(ភ្នំពេញ)៖ ក្នុងរយៈពេល១៧ឆ្នាំមកនេះ ពោលគិតចាប់តាំងពីឆ្នាំ២០០០មក រាជរដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយឥតសំណងប្រមាណ ៥,២០៨លានយ៉េន (ជិត ៤៦លានដុល្លារអាមេរិក) ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីផ្តល់ជាអាហារូបករណ៍ជូនដល់និស្សិត និងមន្រ្តីរបស់កម្ពុជា ទៅសិក្សានៅប្រទេសជប៉ុន។ ជំនួយអាហារូបករណ៍នេះ បានចូលរួមចំណែកបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពធនធានមនុស្សនៅកម្ពុជា ក្នុងការរួមចំណែកការអភិវឌ្ឍនៅកម្ពុជា។ នេះបើតាម លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
គម្រោងជាជំនួយឥតសំណងរបស់ជប៉ុន ជួយដល់កម្ពុជា ចំនួនពីរថ្មីទៀត មានតម្លៃជិត ៦លានដុល្លារអាមេរិក ត្រូវបានចុះហត្ថលេខារវាងលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក ហូរីណូអ៊ូជិ ហ៊ីដេហ៊ីសា (Horinouchi Hidehisa) ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧នេះ។
ជំនួយឥតសំណងដែលបានចុះហត្ថលេខានាព្រឹកនេះ រួមមាន៖ ហិរញ្ញប្បទានឥតសំណង ទឹកប្រាក់ចំនួន ២៨៦លានយ៉េនជប៉ុន (ប្រហែល ២,៥ លានដុល្លារ) សម្រាប់អនុវត្តគម្រោងអាហារូបករណ៍អភិវឌ្ឍធនធានមនុស្ស (៣ឆ្នាំរំកិល) សម្រាប់ឆ្នាំសិក្សា២០១៧ និង ហិរញ្ញប្បទានឥតសំណង ទឹកប្រាក់ចំនួន ៣៦៣លានយ៉េនជប៉ុន (ប្រហែល ៣, ២៧លានដុល្លារ) សម្រាប់អនុវត្តគម្រោងអាហារូបករណ៍អភិវឌ្ឍធនធានមនុស្ស សម្រាប់ឆ្នាំសិក្សា២០១៨។
លោក ហូរីណូអ៊ូជិ ហ៊ីដេហ៊ីសា បានថ្លែងថា ជំនួយនេះ គឺជាចំណែកដ៏សំខាន់សម្រាប់អភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា ហើយមាននិស្សិតជាច្រើន ដែលបញ្ចប់ការសិក្សានៅជប៉ុននេះ បានចូលរួមបម្រើការងារតាមក្រសួងស្ថាប័ននៅកម្ពុជា។ លោក ហូរីណូអ៊ូជិ ហ៊ីដេហ៊ីសា ក៏បានបង្ហាញក្តីសប្បាយរីករាយផងដែរ ចំពោះការចូលរួមអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា។
រាជរដ្ឋាភិបាលជប៉ុន បានចាប់ផ្តើមផ្តល់ជំនួយអាហារូបករណ៍ដល់និស្សិត និងមន្រ្តីកម្ពុជាទៅសិក្សានៅប្រទេសជប៉ុនតាំងពីឆ្នាំ២០០០មកម្ល៉េះ។ និស្សិតកម្ពុជារាប់រយនាក់ បានទទួលអត្ថប្រយោជន៍ពីគម្រោងនេះ ដើម្បីបន្តការសិក្សាថ្នាក់ឧត្តម និងក្រោយឧត្តម ក្នុងជំនាញទំនាក់ទំនងអន្តរជាតិ សេដ្ឋកិច្ច ការអភិវឌ្ឍ ការអភិវឌ្ឍច្បាប់ និងតុលាការ ក្នុងចំណោមជំនាញផ្សេងទៀត។ មកដល់ឆ្នាំ២០១៦ និស្សិតកម្ពុជាចំនួន ២៧៥នាក់ បានបញ្ចប់ការសិក្សាពីកម្មវិធីអាហារូបករណ៍នេះ និងបានបម្រើការងារក្នុងវិស័យរដ្ឋ និងឯកជនក្នុងប្រទេសកម្ពុជា។
លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានលើកឡើងថា មកដល់គិតត្រឹមឆ្នាំ២០១៦ ជប៉ុនបានផ្តល់ជំនួយនេះសរុបចំនួន ៥.២០៨លានយ៉េន សម្រាប់និស្សិតកម្ពុជាចំនួន ៣៦៨នាក់ ទៅបន្តការសិក្សានៅប្រទេសជប៉ុន។ ក្នុងចំណោមនិស្សិត ទាំងនេះមាន ចំនួន២៧៥នាក់ ដែលបានបញ្ចប់ការសិក្សា និងវិលត្រលប់មកមាតុប្រទេសវិញ ហើយបាននិងកំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍកម្ពុជាលើវិស័យជាច្រើន។
លោកទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ការអភិវឌ្ឍធនធានមនុស្ស គឺជាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រោះជោគជ័យ នៃគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍប្រទេសជាតិ ត្រូវពឹងផ្អែកទៅលើចំណេះដឹង ជំនាញ និងទេពកោសល្យក្នុងការអនុវត្ត។ កម្ពុជាបានប្រែខ្លួនពីប្រទេសដែលមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប គឺដោយសាររាជរដ្ឋាភិបាលបានជ្រើសរើសមាគ៌ាអភិវឌ្ឍន៍ត្រឹមត្រូវ និងដោយមានការឧបត្ថម្ភគាំទ្រដ៏ថ្លៃថ្លាពីជប៉ុន និងពីប្រទេសដៃគូ អភិវឌ្ឍន៍ដទៃទៀត។
តាងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលជប៉ុន ដែលបានសម្រេចចិត្តបន្ត ផ្ដល់ជំនួយសម្រាប់ អភិវឌ្ឍធនធានមនុស្សនៅកម្ពុជា រយៈពេល ៣ឆ្នាំទៅមុខទៀត គឺពីឆ្នាំ ២០១៨ ដល់ឆ្នាំ២០២១។ ជំនួយតាមរយៈលិខិតប្ដូរសារ ដែលបានចុះហត្ថលេខានៅថ្ងៃនេះ គឺជាការជួយឧបត្ថម្ភបន្ថែមទៅលើកញ្ចប់ជំនួយអភិវឌ្ឍន៍ផ្លូវការជាច្រើនដទៃទៀត ដែលត្រូវបានផ្ដល់ដោយរដ្ឋាភិបាលជប៉ុននាពេលកន្លងមក។
លោករដ្ឋមន្រ្តី ប្រាក់ សុខុន បានរំពឹងថា ជំនួយនេះនឹងចូលរួមចំណែកថែមទៀតដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការកាត់បន្ថយគម្លាតការអភិវឌ្ឍរបស់ខ្លួនទាំងនៅក្នុងប្រទេស និងនៅក្នុងតំបន់៕