(ភ្នំពេញ)៖ ដើម្បីពង្រឹងទំនាក់ទំនងយូរអង្វែង ក៏ដូចជាដើម្បីផ្ទេរចំណេះជំនាញពីក្រុមហ៊ុន អេស ស៊ី ជី ទៅឱ្យដេប៉ូចែកចាយគ្រឿងសំណង់ក្នុងប្រទេសកម្ពុជា តំណាងដេប៉ូចែកចាយផលិតផល អេស ស៊ី ជី សរុប ១៧០ នាក់ ដែលសម្រេចការលក់បានខ្ពស់ក្នុងឆ្នាំ២០១៦ ទទួលបានការចូលរួមក្នុងដំណើរកំសាន្តពិសេសរៀបចំដោយក្រុមហ៊ុន អេស ស៊ី ជី ទៅកាន់ទីក្រុងភូកេត ប្រទេសថៃ និងបានធ្វើទស្សនកិច្ចដេប៉ូ អេស ស៊ី ជី ហូមសឹលូសិន (SCG Home Solution) ដែលជាដេប៉ូសម្ភារៈសំណង់ទំនើប និងមានផ្តល់ផលិតផល និងសេវាកម្មពាក់ព័ន្ធគ្រប់ប្រភេទ ។
នៅឯដេប៉ូ អេស ស៊ី ជី ហូមសឹលូសិន (SCG Home Solution) ប្រទេសថៃ អតិថិជនមិនត្រឹមតែអាចស្វែងរកនូវផលិតផលសម្ភារៈសំណង់ ប៉ុន្តែថែមទាំងទទួលបាននូវសេវាកម្ម និងសេវាពិគ្រោះយោបល់ជាមួយអ្នកជំនាញរបស់ អេស ស៊ី ជី ផងដែរ ។ ផលិតផល និងសេវាកម្ម ត្រូវបានប្របាច់បញ្ចូលគ្នា និងផ្តល់ជូនអតិថិជននូវដំណោះស្រាយពេញលេញ រួមមានដូចជា ដំណោះស្រាយពីអ្នកជំនាញសម្រាប់បញ្ហាគ្រោងផ្ទះ ដំបូល ជញ្ជាំង បន្ទប់ទឹក ផ្ទះបាយ ពិដាន ការ៉ូ ការរៀបចំខាងក្រៅអាគារ និងដំណោះស្រាយសម្រាប់បញ្ហាទ្វារ-បង្អួចទៀតផង ។
លោក Pongdhana Dejvittayaporn ប្រធានផ្នែកលក់ និងទីផ្សារ ក្រុមហ៊ុន អេស ស៊ី ជី ស៊ីម៉ងត៍-សម្ភារៈសំណង់ប្រចាំប្រទេសកម្ពុជា បានឲ្យដឹងថា «នេះគឺជាឆ្នាំទី ២ ហើយ ដែលខាង SCG នៅកម្ពុជា បានមានឱកាសដឹកនាំអ្នកតំណាងចែកចាយ និងដេប៉ូចែកចាយគ្រឿងសំណង់មកប្រទេសថៃ ដែលឆ្នាំយើងនាំពួកគាត់ ឲ្យទទួលបានបទពិសោធន៍ដ៏ពិសេស ពីខេត្តភូកេត ព្រមទាំងធ្វើទស្សនកិច្ចដេប៉ូ SCG Home Solution ដើម្បីឲ្យពួកគាត់ទទួលបានការយល់ដឹងថ្មីៗ និងអាចបន្តអភិវឌ្ឍដេប៉ូរបស់ពួកគាត់បន្ថែមទៀត ។ កន្លងមក អេស ស៊ី ជី បានជួយដល់ដេប៉ូចែកចាយគ្រឿងសំណង់នៅកម្ពុជា ក្នុងការរៀបចំផ្លាកឈ្មោះមុខដេប៉ូ និងការតុបតែងលម្អមុខហាង ជាដើម ដែលបានជួយជំរុញឲ្យដេប៉ូបង្កើនការចែកចាយ និងធ្វើអាជីវកម្មបានកាន់តែប្រសើរឡើង» ។
ក្រុមហ៊ុន អេស ស៊ី ជី តែងបានផ្តោតលើការបង្កើតទំនាក់ទំនងល្អជាមួយរាល់ភាគីពាក់ព័ន្ធ និងដៃគូអាជីវកម្មរបស់ខ្លួន ។ គ្រប់ទីកន្លែងដែល អេស ស៊ី ជី ធ្វើប្រតិបត្តិការ ក្រុមហ៊ុនតែងកម្មវិធីលើកកម្ពស់ទំនាក់ទំនងអតិថិជនយ៉ាងច្បាស់លាស់ ដែលគាំទ្រ លើកទឹកចិត្ត និងផ្តល់សិទ្ធិអំណាចដល់តំណាងចែកចាយរបស់ខ្លួនឲ្យសម្រេចបានលទ្ធផលកាន់តែច្រើន និងលឿនជាងមុន ។
ជាមួយនឹងទឹកមុខញញឹមញញែម អតិថិជនពីកម្ពុជាម្នាក់ បាននិយាយថា «ក្នុងរយៈកាលកន្លងមកនេះ SCG បានធ្វើឲ្យមានការជិតស្និទ្ធជាមួយនឹងដេប៉ូចែកចាយទាំងអស់ ហើយមួយទៀតគឺខាង SCG បានផលិតនូវផលិតផលល្អៗ ដែលបំពេញតាមតម្រូវការរបស់អតិថិជន ។ ដំណើរកំសាន្តនេះ ពិតជាមានសារប្រយោជន៍សម្រាប់យើងខ្ញុំ យកទៅអភិវឌ្ឍដេប៉ូរបស់យើង ហើយខ្ញុំសង្ឃឹមថាខ្ញុំនឹងមានឱកាសចូលរួមក្នុងដំណើរកំសាន្តរបស់ក្រុមហ៊ុន អេស ស៊ី ជី ជាថ្មីម្តងទៀត នាពេលអនាគតឆាប់ៗ» ។
ទន្ទឹមនឹងនោះ អតិថិជនជាច្រើនទៀត ក៏បានលើកឡើងដូចគ្នាថា បទពិសោធដំណើរកំសាន្តនេះពិតជាសប្បាយ ហើយពួកគាត់សង្ឃឹមថា និងមានឱកាសចូលរួមម្តងទៀតនៅឆ្នាំក្រោយ ។
គួរបញ្ជាក់ផងដែរថា ថ្វីត្បិតកម្មវិធីដំណើរកំសាន្តសម្រាប់អតិថិជន អេស ស៊ី ជី ត្រូវបានរៀបចំមកជាច្រើនឆ្នាំមកហើយ នេះទើបតែជាឆ្នាំទីពីរប៉ុណ្ណោះ ដែលការលក់មានកម្រិតខ្ពស់ ដែលអនុញ្ញាតអោយអតិថិជនទទួលបានដំណើរកំសាន្តទៅក្រៅប្រទេស ដោយកាលពីឆ្នាំមុន អតិថិជនទទួលបានរង្វាន់ដំណើរកំសាន្តទៅទីក្រុងប៉ាតាយ៉ា ។ ឆ្នាំនេះ មានអតិថិជនកាន់តែច្រើនទទួលបានដំណើរកំសាន្តនេះ ដែលជាការបង្ហាញយ៉ាងច្បាស់ពីការរីកចំរើនរបស់ក្រុមហ៊ុន អេស ស៊ី ជី នៅកម្ពុជា» ។