(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ​នៅវេលាម៉ោង១១យប់ ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧នេះ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចាកចេញពីប្រទេសកម្ពុជា ដើម្បីអញ្ជើញទៅចូលរួមវេទិកាលំដាប់ពិភពលោកមួយ នៅទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ​។ នេះបើតាមការបញ្ជាក់ របស់មន្ត្រីក្រសួងមហាផ្ទៃ។  

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ បានឲ្យដឹងថា កិច្ចប្រជុំប្រចាំឆ្នាំលើកទី២៨ នៃវេទិកា CRANS MONTANA នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៥-០៨ ខែកក្កដា។

វេទិកា CRANS MONTANA គឺជាវេទិកាជួបប្រជុំដ៏សំខាន់មួយ ដែលមានវត្តមានអញ្ជើញចូលរួម ពីសំណាក់ប្រមុខរដ្ឋ ប្រមុខរាជរដ្ឋាភិបាល រដ្ឋមន្រ្តី សមាជិកសភា ធុរកិច្ចជន និងអង្គការអន្តរជាតិជាច្រើន មកពីជុំវិញពិភពលោក ដើម្បីជួបពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមក ក្នុងស្មារតីពង្រីកកិច្ចសហប្រតិបត្តិការ ជាសកលលើវិស័យសេដ្ឋកិច្ច ជាមួយប្រទេស ដែលមានសក្តានុពលទីផ្សារ និងប្រទេសជាច្រើនទៀត នៅក្នុងតំបន់អាស៊ីកណ្តាល មជ្ឈឹមបូព៌ា អាហ្រ្វិក និងមេឌីទែរ៉ាណេ៕