(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧នេះ ​លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម ដែលទើបចូលកាន់តំណែង បានអញ្ជើញជាអធិ​បតីក្នុងពិធីប្រកាសសុពលភាព​ សមាជិកក្រុមប្រឹក្សាសង្កាត់​ និងប្រកាសឈ្មោះប្រធានក្រុមប្រឹក្សា​ ចៅសង្កាត់​ ចៅរងទី១​ ចៅរងទី២​ នៃរដ្ឋបាលសង្កាត់កំពង់ចាម​ ក្នុងអាណត្តិទី៤​​។

សូមបញ្ជាក់ថា យោងតាមលទ្ធផលផ្លូវការរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលប្រកាសកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧កន្លងទៅនេះ បានឲ្យដឹងថា សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ នៅទូទាំង១,៦៤៦ឃុំ សង្កាត់ មានចំនួន១១,៥៧២នាក់ ក្នុងនោះមានស្រ្តី១,៩៣៩នាក់។

លទ្ធផលក៏បានឲ្យដឹងដែរថា គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ទូទាំងប្រទេសសរុប៦,៥០៣អាសនៈ ស្រ្តី ១,៣៨៦អាសនៈ ក្នុងនោះមានមេឃុំ ចៅសង្កាត់ចំនួន ១១៥៦អាសនៈ ជំទប់ទី១ចំនួន១១៣៩អាសនៈ ជំទប់ទី២ ចំនួន៥១០អាសនៈ។ គណបក្សសង្រ្គោះជាតិ ទទួលបានអាសនៈក្រុមប្រឹក្សាឃុំ សង្កាត់ សរុប៥០០៧អាសនៈ ស្រ្តី៥៥៣អាសនៈ ក្នុងនោះមានមេឃុំ ចៅសង្កាត់៤៨៩អាសនៈ ជំទប់ទី១ ចំនួន៥០៣អាសនៈ ជំទប់ទី២ ចំនួន១០៨៧អាសនៈ។ គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបានអាសនៈសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់សរុប ២៨អាសនៈ ក្នុងនោះជំទប់ទី១ ចំនួន១អាសនៈ ជំទប់ទី២ ចំនួន២៦អាសនៈ។ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ទទួលបានអាសនៈសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់សរុបចំនួន៤អាសនៈ ដែលសុទ្ធតែជាជំទប់ទី២។ គណបក្សខ្មែររួបរួមជាតិ ទទួលបានអាសនៈសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់សរុប ២៤អាសនៈ ក្នុងនោះមេឃុំចំនួន១អាសនៈ ជំទប់ទី១ ចំនួន២អាសនៈ និងជំទប់ទី២ចំនួន១៦អាសនៈ។ គណបក្សសំបុកឃ្មុំ ទទួលបានអាសនៈសាមជិកក្រុមប្រឹក្សាឃុំ សង្កាត់ចំនួន១អាសនៈ ជាជំទប់ទី២។

ចំណែក គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ទទួលបានអាសនៈសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ចំនួន៥អាសនៈ ក្នុងនោះជំទប់ទី១ មាន១អាសនៈ និងជំទប់ទី២ មាន២អាសនៈ៕