(ភ្នំពេញ)៖ លោក គង់ មករា ប្រធានមន្ទីរ៉ែ និងថាមពលខេត្តព្រះវិហារ និងបក្ខពួកម្នាក់ទៀតឈ្មោះ នួន ផល្លី នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧នេះ ត្រូវបានលោក ធាម ច័ន្ទពិសិដ្ឋ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ សាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារម្នាក់ៗ២ឆ្នាំ ពីបទបំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត តាមមាត្រា ៥៩៧ និង៥៩៨ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៣២ ច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ។
សាលក្រមដដែល បានសម្រេចរឹបអូសប្រាក់៥,៥០០ដុល្លា និងប្រាក់រៀលមួយលានប្រាំមួយសែន ប្រគល់ទៅឲ្យដើមបណ្តឹង ព្រមទាំងរឹបអូសដីទំហំ ២០ម៉ែត្រ គុណ៧៥ម៉ែត្រដាក់ទុកជាសម្បត្តិរដ្ឋ។
លោក គង់ មករា ប្រធានមន្ទីររ៉ែ និងថាមពលខេត្តព្រះវិហារ និងបក្ខពួកខាងលើនេះ ត្រូវបានសមត្ថកិច្ចអង្គភាពប្រឆាំងអំពើពុករលួយ បញ្ជូនមកអយ្យការអមសាលាដំបូងរាជធានី នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ដើម្បីសាកសួរករណីប្រព្រឹត្តអំពើពុករលួយលក់ទ្រព្យសម្បត្តិរដ្ឋ បន្ទាប់ពីកោះហៅ ទៅសួរនាំកាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦៕