(ភ្នំពេញ)៖ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និងជាប្រធានអនុសាខាកាកបាទក្រហមខណ្ឌមានជ័យ នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧ នេះ បានមកដល់ទីលំនៅឋានក្មេងប្រុស ដែលឪពុកម្ដាយស្លាប់ដោយសារគ្រោះថ្នាក់ចរាចរ ដើម្បីស្នើសុំយកកុមារារូបនេះ មកចិញ្ចឹមបីបាច់ជាកូនបង្កើត។
ក្នុងការជួបសំណេះសំណាលនេះ លោក ឌី រ័ត្នខេមរុណ បានសម្ដែងការសោកស្ដាយចំពោះហេតុការណ៍នេះ និងបានសម្ដែងការចូលរួមមរណទុក្ខ ដ៏ក្រៀមក្រំចំពោះសាច់ញាតិ កុមារារងគ្រោះ និងបានស្នើសុំយកកុមារាមកចិញ្ចឹមបីបាច់ជាកូនបង្កើត។ ប៉ុន្តែដោយសារជីវភាព និងម្ដាយមីងកុមារារងគ្រោះចង់បានកូនផង ទើបក្រុមគ្រួសារសម្រេចចិញ្ចឹមបីបាច់ ដោយខ្លួនឯង ហើយក្រុមគ្រួសារក៏មានចិត្តរំភើបផងដែរ នូវពេលទទួលបានដំណឹងថា លោក ឌី រ័ត្នខេមរុណ ចង់បានកូនចៅគាត់យកទៅចិញ្ចឹម ហើយសាច់ញាតិក៏សូមថ្លែង អំណរគុណ ជាពន់ពេកចំពោះទឹកចិត្តដ៏ប្រពៃថ្លៃថ្លារបស់លោក ឌី រ័ត្នខេមរុណ ផងដែរ។
ជាការរំលែកនូវមរណៈទុក្ខជាមួយក្រុមគ្រួសារសព នាព្រឹកមិញនេះ ដែលចំថ្ងៃធ្វើបុណ្យខួបគម្រប់៧ថ្ងៃផងនោះ លោក ឌី រ័ត្នខេមរុណ បានចូលរួមថវិកាចំនួន ១លានរៀល ដើម្បីរៀបចំពិធីបុណ្យខួប៧ថ្ងៃផងដែរ៕