(​សៀមរាប​)​៖ លោក ឃឹម ប៊ុនសុង អភិបាល​ខេត្តសៀមរាប និង​លោកស្រី បាននាំយកនូវទៀនព្រះវស្សា ​ទេយ្យវត្ថុ រួមទាំងបច្ច័យ យកទៅវេរប្រគេនព្រះសង្ឃគង់នៅចាំព្រះវស្សា វត្តរាជបូណ៌ ស្ថិតក្នុងក្រុងសៀមរាប នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧នេះ ដោយមានការចូលរួមពី ​លោក លោកស្រី មន្ត្រីរាជការ និងពុទ្ធបរិស័ទចូលរួមផងដែរ​។

បន្ទាប់ពីព្រះសង្ឃចម្រើនព្រះបរឹត្ត និងតាមការធ្វើកិច្ចទៅកម្មវិធីរបស់លោកតាអាចារ្យ ក៏បានប្រារព្វធ្វើពិធីវេរប្រគេន ទៀនព្រះវស្សា ទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា​ ដើមី្បឧទ្ទិសកុសលផលបុណ្យដល់បុព្វការីជន សាច់សាលោកហិត កម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានពលី មរណៈ ក្នុងបុព្វហេតុជាតិមាតុភូមិ និង​ការអភិវឌ្ឍន៍ប្រទេស​ឲ្យមានការរីកចម្រើន​ដែលបានចែកឋានទៅកាន់លោកខាងមុខផងដែរ​។  

ម៉្យាងទៀត​ការ​ប្រគេន​ទៀន​ព្រះវស្សា​នេះ គឺជា​ការ​ប្រារ​ឰ​ធ្វើទៅតាម​ទំនៀម​ទំលាប់​ប្រពៃណីព្រះពុទ្ធសាសនា ដែលមាននា​សម័យកាល​យូ​លង់​​មកហើយ នៅជារៀងរាល់ឆ្នាំ និង​ដើម្បី​ប្រគេន​ព្រះសង្ឃ ​ដែលគង់ចាំព្រះវស្សាក្នុងរយៈពេលមួយត្រីមាស​។

លោក​ ឃឹម ប៊ុនសុង បានលើកឡើងថា សម្រាប់ប្រជាពលរដ្ឋ និង​បងប្អូនពុទ្ធបរិស័ទ អំពីទីវត្តអារាម គឺ​មិនត្រឹមតែបម្រើវិស័យសាសនា ជាទីសក្ការៈបូជារបស់បងប្អូនពុទ្ធបរិស័ទប៉ុណ្ណោះទេ គឺជាទីកន្លែងដែលប្រមូលផ្តុំនូវវប្បធម៌ និង​ជាថ្នាលបណ្តុះបណ្តាលធនធានមនុស្ស ជាជង្រុកនៃគ្រឹះអក្សរសាស្ត្រជាតិ អរីយធម៌ ​វប្បធម៌ខ្មែរ​។

លោក​​បញ្ជាក់ថា ការដង្ហែនូវទៀនព្រះវស្សាយកមកវេរប្រគេនព្រះសង្ឃ នៅវត្តរាជបូណ៌ នាពេលនេះ​​ គឺ​ជាការគោរពប្រពៃណីសាសនាព្រះពុទ្ធ ត្រូវចូលកាន់ព្រះវស្សា ក្នុងរយៈពេលអស់មួយត្រីមាស ដែលព្រះសង្ឃគង់ចាំព្រះវស្សានៅក្នុងទីវត្ត ទើបថ្ងៃនេះត្រូវបានគណៈអភិបាល និងក្រុមប្រឹក្សាខេត្ត សប្បុរសជនក្នុងខេត្ត បានដង្ហែរយកមកវេរប្រគេនដល់ព្រះសង្ឃនៅតាមវត្ត ដើម្បីព្រះសង្ឃយកទៅដុតបំភ្លឺ​បូជាថ្វាយព្រះ និងសិក្សារៀនសូត្រនូវ គម្ពីធម៌វិន័យ ព្រះសម្មាសាម្ពុទ្ធ ព្រះបរមគ្រូ​។

សម្ភារៈ​បរិក្ខាដែលបានប្រគេនព្រះសង្ឃ​នាឱកាសនោះ មានទៀនវស្សា​០១គូ និងគ្រឿងឧបភោគបរិភោគ ចំនួន​១១​មុខ និង​បច្ច័យ​ចំនួន​៣លាន​៧០ម៉ឺនរៀល និង​ប្រាក់ដុល្លា​១៧០ដុល្លា ក្នុងនោះដែរលោក ឃឹម ប៊ុនសុង និង​លោកស្រី បានជូនថវិកាដល់សីលវន្ត័ សីលវតី​ម្នាក់ៗ​១ម៉ឺនរៀលផងដែរ​៕