(ភ្នំពេញ)៖ លោក នី ចរិយា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចូលបំពេញការងារក្នុងតំណែងរបស់ខ្លួនជាធម្មតាវិញហើយ បន្ទាប់ពីត្រូវបានតុលាការចេញសេចក្ដីសម្រេចឲ្យក្រៅឃុំបណ្ដោះអាសន្ន កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧។ នេះបើតាមលោក ខន កែវមនោ ប្រធាននាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ ថ្លែងប្រាប់អង្គភាព Fresh News នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧នេះ។
កន្លងមក លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានឲ្យដឹងថា ចំពោះការអនុញ្ញាតឲ្យលោក នី ចរិយា ចូលធ្វើការបានវិញ ឬអត់ ត្រូវរងចាំការបញ្ជាក់ពីតុលាការឲ្យច្បាស់លាស់សិន ព្រោះការដែលតុលាការដោះលែងឲ្យលោក នី ចរិយា នៅក្រៅឃុំបណ្ដោះអាសន្ន កាលពីពេលកន្លងទៅនោះ ដូចជាមិនមានភាពច្បាស់លាស់ ចំពោះរឿងចូលធ្វើការវិញនេះឡើយ។
ជុំវិញការចូលបំពេញការងារសារជាថ្មីនេះ លោក ខន កែវមនោ បានថ្លែងយ៉ាងដូច្នេះថា «គ.ជ.ប អត់បានលុបឈ្មោះគាត់ (លោក នី ចរិយា) ចេញពីមន្រ្តីបោះឆ្នោតទេ ដូច្នេះគាត់នៅតែមន្រ្តីបោះឆ្នោតដដែល ហើយខ្ញុំមិនបានតាមដានគាត់ចូលធ្វើការពីថ្ងៃណាទេ តែឃើញគាត់មកធ្វើការហើយ ក្នុងបន្ទប់ធ្វើការរបស់គាត់»។
លោក កែវមនោ បានបន្តថា ចំពោះការកោះហៅលោក នី ចរិយា ឲ្យចូលខ្លួនដោះស្រាយរឿងក្ដីបន្តទៀតយ៉ាងណានោះ គ.ជ.ប គ្មានសិទ្ធិអំណាចលូកដៃជាមួយស្ថាប័នមួយនេះនោះឡើយ ពោលគឺជាបញ្ហារបស់សាម៉ីខ្លួនរបស់លោក នី ចរិយា ផ្ទាល់។
សូមបញ្ជាក់ថា លោក នី ចរិយា ត្រូវបានតុលាការចោទប្រកាន់ពីបទ សមគំនិតក្នុងអំពើសូកប៉ាន់សាក្សី តាមមាត្រា២៩ និងមាត្រា៥៤៨ នៃក្រមព្រហ្មទណ្ឌ។ ដោយឡែកលោក នី សុខា ប្រធានផ្នែកស៊ើបអង្កេតសមាគមអាដហុក លោក យី សុខសាន្ត អនុប្រធានសមាគមអាដហុក លោក ណៃ រ៉ង់ដា អនុប្រធានសមាគមអាដហុក និងលោកស្រី លឹម មុន្នី មន្ត្រីជាន់ខ្ពស់សមាគមអាដហុក ត្រូវបានព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក គុជ គឹមឡុង ចោទពីបទសូកប៉ាន់សាក្សី តាមមាត្រា៥៤៨ នៃក្រមព្រហ្មទណ្ឌ។
ជនត្រូវចោទទាំង៥រូបនេះ ត្រូវបានតុលាការរាជធានីភ្នំពេញ រកឃើញថា បានបញ្ចុះបញ្ចូលលួងលោម កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ មិនឲ្យនិយាយការពិតប្រាប់សមត្ថកិច្ច ចំពោះរឿងអាស្រូវផ្លូវភេទរបស់លោក កឹម សុខា ដែលបច្ចុប្បន្នជាប្រធានគណបក្សសង្គ្រោះជាតិ៕