជាតិផ្តល់ឈាម រួមជាមួយនឹងក្រុមហ៊ុនទឹកពិសាវីតាល់ នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧នេះ បានប្រារព្ធពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ក្រោមប្រធានបទ «កុំរង់ចាំគ្រាអាសន្នមកដល់ សូមផ្តល់ឈាម ផ្តល់ឥឡូវ ផ្តល់ឲ្យបានច្រើនដង» ក្រោមវត្តមានលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ហុក គីមចេង ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម លោក សុផុន វឌ្ឍនៈ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល លោក អ៊ុំ វណ្ណៈ តំណាងក្រុមហ៊ុនវីតាល់ ។
លោកវេជ្ជបណ្ឌិត ហុក គឹមចេង ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានថ្លែងថា ក្នុងមួយថ្ងៃៗជនរងគ្រោះត្រូវការឈាម នៅក្នុងមន្ទីរពេទ្យរាជធានីភ្នំពេញ ចាប់ពី ១៨០ប្លោកទៅ ២០០ប្លោក។ លោកវេជ្ជបណ្ឌិតក៏បានថ្លែងអំណគុណ ដល់ និស្សិតនៃសាកលវិទ្យាល័យសុខាភិបាល ក៏ដូចជាសាកលវិទ្យាល័យជាតិ និងឯកជនដទៃទៀត ដែលបាន ធ្វើការបរិច្ចាគឈាមយ៉ាងច្រើនកុះករ ជូនដល់មជ្ឈមណ្ឌលក្នុងកំឡុងពាក់កណ្តាលឆ្នាំ ២០១៧នេះ ។
លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា ការបរិច្ចាគឈាម គឺការប៉ះពាល់ដល់សុខភាពនោះទេ ផ្ទុយទៅវិញវាជាសកម្មភាពល្អមួយ សម្រាប់ជួយជនរងគ្រោះ ដែលអាចជួយសង្គ្រោះជីវិតមនុស្សបាន ។
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអបអរសាទរដល់ទឹកចិត្តសប្បុរសធម៌ របស់និស្សិតពេទ្យទាំងឡាយ ដែលក្មួយៗមានសណ្តានចិត្តសប្បុរសក្នុងការបរិច្ចាគឈាម ។ លោករដ្ឋមន្រ្តីបានថ្លែងថា ទង្វើនេះបានបង្ហាញយ៉ាងច្បាស់ នូវឆន្ទៈសាមគ្គីភាពរបស់យុវជនខ្មែរជំនាន់ថ្មី ហើយសកម្មភាពបែបនេះ គឺនឹងនៅតែបន្តឲ្យកាន់តែច្រើនក្នុងសង្គមខ្មែរយើង ។
លោក សុផុន វឌ្ឍនៈ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានសម្តែងនូវការស្វាគន៍យ៉ាងកក់ក្តៅ ចំពោះមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក៏ដូចជាក្រុមហ៊ុន វីតាល់ ដែលតែងតែរួមចំណែក ក្នុងការរៀបចំកម្មវិធីសប្បុរសនេះឡើងម្តងទៀត ក្នុងបរិវេណសាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល ថាកម្មវិធីលើកនេះធ្វើឡើងដើម្បី រួមចំណែកជាមួយរាជរដ្ឋាភិបាល និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម សម្រេចឲ្យបាន ១០០% នៃអ្នកផ្តល់ឈាមដោយស្ម័គ្រចិត្តក្នុងឆ្នាំ២០២០ តាមអនុសាសន៍របស់ WHO សាកលវិទ្យាល័យនឹងខិតខំប្រឹងប្រែង បន្តធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយ ប្រមូលអ្នកស្ម័គ្រចិត្តផ្តល់ឈាម ឲ្យបានកាន់តែច្រើនថែមទៀត ដើម្បីធ្វើជាគំរូ ឈានមុខក្នុងសកម្មភាពមនុស្សធម៌នេះ ។
លោក អ៊ុំ វណ្ណៈ តំណាងក្រុមហ៊ុនវីតាល់ បានឲ្យដឹងថា ដើម្បីលើទឹកចិត្ត និងជំរុញការបរិច្ចាគឈាម ដោយស្ម័គ្រចិត្ត ឲ្យមានសន្ទុះកើនឡើងកាន់តែខ្លាំងទូទាំងប្រទេស វីតាល់តែងតែផ្តល់ការឧបត្ថម្ភដល់ការផ្សព្វផ្សាយ គ្រប់បណ្តាញ ប្រពន្ធ័ផ្សព្វផ្សាយនានា ព្រមទាំងបានផ្តល់នូវទឹកពិសាគុណភាពខ្ពស់ វីតាល់៦ដប រួមជាមួយនឹងថង់យួរដ៏ស្រស់ស្អាត សម្រាប់អ្នកផ្តល់ឈាមទាំងអស់ ។
លោក វណ្ណៈ បានបន្តថា វីតាល់ពិតជារីករាយ នៅពេលដែលឃើញ សន្ទុះនៃការចូលរួមក្នុងសម្មភាពមនុស្សធម៌ គ្រប់រូបភាព ក្នុងសង្គមរបស់ប្រជាពលរដ្ឋខ្មែរទូទៅ ជាពិសេសប្អូនៗសិស្ស-និសិ្សត ។ ដូច្នេះហើយ វីតាល់ បេ្តជ្ញាថា នឹងនៅតែបន្តគាំទ្រ យ៉ាងពេញទំហឹងចំពោះកម្មវិធីសប្បុរសធម៌គ្រប់រូបភាពបន្ថែមទៀត ដើម្បីជាសក្ខីភាពនៃការចូលរួមរបស់ អតិថិជនវីតាល់ក្នុងមូលនិធិ ២៥៛ ពីការលក់ទឹកមួយដប៕